កម្ពុជា-EU បង្ហាញគោលជំហររួមក្នុងការខិតខំរួមគ្នា ដើម្បីរក្សា EBA មិនឲ្យបាត់បង់ និងបន្តលើកកំពស់ទំនាក់ទំនងភាពជាដៃគូ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ៖

ប្រមុខការទូតនៃរាជរដ្ឋាភិបាលកម្ពុជា និងតំណាងភាគីនៃសហភាពអឺរ៉ុប បានបង្ហាញគោលជំហររួមក្នុងការខិតខំរួមគ្នា ដើម្បីរក្សាភាពអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ(EBA)សម្រាប់កម្ពុជា មិនឲ្យបាត់បង់នោះឡើយ បើទោះបីជាគណៈកម្មការអឺរ៉ុបកំពុងរៀបចំនីតិវិធីដាក់សម្ពាធមកលើកម្ពុជាអំពីផ្លូវសេដ្ឋកិច្ចមួយនេះ ក្រោមលេសនយោបាយលម្អៀង។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសូងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ កាលពីល្ងាចថ្ងៃទី២០ ខែមីនា លោកស្រី Paola Pampaloni នាយកគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃអគ្គនាយកដ្ឋានកិច្ចការបរទេសរបស់ គណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា នេះគឺការជួបគ្នាលើកទី១ នៅក្នុងដំណើរការនៃនីតិវិធីត្រួតពិនិត្យ និងការបង្កើនកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្របខ័ណ្ឌ EBA ហើយសហភាពអឺរ៉ុបនឹងបន្តបញ្ជូនគណៈប្រតិភូមកកម្ពុជាទៀត នៅក្នុងក្របខណ្ឌនៃកិច្ចសន្ទនានេះ។ លោកស្រី ក៏បានលើកឡើងដែរថា កិច្ចសន្ទនានេះគឺដើម្បីកំណត់ផែនទីបង្ហាញផ្លូវ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-EU នៅក្នុងដំណើរការនៃនីតិវិធី EBA ទាំងមូល។
នេះបើយោងតាមការឲ្យដឹងរបស់ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រត្តិបត្តការអន្ដរជាតិ នៅក្រោយជំនួប។