រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រាប់ដល់កម្មករ និងមន្ត្រីរាជការឈប់បារម្មណ៍អំពីបញ្ហា គ្មានលុយទៅព្យាបាលជំងឺ

វិទ្យុជាតិកម្ពុជា៖​ ដោយ លោកស្រី ប៉ុង សុភាវី ៖

រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រាប់ដល់កម្មករ និងមន្ត្រីរាជការឈប់បារម្មណ៍អំពីបញ្ហា គ្មានលុយទៅព្យាបាលជំងឺ ខណៈបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលបានបង្កើត បេឡាជាតិរបបសន្តិសុខ សង្គម ប.ស.ស ។


ថ្លែងក្នុងឱកាសប្រារព្ធពិធីបុណ្យ បញ្ចុះបឋមសិលាសាងសង់អាគារបណ្ណាល័យជាផ្លូវការ ដែលស្ថិតក្នុងភូមិស្រះពោធិ ឃុំផ្សារដេក ខេត្តកណ្តាល ជិតជើងភ្នំ អដ្ឋរស្ស ហៅភ្នំឧត្តុង នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលបានបង្កើតជា បេឡាជាតិរបបសន្តិសុខ សង្គម ប.ស.ស. ដែលជាគោល នយោបាយមួយដ៏សំខាន់ ក្នុងការជួយចេញថ្លៃពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមបន្ទីរពេទ្យរដ្ឋនិងឯកជនដែលបានសហការជាមួយប.ស.ស។


ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កិច្ចការដ៏សំខាន់នេះ បានធ្វើអោយមន្ត្រីរាជការ និងកម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាស គ្មានការព្រួយបារម្មណ៍ពីបញ្ហាលុយកាក់ទៅព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យទៀតឡើយ ព្រោះរាជរដ្ឋាភិបាល បានចេញថ្លៃអោយ តាមរយះ ប.ស.ស នេះ។
ឯកឧត្តមបានអោយដឹងទៀតថា បច្ចុប្បន្នប្រទេសកម្ពុជាយើង ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានដឹកនាំ ដោយយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចំរើន ដែលខុសពីកាលពីជាង៣៥ឆ្នាំមុន ការកសាងប្រទេស សំខាន់ដំបូងគឺការកសាងផ្លូវ ទឹក ភ្លើង ហើយធនធានមនុស្សចុងក្រោយគេ។
ឯកឧត្តម បន្តទៀតថា នៅពេលបច្ចុប្បន្ននេះវិញ ធនធានមនុស្សគឺសំខាន់បំផុត ដោយក្នុងនោះ ធ្វើការបណ្តុះបណ្តាលចំណេះវិជ្ជា នៅក្នុងសាលារៀន និងខាងក្រៅសាលានិងតាមរយះ បង្កើននូវចំណេះដឹងបន្ថែម រួមមានបណ្ណាល័យ និងទីកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ។