ខេត្តកំពត គ្រោង ពង្រីកការផលិតស៊ីម៉ងតិ៍ ដើម្បីធានាការផ្ទត់ផ្គង់ ទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា៖ ដោយ ហោ សេងគ្រី៖

រោងចក្រស៊ីម៉ងតិ៍ ចំនួនបួននៅខេត្តកំពត គ្រោងនឹងពង្រីកការផលិតស៊ីម៉ងតិ៍ អោយបាន៨០ភាគរយសម្រាប់ផ្ទត់ផ្គង់ទូទាំងប្រទេស ។

 ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានឲ្យដឹងថា ដើម្បី កាត់បន្ថយការនាំចូលស៊ីម៉ងតិ៍ពីបរទេសនោះ ចាប់ពីឆ្នាំ២០២០ តទៅរោងចក្រ ស៊ីម៉ងតិ៍ នៅខេត្តកំពតដែលមានចំនួនបួនគ្រោងនឹងអាចផលិតឲ្យបានប្រមាណប្រាំលានតោនក្នុងមួយឆ្នាំៗដើម្បីធានាបាន៨០ភាគរយនៃការប្រើប្រាស់ក្នុងស្រុក។

 ឯកឧត្តម បានបញ្ជាក់ថា ផលិតផលស៊ីម៉ងតិ៍ ខេត្តកំពតមានរោង ចក្រចំនួនបួន គឺរោងចក្រស៊ីម៉ងតិ៍ខេស៊ីមេន រោងចក្រស៊ីម៉ងតិ៍ជីបម៉ុង រោងចក្រស៊ីម៉ងតិ៍ ចក្រីទីង និងរោងចក្រស៊ីម៉ងតិ៍ថៃប៊ុនរ៉ុង។ 

នៅក្នុងជំនួបជាមួយគណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភាកាលពីរសៀលថ្ងៃទី២០ខែមីនាកន្លងទៅនេះ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា បច្ចុប្បន្នកំពុងដំណើរការបីរោងចក្រ ដោយរោងចក្ររបស់ ក្រុមហ៊ុនថៃប៊ុនរ៉ុងកំពុងធ្វើការរៀបចំកែលម្អឡើងវិញ ព្រោះប្រព័ន្ធចាស់មិនអាច ដំណើរ ការបាន។ ដូច្នេះ នៅឆ្នាំ២០២០ ខាងមុខនៅពេលរោងចក្រដំណើរការបានទាំងបួន ផលិតផលស៊ីម៉ងតិ៍ នឹងបង្កើនការផ្គត់ផ្គង់តម្រូវប្រើប្រាស់ក្របខ័ណ្ឌទូទាំងប្រទេសពី៧០ភាគរយដល់ ៨០ភាគរយ ។ 

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភាបានមានប្រសាសន៍ថា ផលិតផលស៊ីម៉ងតិ៍ នេះជាសក្តានុពលដ៏ធំធេងដែ នឹងជួយកាត់បន្ថយបរិមាណ នាំចូលស៊ីម៉ងតិ៍មកពីខាងក្រៅ៕