រាជរដ្ឋាភិបាល ប្រកាសជំហររក្សាសន្ដិភាព និងការអភិវឌ្ឍជានិច្ច

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន បូណា ៖

មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលបានប្រកាសជំហររក្សាសន្ដិភាពនិងការអភិវឌ្ឍដើម្បីធ្វើឲ្យ ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត និងប្រទេសជាតិមានភាពរុងរឿងជានិច្ច។


សម្តេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានប្រកាសជំហរទប់ស្កាត់ឲ្យបានទាន់ពេលវេលាចំពោះបុគ្គលណាមួយដែលបង្ករភាពវឹកវរ និងបង្កើតឲ្យមានភាពចលាចលដែលធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមម្ដងទៀត។
ប្រកាសជំហរនេះបានធ្វើឡើងក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងវិស្វកម្ម លេខ៩៦៣ ដែលបានបញ្ចប់បេសកកម្មនៅសាធារណរដ្ឋលីបង់ កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តី។


សម្តេចពិជ័យបានអះអាងថា ប្រជាពលរដ្ឋកម្ពុជាមិនចង់ជួបបញ្ហាអសន្តិភាព សង្គា្រមវឹកវរដូចអតីតកាលឡើយ ខណៈដែលសង្គ្រាមបានបំផ្លាញប្រទេសជាតិធ្វើឲ្យជាពលរដ្ឋវិនាសបែកបាក់ឪពុកម្ដាយ បងប្អូន និងខាតបង់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំងផងដែរ។
សម្តេចពិជ័យបានបញ្ជាក់ថា រាជរដ្ឋាភិបាលចាត់ទុកការរក្សាសន្ដិភាព និងការអភិវឌ្ឍ គឺជាគោលនយោបាយយ៉ាងសំខាន់ដើម្បីដឹកនាំប្រទេសឲ្យមានភាពរីកចំរើនជានិច្ច។ ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាលមិនត្រឹមតែរក្សាសន្ដិភាពនៅក្នុងប្រទេសនោះទេ គឺបានចូលរួមរក្សាសន្ដិភាពជាមួយអង្គការសហប្រជាតិ ដើម្បីរក្សាសន្ដិភាពនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។
សម្តេចពិជ័យបានច្រានចោលចំពោះមតិមួយចំនួន ដែលបានលើកឡើងថា កម្ពុជាបានសម្លាប់ប្រជាធិប្បតេយ្យ ខណៈកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លំាងក្នុងការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប្រជាពលរដ្ឋរស់នៅដោយមានសិទ្ធិសេរីភាព សុខក្សេមក្សាន្ត៕