ជប៉ុនផ្តល់ជំនួយ២លាន៧សែនដុល្លារសម្រាប់បង្ការគ្រោះមហន្តរាយនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន បូណា ៖


រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយ២លាន៧សែនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តន៍ គម្រោងអភិវឌ្ឍន៍មូលដ្ឋានសម្រាប់បង្ការគ្រោះមហន្តរាយ សំដៅកាត់បន្ថយផលប៉ៈពាល់នានាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិនៅកម្ពុជា។


ពិធីប្រកាសផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខាប្រគល់ និងទទួលដោយឯកឧត្តមឯក ហូរីណូ ហ៊ីដេហ៊ីសាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ជាមួយលោកស្រី ហ្វ្រែន សេសកា អ៊ីឌីម៉ាន់ តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជានាព្រឹកថ្ងៃទី២១មីនា នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណា ទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធ្វើជាសាក្សី។
ឯកឧត្តម ហូរីណូ ហ៊ីដេហ៊ីសា មានប្រសាសន៍ថា ជំនួយរបស់រដ្ឋាភិបាលជប៉ុនដែលបាន ផ្តល់នាពេលនេះ នឹងអនុវត្តសកម្មភាពនៅសហគមន៍មូលដ្ឋានក្នុងតំបន់ ដែលងាយរងគ្រោះដោយទឹកជំនន់ក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើនយន្តការកាត់បន្ថយហានិភ័យ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីអាចទទួលបានទីទួលសុវត្ថិភាព និងព័ត៌មានសង្គ្រោះជីវិតនៅពេលមានគ្រោះមហន្តរាយកើតឡើង។
ឯកឧត្តមឯកអគ្គរាជទូតបានបន្តថា ការផ្ដល់ជំនួយនេះក៏ដើម្បីគាំទ្រដំណើរការ របស់កម្មវិធីស្បៀងអាហារពិភពលោក ក្នុងការជម្លៀស និងកសាងឡើងវិញសម្រាប់ប្រជាជន និងសហគមន៍ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។
លោកស្រី ហ្វ្រែន សេសកា អ៊ីឌីម៉ាន់ តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំទី៤០ ដែលប្រជាជនកម្ពុជាបានទទួលការគាំទ្រពី កម្មវិធីស្បៀងអាហារពិភពលោក ដោយចាប់តាំងពីឆ្នាំ១៩៧៩មក។ លោកស្រីបន្តថា កម្មវិធីស្បៀងអាហារពិភពលោកបានធ្វើការដើម្បីលើកកម្ពស់សន្តិសុខស្បៀង និង អាហារូបត្ថម្ភរបស់គ្រួសារ និង សហគមន៍ដែលងាយរងគ្រោះបំផុត តាមរយៈការពារ និងការជួយដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ពួកគេ អំពីផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិនានា។លោកស្រីថា កម្មវិធីសន្តិសុខស្បៀងពិភពលោកបាន ប្តេជ្ញាជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីលើកស្ទួយសុខុមាលភាពប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដាបាន បានថ្លែងអរគុណចំពោះប្រទេសជប៉ុន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់កម្ពុជា ៕