មន្ទីរបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈផ្តល់ការអប់រំផ្នែកច្បាប់ដើម្បីលើកកំពស់សុវត្ថិភាពនិងជីវភាពកម្មករ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

មន្ត្រីនៃមន្ទីរបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈខេត្តស្ទឹងត្រែងបានចុះទៅសិប្បកម្មឡឥដ្ឋផ្តល់ការអប់រំផ្នែកច្បាប់ ដើម្បីឱ្យម្ចាស់សិប្បកម្មពង្រឹងសុវត្ថិភាពការងារជូនកម្មករ ហើយកម្មករត្រូវយកចិត្តទុកដាក់ ទទួលខុសត្រូវចំពោះការងាររបស់ខ្លួនផងដែរ ព្រោះកន្លងមក នេះនៅខេត្តកណ្តាល មានកុមារមិនគ្រប់អាយុរងគ្រោះដោយសារការងារ ។


ក្នុងឱកាសចុះផ្សព្វផ្សាយច្បាប់ការងារនៅសិប្បកម្មឡឥដ្ឋភូមិគីឡូលេខ៨នៅសង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែងកាលពី ថ្ងៃទី១៩មីនា លោក ប៊ួរ ភារុន ប្រធានមន្ទីរបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈខេត្តបានពន្យល់ថា៖ ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្មនិងគ្រឹះស្ថានឯកជននានា ដែលប្រកបអាជីវកម្មមានប្រើប្រាស់កម្មករត្រូវមានទំនួលខុសត្រូវខ្ពស់ ចំពោះជីវភាពរស់នៅរបស់កម្មករនិងហានីភ័យការងារ។លោកគាំទ្រចំពោះបងប្អូន ប្រជាពលរដ្ឋមកធ្វើកម្មករជាការល្អ ព្រោះយើងបានកាត់បន្ថយការធ្វើចំណាកស្រុក តែកម្មករខ្លួនឯង ក៍ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ ជាពិសេសកុំប្រើកូនចៅតូចតាចឱ្យធ្វើការត្រូវទុកឱកាសឱ្យទៅរៀន។

អញ្ចឹងអ្វីមកថ្ងៃនេះចង់ជម្រាបប្រាប់បងប្អូនយើងបើមានកូនតូចដែលមិនទាន់គ្រប់វ័យក្នុងការងារសុំកុំឱ្យធ្វើ ក្នុងច្បាប់ហាមដាច់ខាត អញ្ចឹងហើយមានន័យថា បងប្អូនទាំងអស់នៅទីនេះបើសិនជាមានកូនសុំឱ្យជំរុញកូនឱ្យទៅរៀនឱ្យគ្នាចេះអក្សរ ។
លោកឈុនរដ្ឋាម្ចាស់ សហគ្រាស ឡឥដ្ឋនៅភូមិគីឡូ៨សង្កាត់សាមគ្គី បានបញ្ជាក់ថា៖ចំនួន
កម្មករនៅបំរើការងារសព្វថ្ងៃនៅទីនេះមានចំនួនមិនទៀងទាត់ទេ ព្រោះបងប្អូនប្រជាពលរដ្ឋខ្លះគាត់មកធ្វើការយកប្រាក់សម្រាប់ដោះទាល់មួយរយៈតែប៉ុណ្ណោះហើយវិលទៅធ្វើស្រែចំការរបស់គាត់វិញ។
លោកថា៖រាល់ការអនុវត្តការងាររបស់កម្មករលោកបានអប់រំជាប្រចាំដើម្បីធានានិ រន្តរភាពទាំងផ្នែកការងារ នឹងលើកកំពស់ជីវភាពសុខភាពរស់នៅ។កូនៗតូចមិនទាន់គ្រប់អាយុមិនអាចឱ្យមកឡូកឡំនៅកន្លែងចង្វាក់កន្លែងធ្វើការនេះទេខ្ញុំណែនាំគាត់ជារឿយៗរាល់ថ្ងៃ..ដូចអ្នកនៅឆែបនៅអីគាត់ទើបតែមកក្រោយអញ្ចឹងណា។
លោក ញែមផ្លយ កម្មករ មកពីភូមិកាំងតេជោ ឃុំថាឡាស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានអះអាងថា៖ ម្ចាស់សិប្បកម្មបានបែងចែកការងារឱ្យធ្វើទៅតាម កម្លាំងនិងវ័យរបស់កម្មករហើយទទួលប្រាក់កម្រៃក្នុងមួយថ្ងៃចាប់ពី២ម៉ឺនទៅ៤ម៉ឺនរៀលទៅតាមជំនាញ។លោកថា៖ប្រជាពលរដ្ឋសាទរណាស់ចំពោះក្រុមការងារដែលបានមកពិនិត្យដល់សិប្បកម្មសហគ្រាសព្រោះមានប្រយោជន៍ជួយទ្រទ្រង់ចំពោះការរស់នៅរបស់កម្មករស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ផងដែរនោះ។ សូមបញ្ជាក់ថាៈ ខេត្តស្ទឹងត្រែង មានសហគ្រាស ក្រុមហ៊ុន និងគ្រឹះស្ថាននានាចំនួន ជា១០០ កន្លែង បច្ចុប្បន្នកំពុងប្រើប្រាស់កម្មករសរុបចំនួន ជាង៤០០០ នាក់ ស្រី ជាង១៥០០ នាក់ ៕