សមាគមម្រេចកំពត រំពឹងថា ទិន្នផលម្រេចកំពតនៅឆ្នាំនេះ នឹងមានការកើនឡើងជាងឆ្នាំមកន្លងទៅ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖

សមាគមម្រេចកំពត រំពឹងថា ទិន្នផលម្រេចកំពតនៅឆ្នាំនេះ នឹងកើនឡើងជាងឆ្នាំកន្លងទៅ ដោយសារអាកាសធាតុអំណោយផលដល់ដំណាំមួយនេះ គួបផ្សំមានទឹកស្រោចស្រពគ្រប់គ្រាន់។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា កសិករបានចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ ដែលអាចរំពឹងថា នឹងអាចប្រមូលផលបានចន្លោះពី៨០ ទៅ៩០តោន ក្នុងឆ្នាំ២០១៩នេះ។ លោកបន្តថា ម្រេចដែលកំពុងប្រមូលផលនេះ ស្ថិតនៅលើផ្ទៃដីដាំជាង២០០ហិកតា ។


សំឡេង៖ «ឆ្នាំនេះយើងបានព្យាករថា ទិន្នផលម្រេចនឹងអាចប្រមូលផលរហូតជាង៩០តោន ទោះបីជាពេលនេះយើងជួបអាកាសធាតុក្តៅ រាំងស្ងួត ដាច់ទឹកក៏ដោយ ក៏ប៉ុន្តែយើងបានត្រៀមស្តុកទឹកទុកសម្រាប់ស្រោចស្រពតាំងពីឆ្នាំ២០១១មកម្លះ ដោយតាមការព្យាកណ៍អាកាសធាតុ ទើបរហូតមកដល់ពេលនេះយើងមានទឹកគ្រប់គ្រាន់ ដែលមិនធ្វើឲ្យដំណាំម្រេចនេះជួបបញ្ហាឡើយ»។
លោកបន្ថែមទៀតថា មកដល់ពេលនេះតម្លៃម្រេចកំពត នៅតែរក្សាតម្លៃដដែល ដោយក្នុងនោះ ម្រេចខ្មៅមានតម្លៃ១៥ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈម្រេចក្រហម មានតម្លៃ២៥ដុល្លារ ក្នុងមួយគីឡូក្រាម និងម្រេចស ក្នុងមួយគីឡូក្រាម មានតម្លៃ២៨ ដុល្លារ ។ លោកថា ម្រេចកំពត ត្រូវបានសហគមន៍ចុងភៅនៅប្រទេសបារាំង និងអឺរ៉ុប ទទួលស្គាល់ថា ជាម្រេចដែលមានគុណភាពខ្ពស់ជាងគេលើពិភពលោក បន្ទាប់ពីបានវាយតម្លៃទៅលើការដាំដុះតាមលក្ខណៈធម្មជាតិ ដោយមិនប្រើប្រាស់ជីគីមី ឬថ្នាំគីមីសម្លាប់សត្វល្អិត និងកត្តាភូមិសាស្ត្រនៅតំបន់ជិតមាត់សមុទ្រ ។
សូមបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០១៩នេះ សមាគមម្រេចកំពត មានផ្ទៃដីដាំដុះនៅក្នុងស្រុកកំពង់ត្រាច ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត ព្រមទាំងនៅស្រុកដំណាក់ចង្អើរ និងក្រុងកែប ខេត្តកែប៕