ក្រសួងការបរទេសបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ — តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ អមដំណើរដោយលោកជំទាវ គីម ជុង ស៊ុក (Kim Jung-sook) បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម មូន ចេអ៊ីន និងលោកជំទាវ បានចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ និង ស្តូបព្រះបរមរតនៈកោដ្ឋ ព្រះវរាជបិតាជាតិខ្មែរ អញ្ជើញចូលរួមពិធីលាងសាយភោជន៍ដែល រៀបចំឡើងដោយ ព្រះករុណា ព្រះមហាក្សត្រ និងពិសាភោជនាហារស្និទ្ធស្នាលពេល ល្ងាច ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឯកឧត្តមប្រធានាធិបតីមូន ចេអ៊ីន ក៏បានជួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ដែលក្នុងអំឡុងពេលនោះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាក្នុងបរិយាកាសដ៏កក់ក្តៅ ហើយ សម្រេចបាននូវជំហររួមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលរួមមាន ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏ធំ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលជាង២០ឆ្នាំ គិតចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៧ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែមានភាពស៊ីជម្រៅ និងធំទូលាយថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េដែលត្រៀមខ្លួនបង្កើនការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងបានគាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការបន្ត និរន្តរភាពនៃដំណើរការអភិវឌ្ឍន៍ស្របតាមមាគ៌ាប្រជាធិបតេយ្យ។

ក្នុងសេចក្ដីប្រកាសបានកត់សម្គាល់ឃើញថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ប៉ុន្តែនៅមិនទាន់សក្តិសមនឹងសក្តានុពល សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាជំរុញពាណិជ្ជកម្មទ្វេភាគីថែមទៀត តាមរយៈការពង្រីកច្រកទីផ្សារសម្រាប់ផលិតផលរបស់កម្ពុជា ជាពិសេសផលិតផលកសិកម្ម។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែមានលក្ខណៈអំណោយផលថែមទៀត ដើម្បីទាក់ទាញការវិនិយោគពីសាធារណរដ្ឋកូរ៉េឱ្យបានកាន់តែច្រើននៅលើវិស័យ ដែលមានគុណប្រយោជន៍ប្រៀបធៀប ស្របតាមគោលនយោបាយជម្រុញពិពិធកម្មសេដ្ឋកិច្ច និងអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជាតិទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះស្ថានភាពនៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងវត្តមានស្ថាប័នហិរញ្ញវត្ថុរបស់សាធារណរដ្ឋកូរ៉េចំនួន១៧ នៅកម្ពុជា ដើម្បីគាំទ្រការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ នៅកម្ពុជា និងសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរមានការរីករាយ ដោយកត់សម្គាល់ឃើញនូវកំណើនការប្រាស័្រយទាក់ ទងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ តាមរយៈកំណើនការផ្លាស់ប្តូរទេសចរណ៍ និងធុរកិច្ច ក៏ដូចជាការកើនឡើងនៃចំនួនពលរដ្ឋកម្ពុជាធ្វើការងារនៅសាធារណរដ្ឋកូរ៉េ ដែលដើរតួជាគ្រឹះមូលដ្ឋានដ៏រឹងមាំសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយឋាមភាពរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងទំនាក់ទំនងជាដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានាធិបតី មូន ចេ អ៊ីន បានឯកភាពធ្វើការរួមគ្នាដើម្បីលើកកម្ពស់ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សាធារណរដ្ឋកូរ៉េ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរចំពោះសាធារណរដ្ឋកូរ៉េ ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១ តភ្ជាប់ជាមួយកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងជាដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េនៅចុងឆ្នាំ២០១៩។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាស៊ីជម្រៅលើបញ្ហាឧបទ្វីបកូរ៉េ និងមានទស្សនៈរួមគ្នាថា កិច្ចប្រជុំកំពូលអន្តរកូរ៉េទាំងបីលើក នៅឆ្នាំ២០១៨ និងកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានបើកផ្លូវសម្រាប់របបសន្តិភាពអចិន្រ្តៃយ៍ និងការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងយល់ថាកិច្ចសន្ទនាបែបនេះ គួរត្រូវបានលើកទឹកចិត្តថែមទៀត។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញបានឆាប់នូវការចុះកិច្ចព្រមព្រៀង សី្តពីការផ្តល់ជំនួយផ្លូវច្បាប់ទៅវិញទៅមក និងការជៀសវាងយកពន្ធត្រួតគ្នា។ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរ បានធ្វើជាសក្សីនៃពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ក្នុងចំណោមឯកសារចំនួន៧ដែលបានសម្រេច ក្នុងអំឡុងពេលទស្សនកិច្ចនេះ រួមមាន ទី១. កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០១៩-២០២០។ ទី២.កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់ គម្រោងបង្កើតមន្ទីរពេទ្យសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។ ទី៣. អនុស្សរណៈ ស្តីពីគម្រោងផ្គត់ផ្គង់ថាមពលសម្រាប់ប្រព័ន្ធបណ្តាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយ៍សាក អាគុយនៅកម្ពុជា។ ទី៤. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញការវិនិយោគពីកូរ៉េ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារជម្រុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ។ ទី៥. អនុស្សរណៈនៃការយោគយល់គ្នាសី្តពីកិច្ចសហប្រតិបតិ្តការ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្រ្ត និងសង្គមសាស្រ្ត សាធារណរដ្ឋកូរ៉េ។ ទី៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែ លម្អផ្លូវជនបទ ដំណាក់កាលទី៣ ទី៧. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងទីភ្នាក់ងារជំរុញពាណិជ្ជកម្ម វិនិយោគកូរ៉េ និងសមាគមអ្នកសាងសង់កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសម្ភារ និងឧបករណ៍សំណង់។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានថ្លែងសុន្ទរកថារួមគ្នានៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលមានអ្នកចូលរួមពីវិស័យឯកជនកម្ពុជា និងកូរ៉េ ចំនួនជាង៣០០នាក់។ នៅក្នុងកម្មវិធីដោយឡែក ជំទាវ គីម ជុងស៊ុក បានជួបសំណេះសំណាលជាមួយសហគមន៍កូរ៉េ និងបានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបន្ទាយព្រាប ក្នុងខេត្តកណ្ដាល។ មុនពេលចាកចេញពីកម្ពុជា នៅថ្ងៃទី ១៦ ខែមីនា ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។

ក្នុងសេចក្ដីប្រកាសបានបន្ថែមថា ព្រះរាជាណាចក្រកម្ពុជា វាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា របស់ ឯកឧត្តម ប្រធានាធិបតី មូន ចេអ៊ីន និងលោកជំទាវ ដែលនឹងលើកកម្ពស់ចំណងទាក់ទងទ្វេភាគីឱ្យកាន់តែខ្ពស់ឡើងថែមទៀត និងផ្តល់ថាមពលកាន់តែខ្លាំងដល់កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ស្របតាមគោលនយោបាយទិសខាងត្បូងថ្មីរបស់សាធារណរដ្ឋកូរ៉េ សំដៅជំរុញវិបុលភាពរួម បង្កើនការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន និងសន្តិភាពអចិន្រ្តៃយ៍នៅក្នុងតំបន់៕

ដោយ អ៊ុន រិទ្ធី