ប្រមុខរាជរដ្ឋាភិបាលប្រកាសផ្ដល់នូវកាដូឆ្នាំថ្មី ជាស្ពានឆ្លងកាត់ទន្លេសាប និងផ្លូវ ជូនដល់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងខេត្ដកំពង់ធំ

AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសផ្ដល់នូវកាដូឆ្នាំថ្មី​ជូនដល់ប្រជាពលរដ្ឋខេត្ដកំពង់ឆ្នាំង និងខេត្តកំពង់ធំ នូវការ​ស្ថាប​នា​ស្ពានឆ្លងកាត់ទន្លេសាប និងផ្លូវ ដែលមានប្រវែងជាង ៥៧គីឡូម៉ែត្រ ដើម្បីតភ្ជាប់ប្រព័ន្ធគម​នា​​គមន៍រវាងខេត្តទាំងពីរ ក៏ដូចជាសម្រួលដល់ការធ្វើដំណើរ និងការផ្លាស់ប្ដូរសេដ្ឋកិច្ច លើ​ក​កម្ពស់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងខណៈសម្ដេចតេជោអញ្ជើញជាអធិបតី ជាមួយសម្ដេចកិត្តិព្រឹ​ទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន ​ក្នុង​ពិ​ធី​បើកបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ«ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជា​ជន និង​ទេ​ស​ចរ​ណ៍​​» កាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង សម្ដេច តេជោ​ ហ៊ុន សែន បានមានប្រសា​សន៍​​​​​ថា​ ការកសាងដស្ពាននេះ ត្រូវឆ្លងកាត់នូវការសិក្សា​ឡើងវិញ ដោយក្រសួង​សាធារណការ និងដឹកជញ្ជូន ជាមួយនឹង​ក្រុម​ហ៊ុន​សាងសង់ ដែល ថ្ងៃនេះសម្ដេចតេជោសូមប្រកាសទៅកាន់ប្រជាពលរដ្ឋនៅខេ្តតកំពង់ឆ្នាំង និងខេត្តកំពង់ធំថា សម្ដេច​សម្រេចចិត្ត ផ្ដល់ការអនុញាតឱ្យសាងសង់ ស្ពាន និងផ្លូវតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ។

សម្ដេចតេជោបានថ្លែងថា ផ្លូវនេះមានចម្ងាយជាង៥៧គីឡូម៉ែត្រ ដែលតភ្ជាប់​ពីស្រុកកំពង់លែងនៃខេត្ដកំពង់ឆ្នាំ​ង​ ទៅកាន់ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ ហើយដែលយើង ត្រូវធ្វើស្ពានដែលវែងជាងគេ​នៅក្នុង​ប្រ​ទេ​​សកម្ពុជារបស់យើង ដែលស្ពាននេះមានប្រវែ​ងរហូត​ទៅដល់ ៣.៩០០ម៉ែត្រ ដែលឆ្លងដៃ​ទ​ន្លេ​​​ទាំងបី គឺទីមួយ ទន្លេសាបក្រោម ទីពីរ ទន្លេជ្រោយ​បុស្ស និងទីបី ទន្លេកំពង់ហាវ។ នេះ​គឺ​ជា​​ការធ្វើស្ពាន ដើម្បីកំឱ្យមានការប៉ះពាល់ទៅលើការ​ចរាចរណ៍ផ្លូវទឹក ក៏ដូចជាទាក់ទងទៅ​នឹង​ចរា​ចរណ៍មច្ឆាជាតិ។ ឯចំណែកផ្នែកខាងលើគឺពុំមាន​ផល​ប៉ះពាល់នោះទេ ដោយសារមានតួ​ផ្លូវ​រួច​ស្រេច​ហើយ។

សម្ដេចតេជោថ្លែងទៀតថា  ចំណុចនេះវាមិនគ្រាន់តែជាផលប្រយោជន៍​របស់អ្នក​ខេត្ត​​កំពង់ឆ្នាំង និងអ្នកខេត្តកំពង់ធំទេ ក៏ប៉ុន្តែសម្រាប់ប្រជាជននៅទូទាំងប្រទេស បន្ទាប់​ពី​ស្ពា​ន​ និងផ្លូវមួយខ្សែនេះបានសាងសង់​រួចរាល់។ សម្ដេចតេជោសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង និងទទួ​ល​​បាននូវផលប្រយោជន៍ ពីគម្រោងមួយនេះ ដែលយើងបានសិក្សាជាក់លាក់រួចមក​ហើយថា មិន​មានផលប៉ះពាល់ ណាមួយបំផ្លាញទៅដល់ធនធានធម្មជាតិ ឬក៏បង្វែរចរន្តទឹក ដែលនឹងធ្វើឱ្យ​ស្ទះ​​នូវ​ចរាចរណ៍​ផ្លូវទឹក និងការបម្លាស់ទីរបស់មច្ឆាជាតិនោះទេ។ នេះជាការដូរឆ្នាំថ្មីជូន​ប្រជា​ពល​រដ្ឋ​ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

បើតាមការលើកឡើងរបស់ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​​ល រដ្ឋមន្ត្រីក្រសួងសា​ធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវ ស្ពាន​ជា​ប្រ​វត្តិ​​សាស្ត្រននេះ រួមមាន​ការសាង​សង់​ផ្លូវ​​ប្រវែង៥៧គីឡូម៉ែត្រ និងស្ពានឆ្លងកាត់បឹង​ទន្លេសា​ប​ជិត​៤គីឡូម៉ែត្រ បានសិក្សា​លំអិត​រួច​រាល់​អស់ហើយ នៅតែរង់ចាំថវិកាប៉ុណ្ណោះ ដែលគ្រោង​ចំ​ណា​យ​ថវិ​កា​ប្រមាណជាង២០០លាន​ដុល្លារ​អា​ម៉េរិក អាចនឹងប្រើថវិកាកម្ចីរបស់ប្រទេសចិន៕

ដោយ ជឹម ណារី