សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋសន្សំសំចៃទៅលើការប្រើប្រាស់ទឹក និងថាមពលអគ្គិសនី

AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ — រមុខរាជរដ្ឋាភិបាលកម្ពជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​អំ​ពាវ​នាវ​ដល់​ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យមានការសន្សំសំចៃទៅលើការ​ប្រើប្រា​ស់​​ទឹក និងថាមពលអគ្គិសនី ក្នុងខណៈដែលគ្រោះរាំងស្ងួតអាចអូសបន្លាយ​រហូតដល់​ខែមិ​ថុ​នា​​ ខាងមុខនោះ។

ក្នុងខណៈសម្ដេចតេជោអញ្ជើញជាអធិបតី ជាមួយសម្ដេចកិត្តិព្រឹ​ទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន ​ក្នុង​ពិ​ធី​បើកបុណ្យទន្លេលើកទី ៥ ក្រោមប្រធានបទ«ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និង​ទេ​ស​ចរ​ណ៍​​»  កាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង សម្ដេចតេជោនាយករដ្ឋ​មន្ត្រីបាន​អំពាវនាវឱ្យប្រជាពលរដ្ឋ ឱ្យមានការខិត​ខំសន្សំសំ​ចៃទៅ​លើ​កា​រ​ប្រើ​ប្រាស់ទឹក ទាំងនៅទីក្រុង ក៏ដូចជានៅជនបទ ដោយសារឆ្នាំនេះជាឆ្នាំដែលរាំង​ស្ងួតក្នុង​រ​យៈ​​​ពេលវែង ហើយអាចអូសបន្លាយរហូតទៅដល់ខែមិថុនា ឯណ្ណោះ។

សម្ដេចតេជោបន្តថា  សម្រា​ប់​វិស័យ​អគ្គិសនី មក​ដល់ពេលនេះ ក្រសួងរ៉ែ និងថាមពល ក៏ដូចជាក្រុមហ៊ុន​អគ្គិសនី​​បាន​ឱ្យ​ដឹង​ថា មកដល់ពេលនេះ ម៉ោងនេះ យើងចាប់ផ្ដើមខ្វះអគ្គិសនីរហូតទៅដល់ ៤០០ មេហ្គាវ៉ាត់​តែ​ម្ដង។ ពេលនេះយើងកំពុងតែរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហា ហើយ សម្ដេចតេជោក៏​សូ​​ម​យកឱកាសនេះអំពាវនាវឱ្យអ្នកដែលមានម៉ាស៊ីនភ្លើង បញ្ចេញម៉ាស៊ីន​ភ្លើង​មកប្រើប្រាស់​ដើ​ម្បី​ផ្គត់ផ្គង់តាមលំនៅឋានក្ដី និងនៅតាមសណ្ឋាគារក្ដី ឬកន្លែងដែលខ្លួន​ធ្វើអាជីវកម្មក្ដី ដើ​ម្បី​ជួ​យទប់ទល់ជាមួយគ្នា។ សម្ដេចតេជោបានឱ្យដឹងដែរថា “យើងកំពុង​តែរង់ចាំ នូវការឆ្លើយ​តប​ពី​សាធារណរដ្ឋតួកគី ដើម្បីនាំមកនូវនាវាដែលផ្ទុកដោយម៉ាស៊ីនភ្លើង សម្រា​ប់បញ្ឆេះយកចរន្ត​អ​គ្គិ​ស​នី​មកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជារបស់យើង ក្នុងរយៈពេល​ប៉ុន្មានខែនេះ។ ព្រោះថា​ប្រ​ទេសរបស់យើងមួយភាគធំ ប្រើប្រាស់ថាមពលវារីអគ្គិសនីដែល​ប្រើដោយទឹក ឥឡូវ​ទឹក​នោះ​វារីង ដូច្នេះវារីអគ្គិសនីបញ្ចេញថាមពលបានកម្រិតទាប។” ជាមួយគ្នានេះ សម្ដេចតេជោក៏សូមអំពាវនាវឱ្យ​ប្រជា​ពលរដ្ឋរបស់យើងផ្ដល់ការយោគយល់​អធ្យាស្រ័យនូវក្នុងករណីដែលទីកន្លែងខ្លះ​មាន​កា​រ​​​ដាច់​ចរន្តអគ្គិសនី ទីកន្លែងខ្លះមានការខ្វះ​អគ្គិសនី ហើយក៏សូមឱ្យប្រជាពលរដ្ឋរបស់យើង​ដែ​ល​​មានម៉ាស៊ីនភ្លើង អាចនឹងប្រើប្រាស់​ជំនួស​នៅពេលដែលមានការដាច់ចរន្តអគ្គិសនី ឬត្រូវ​ការកាត់ចរន្តអគ្គិសនីជាដើម។

សម្ដេចតេជោបានថ្លែងទៀតថា នេះជាការសុំអង្វរកដើម្បីផ្ដល់​ការយោគ​យ​​ល់​ចំពោះរាជ​រដ្ឋាភិបាលទៅលើបញ្ហាដ៏លំបាក ហើយក៏សូមឱ្យមានការសន្សំសំចៃទៅលើការ​ប្រើ​ប្រាស់​ចរន្តអគ្គិសនីនៅគ្រប់ទីកន្លែង។ ក្រៅពីនេះ យើងសន្សំសំចៃទៅលើការប្រើប្រាស់ទឹកផង និង​យើ​ង​សន្សំសំចៃទៅលើការប្រើប្រាស់ចរន្តអគ្គិសនីផង ដើម្បីជួយដោះស្រាយបញ្ហា​ទាំងអស់​នៅ​ក្នុ​ង​​ប្រទេសរបស់យើង។ ការខ្វះចរន្តអគ្គិសនី៤០០មេហ្គាវ៉ាត់ គឺវាច្រើនណាស់​សម្រាប់ការ​ខ្វះ​ខា​ត​​នាពេលបច្ចុប្បន្ន ហើយវានឹងអាចមានទំហំធំលើសពីនេះទៅទៀត ហើយយើងកំពុង​តែ​ខិត​ខំ​ដោះ​​ស្រាយបញ្ហា។ សម្ដេចតេជោបានបន្ថែមទៀតថា ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃ​រាជរដ្ឋាភិបាល នៃព្រះរាជា​ណា​ច្រកម្ពុ​ជា​ អំពាវនាវសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងអាជីវករទាំងអស់ សូមមេត្តា​យោគ​យ​ល់​ ហើយបញ្ចេញនូវម៉ាស៊ីនភ្លើង ឬទិញនូវម៉ាស៊ីន​ភ្លើង ដើម្បីដាក់ប្រើប្រាស់បន្ត ហើយ​យើង​នឹង​​ខិតខំដោះស្រាយបញ្ហានេះបន្តទៀត ដែលធម្ម​ជាតិមិនយោគយល់សម្រាប់យើង៕

ដោយ ជឹម ណារី