ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរស្ដេចយាងទៅពិនិត្យ​ព្រះរាជសុខភាពនៅប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ — ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​​ចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុ​ង​​សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបាន​សព្វ​​ព្រះរាជហឬទ័យ ស្ដេចយាងចាកចេញពីកម្ពុជាហើយ នាព្រឹក ថ្ងៃអាទិត្យ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ តាម​ព្រះ​ទី​នាំង​យន្ត​ហោះ​​​​ពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង​នៃសាធារណរដ្ឋប្រជា​មានិតចិន ដើ​ម្បី​គង់​ប្រ​ថាប់​ពិ​និ​​ត្យ និង​ព្យាបាលព្រះរាជសុខភាពមួយរយៈនៅទីនោះ។យាង និងអញ្ជើញជូនព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេដល់ព្រលានយន្តហោះ​អន្តរ​ជា​​​​តិ​​​ភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គម​ហា​​​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ក​​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចក្រឡាហោម ស ខេង ឧប​នា​​យករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្ត្រី​​ក្រសួងការពារជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងព្រះរាជវង្សា​នុ​​វង្សជាច្រើនរូប​ទៀត។ ដោ​​យឡែកឯកអគ្គរដ្ឋ​ទូត​នៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំកម្ពុជា ក៏មានវត្តមាន​ក្នុងឱកាស​នោះ​ដែរ។

ក្នុងព្រះរាជសារចុះថ្ងៃទី១៦  ខែមីនា ឆ្នាំ២០១៩ ផ្ញើជូនជនរួមជាតិ របស់ព្រះករុណា​ព្រះ​ម​​​​ហា​ក្សត្របានគូសបញ្ជាក់ថា “ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និងសម្ដេចព្រះមហាក្សត្រី ព្រះ​វរ​រាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និង​អនុ​ញ្ញា​ត​ពី​សម្ដេ​ច​ព្រះ​អគ្គមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោក​ជំ​ទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ​ទាំង    ​អ​ស់​ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩តទៅ ធ្វើដំណើរ​ទៅ​ទីក្រុងប៉េ​កាំ​ង​ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ ​នៅក្នុងឱកាស​អ​វ​ត្ត​​​មានទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ធ​សភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈ ជាប្រមុខរដ្ឋស្ដីទី នៃព្រះរា​ជា​ណា​ចក្រកម្ពុជា។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរសម្ដេចព្រះអគ្គមហាសង្ឃរាជ​ទាំ​ង​​ពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្ដេច ឯកឧត្ដម លោក​ជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជន​រួម​ជាតិ​ទាំង​​អស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀង​ឃ្លាត​ឡើ​យ​»។

គួរបញ្ជាក់ដែរថា នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់ របស់ព្រះករុណា​ ព្រះ​មហា​ក្ស​ត្រ និងសម្ដេចព្រះមហាក្សត្រី រៀងរាល់៦ខែម្ដងទៅកាន់រាជធានីប៉េកាំងនៃ សាធារណរដ្ឋ​ប្រជា​មា​និ​តចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព៕

ដោយ ជឹម ណារី