ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ត្រៀមរៀបចំព្រឹត្តិការណ៍ “មហាសង្រ្កាន្ដខ្មែរនៅកូរ៉េលើកទី៣ ឆ្នាំ២០១៩”

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖សាធារណរដ្ឋ​កូរ៉េ​៖​ មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ បាន​អោយ​ដឹង​ថា​ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថានទូតកម្ពុជា សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សាលាក្រុងអានសាន និងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ បានរៀបចំព្រឹត្តិការណ៍មហាសង្រ្កាន្ដខ្មែរនៅកូរ៉េជាលើកទី៣ នៅថ្ងៃអាទិត្យ ទី១០ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។

បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េ នឹងបានជួបជុំសប្បាយរីករាយជាថ្មីជាមួយព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ជាមួយកម្មវិធីកាន់តែថ្មីល្អប្លែក ដូចជាពិធីសាសនា ក្បួនព្យុះហយាត្រាសិល្បៈប្រពៃណីខ្មែរ ការលេងល្បែងប្រជាប្រិយ៍ និងទស្សនាការតាំងពិពណ៌ម្ហូប អារហារ នំបង្អែមខ្មែរ ហើយជាពិសេសសប្បាយរីករាយជាមួយនឹងក្រុមសិល្បៈករ សិល្បៈការិនី មកពីព្រះរាជាណាចក្រកម្ពុជា និងក្រុមសិល្បៈខ្មែរនៅប្រទេសកូរ៉េ។ តើបងប្អូនបានត្រៀមខ្លួនហើយឬនៅ កុំភ្លេចណាចូលរួមដោយសេរីទាំងអស់គ្នា!


ព្រឹត្តិការណ៍នឹងរៀបចំឡើងនៅទីក្រុងអានសាន ពហុកីឡដ្ឋាន WA Stadium ជិះតាមខ្សែរថភ្លើងលេខ ៤ ចំណត ឈូជី ច្រកលេខ១ បត់ស្ដាំ ដើរត្រង់ចម្ងាយត្រឹមតែ 400ម។


– សូមស្វាគមន៍មកកាន់ព្រឹត្តិការណ៍មហាសង្រ្កាន្ដខ្មែរនៅកូរ៉េឆ្នាំ២០១៩