ចំនួនជនរងគ្រោះដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មានការកើនឡើង

វិទ្យុជាតិកម្ពុជា៖ដោយ ហោ សេងគ្រី៖

អាជ្ញាធរមីនកម្ពុជា បានបង្ហាញចំនួនជនរងគ្រោះដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩នេះថាមានកើនឡើងដោយមានការសង្ស័យថាមានការទន្ទ្រានយកដី នៅក្នុងតំបន់ មានគ្រាប់មីន ការរុករកអនុផលព្រៃឈើ ការដើរបាញ់សត្វព្រៃខុសច្បាប់ រួមនិងការកែច្នៃគ្រាប់មិនទាន់ផ្ទុះ ជាដើម។

បានចេញសេចក្តីប្រកាសពត៌មានអាជ្ញាធរមីនកម្ពុជាបានបញ្ជាក់ថា៖ចាប់តាំងពីខែមករា មកដល់ត្រឹមថ្ងពាក់កណ្ដាលខែមីនាឆ្នាំ២០១៩ មានជនរងគ្រោះស្លាប់ ពិការនិងរងរបួសដោយសារគ្រាប់មីន ចំនួន២៩នាក់ ពិសេសគ្រាន់តែរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ខែមីនា មានជនរងគ្រោះដោយសារគ្រាប់មីនចំនួន៤ករណី នៅក្នុងខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ២ករណីនិង១ករណីទៀត នៅខេត្តរតនៈគីរី បណ្ដាលឱ្យមនុស្សចំនួន៥នាក់រងគ្រោះ ។ក្នុងនោះ មនុស្ស២នាក់ស្លាប់និង៣នាក់ផ្សេងទៀតរងរបួស។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំដែងការសោកស្ដាយ ព្រមទាំងអាណិតអាសូរជាទីបំផុត ជាមួយក្រុមគ្រួសារនិងសាច់ញាតិ ទាំងអស់របស់ជនរងគ្រោះដោយសារគ្រាប់មីនទាំងនោះ។


អាជ្ញាធរមីន កម្ពុជា បានអំពាវនាវ ដល់ពលរដ្ឋ ដែលរស់នៅជិតតំបន់គ្រាប់មីន មិនត្រូវកែច្នៃគ្រឿងផ្ទុះ ឬក៏ប្រកបមុខរបរជាមួយគ្រឿងផ្ទុះទេ។ សូមកុំដើរបរបាញ់សត្វព្រៃ ឬក៏រុករកអនុផលព្រៃឈើ នៅក្នុងតំបន់ដែលសង្ស័យថាមានគ្រាប់មីន និងមិនត្រូវប្រើគ្រឿងចក្រធុនធ្ងន់ ចូលទៅរុករានដីព្រៃ ដើម្បីធ្វើស្រែ ចំការ នៅតំបន់ដែលមិនទាន់បោសសំអាតមីនឡើយ៕