ក្រសួងសាធារណការ គ្រោង ពង្រីកទំហំផ្លូវជាតិលេខ៧ពីស្គន់ទៅថ្នល់ទទឹង

វិទ្យុជាតិកម្ពុជា៖ដោយ ហោ សេងគ្រី៖

ក្រសួងសាធារណការ និងដឹកជញ្ជួន គ្រោងនឹងពង្រីកទំហំផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទៅកាន់ចំណុចថ្នល់ទទឹងជាប់ផ្លូវជាតិលេខ១១ ខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់ថវិការបស់ធនាគារ ពិភពលោក ដែលបច្ចុប្បន្នគម្រោងមួយនេះកំពុងរៀបចំដាក់ឲ្យ ដេញថ្លៃ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួនបានមានប្រសាសន៍ថា ខេត្តកំពង់ចាមឆ្នាំ២០១៩នេះទទួលបានគម្រោងចំនួន ១០ ដើម្បីជួសជុលថែទាំផ្លូវដែលជាថវិកាជាតិសរុបចំនួនប្រមាណ ប្រាំមួយលាន ដុល្លារអាមេរិក។
ឯកឧត្តម បន្តថា ក្រសួងគ្រោងនឹងពង្រីកទំហំផ្លូវជាតិលេខ៧ ពីទទឹង ៩ម៉ែត្របច្ចុប្បន្ន ឲ្យបាន ១១ ម៉ែត្រ ដើម្បីឲ្យបានធំទូលាយ ចាប់ពីរង្វង់មូលស្គន់ជាប់ផ្លូជាតិលេខ៦ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ទៅដល់ចំណុចថ្នល់ទទឹងជាប់ផ្លូវជាតិលេខ១១ ក្នុងខេត្តត្បូងឃ្មុំ មានចម្ងាយជាង ៥០គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិការបស់ធនាគារពិភពលោក ដែលបច្ចុប្បន្ននេះយើងកំពុងរៀបចំដាក់ឲ្យដំណើរការដេញថ្លៃ។
ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៤ មីនាឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា ផ្លូវជាតិលេខ៧ ដដែលនេះ ចាប់ពីខេត្តក្រចេះ ទៅកាន់ខេត្តស្ទឹងត្រែងយើងបានសាងសង់ និងពង្រឹងគុណភាពរួចរាល់ហើយ។ ឥឡូវយើងកំពុងចរចាជាមួយភាគីប្រទេសចិន ឲ្យជួយស្ថាបនាដល់ប្រទេសឡាវតភ្ជាប់ជាមួយផ្លូវលេខ១៣ របស់ប្រទេសនេះ គឺជាផ្លូវអាស៊ានហាយវ៉េទី ១១៕