អាជ្ញាធរខេត្តស្ទឹងត្រែងឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបទបញ្ឈប់ការចោលសំរាមរាយប៉ាយ

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ានគឹមហឿន ខេត្តស្ទឹងត្រែង ៖

អាជ្ញាធរខេត្តស្ទឹងត្រែងលើកទឹកចិត្ត ប្រជាពលរដ្ឋឱ្យផ្លាស់ប្តូរឥរិយាបទ បញ្ឈប់ការចោលសំរាមរាយប៉ាយ ហើយងាកមកនាំគ្នាស្រឡាញ់បរិស្ថានរស់នៅ ដើម្បីទីក្រុងស្អាត ព្រោះនៅឆ្នាំ២០២១យើងធ្វើការប្រកួតប្រជែងទីក្រុងស្អាត សារជាថ្មី យកពាន រង្វន់ផ្ការំដួល ឱ្យបាន២ទង ។


ក្នុងឱកាសប្រារព្វទីវាទីក្រុងស្អាតលើកទី០៧ ក្រោមប្រធានបទ(ទីក្រុងស្អាត-ទីក្រុងផ្តល់ភាពកក់ក្តៅ)នៅខេត្តស្ទឹងត្រែងកាលពី ថ្ងៃទី១៤មិនា ឯកឧត្តមម៉ុម សារឿន អភិបាលខេត្ត មានប្រសាសន៍ថា៖យើងទាំងអស់គ្នាត្រូវធ្វើឱ្យមូលដ្ឋានរស់នៅស្អាត ពេលនោះទីក្រុងយើងក៍ស្អាតដែរ ព្រោះភាពស្អាត ភាពបៃតង វាបានលើស្ទួយដល់វិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលេងខេត្តស្ទឹងត្រែងឱ្យបានច្រើន។


លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថាៈ ថ្ងៃនេះមានវត្តមានថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្សជាង១ពាន់នាក់ បានធ្វើសកម្មភាពសំអាតបរិស្ថានទីក្រុង ដើម្បីលើកកម្ពស់សោភណ្ឌភាព ធ្វើឱ្យទីក្រុងស្អាត។
(សំឡេង)អញ្ជឹងទាំងអស់ហ្នឹងជាការរួមចំណែក មួយក្នុងការពញ្ញាក់អារម្មណ៍ឲ្យបងប្អូនយើងទាំងអស់គ្នា ចូលរួមសំអាតអនាម័យ បានន័យថាធ្វើឲ្យស្អាតព្រោះ ថាទីក្រុងដែលស្អាតគឺត្រូវតែផ្តើមចេញពីយើងទាំងអស់គ្នាតែម្តង។
លោក វរៈសេនីឯក ឃុន វណ្ណា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្តស្ទឹងត្រែង បានគាំទ្រចំពោះការលើកឡើងនេះ ហើយកត្តាសំខាន់ជាងនេះទៀតបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងក្រុង ត្រូវដើរតួមុនគេ ក្នុងការសំអាតបរិស្ថាន ហ៊ានផ្លាសប្តូរទំលាប់ឈប់ចោលសំរាមរាយប៉ាយ។ជាទស្សនៈរបស់ខ្ញុំ ខ្ញុំចង់សំណូមពរឲ្យប្រជាជនយើង ទូទាំងខេត្តស្ទឹងត្រែងទាំងមូល ចូលរួមចំណែកអនុវត្តនៅទីក្រុងស្អាត ដើម្បីផាសុខភាពទាំងអស់គ្នា ពីព្រោះថាសំរាមមិនពិបាកទេប៉ុន្តែពិបាកក្នុងការកែអត្តចរិក ។
លោក ទូច ឡុច សមាជិកក្រុមប្រឹក្សាក្រុងស្ទឹងត្រែងបានអះអាងថាៈ បញ្ហានេះអាជ្ញាធរក្រុងតែងចេញសេចក្តីណែនាំផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋយើង អនុវត្តការធ្វើអនាម័យឲ្យបានប្រសើរឡើង ហើយអង្គភាពប្រមូលសំរាម ក៍ត្រូវបង្កើនការយកចិត្តទុកដាក់ប្រមូលសំរាមឲ្យបានជាប្រចាំដែរ។
(សំឡេង) ទុកកកស្ទះអញ្ចឹងសំរាមវាអាចស្អុយរលួយ ហើយចំពោះមុខដ៍ខ្លីនេះទៀតយើងនិងធ្វើការប្រជុំកំណត់តម្លៃសំរាម។ ពេល ប្រជុំកំណត់តម្លៃសំរាមរួចហើយ ការប្រមូលនេះមិនអាចរអាក់រអួលដូចកន្លងទៅទៀតទេ ។
សូមបញ្ជាក់ថាៈនេះជាយុទ្ធនាការដែលដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីគាំទ្រចលនាប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេស ឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យជានិច្ចរន្តរ៍៕