កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ នឹងចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែមីនា ដើម្បីអបអរ និងពង្រឹងមិត្តភាពបារាំង-កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ — សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា    ស្ថានទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំងនៅកម្ពុជានឹងរួមគ្នារៀបចំ «កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ» ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ដើម្បីលើកតម្កើងវប្បធម៌បារាំងនិងកម្ពុជា ក៏ដូចជាពង្រឹងភាព ជាដៃគូនិងការផ្លាស់ប្តូររវាងប្រទេសទាំងពីរតាមរយ:ការបង្ហាញជូនសាធារណជននូវព្រឹត្តិការណ៍ជាច្រើនពាក់ព័ន្ធវិស័យវប្បធម៌និងសេដ្ឋកិច្ច។ ក្នុងអំឡុងពេលពីរសប្តាហ៍អ្នកចូលរួម ទាំង អស់អាចធ្វើការឈ្វេងយល់ពីភាពច្នៃប្រឌិត ភាពរស់រវើក ជំនាញ និងទេពកោសល្យ របស់បារាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ដែលAKPទទួល បាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញនឹងចាប់ផ្តើម ជាមួយរាត្រីសមោសរមួយរៀបចំឡើងដោយគណៈកម្មាធិការ «Good France Cambodia» របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ដើម្បីប្រមូលថវិកាទៅជួយ ដល់ ការ បណ្តុះបណ្តាលយុវជនផ្នែកបដិសណ្ឋារកិច្ចនិងទេសចរណ៍។ ដោយសារសប្តាហ៍ទី១ នៃកម្មវិធី នេះនឹងប្រព្រឹត្តទៅស្របគ្នាជាមួយទិវាហ្វ្រង់កូហ្វូនី កម្មវិធីប្លែកៗជាច្រើននឹងត្រូវរៀបចំ ដើម្បី លើកតម្លៃការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា  ក្នុងនោះមានការ បោះជំរុំតែង កំណាព្យនៅ តាមស្ថាប័នដៃគូជាង១៥ (សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាលាបារាំងដេកាត និងអង្គការក្រៅរដ្ឋាភិបាលនានា ដូចជាអង្គការដើម្បីភាពញញឹមនៃកុមារ)។ល។ និងការសរសេរតាមអានជាភាសាបារាំង ដ៏ធំមួយនៅវិទ្យាស្ថានបារាំង។ ជាងនេះទៅទៀត មានការរៀបចំព្រឹត្តិការណ៍រសជាតិ បែបបារាំង «Goût de France» នៅតាមភោជនីយដ្ឋានបារាំងល្បីៗប្រមាណជា១០ និងការរាំកម្សាន្តបែបបារាំងមួយនៅវិទ្យាស្ថានបារាំង។

សប្តាហ៍ទី២នឹងចាប់ផ្តើមដោយការបង្ហាញពីរបៀបចម្អិនម្ហូបបែបទំនើប នៅវិទ្យាស្ថាន ម្ហូបអាហារកម្ពុជា។ ក្រៅពីនេះនឹងមានកិច្ចពិភាក្សាមួយលើប្រធានបទនៃការអភិវឌ្ឍ ក្រុងប្រកបដោយចីរភាព ដើម្បីជាឱកាស សម្រាប់អ្នកជំនាញពិភាក្សាគ្នាអំពី នគរូបនីយកម្ម នៅកម្ពុជា។ នៅវិទ្យាស្ថានបារាំង សាធារណជនអាចចូលរួមឆ្លើយសំណួរដើម្បីវាស់ស្ទង់ ចំណេះដឹងភាសាបារាំងរបស់ខ្លួន ឬទស្សនាពិព័រណ៍ស្នាដៃរបស់សិល្បករ ឯម រៀម ដែលធ្លាប់ ទទួលការបណ្តុះបណ្តាលនៅបារាំង និងទស្សនាភាពយន្តគំនូរជីវចលស្តីពីកម្ពុជារឿង ហ៊្វូណន ផលិតដោយជនជាតិបារាំងកាត់ខ្មែរមួយរូប។

កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញនឹងបិទបញ្ចប់ដោយអ៊ូអរនៅថ្ងៃសៅរ៍ទី៣០ ខែមីនា តាមរយ:ការរៀបចំ«ផ្សារបារាំង»មួយនៅក្នុងបរិវេណស្ថានទូតបារាំងនៅភ្នំពេញ ដោយ មានការដាក់តាំងបង្ហាញស្តង់ចំនួនជាង៥០។ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៦ល្ងាច  ស្ថានទូត នឹងបើកទ្វារទទួលសាធារណជន ដែលចង់ចូលរួមទស្សនាពិព័រណ៍ផលិតផល សាកល្បងម្ហូប អាហារបារាំង និងទទួលភាពរីករាយក្នុងកម្មវិធីកម្សាន្តជាច្រើន (ដូចជាសកម្មភាពកីឡា ការរៀនធ្វើម្ហូបជាមួយមេចុងភៅល្បីៗ ទស្សនីយភាពនៅតាមស្តង់បទបង្ហាញតូចៗ និង កន្លែងលេងសម្រាប់កុមារ។ល។)។ ផ្សារបារាំងគឺជាឱកាសមួយសម្រាប់ឈ្វេងយល់ អំពីវប្បធម៌ និងផលិតផលបារាំង ក៏ដូចជាចំណេះធ្វើរបស់សហគ្រិនបារាំងនៅកម្ពុជា លាយផ្សំជាមួយចំណេះធ្វើនិងប្រពៃណីយ៍ខ្មែរ៕

ដោយ គង់ សិរីរ័ត្ន