កីឡាករ កីឡាការិនី ជាង២.០០០នាក់ ចូលរួមរត់ប្រណាំងកម្សាន្ត ក្នុងថ្ងៃដំបូងនៃពិធីបុណ្យទទ្លេ នៅខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៩n — កីឡាករ កីឡាការិនីជាង២.៣០០នាក់បានចូលរួមរត់ប្រណាំងកម្សាន្ត៣គីឡូម៉ែត្រ និង៥ គីឡូម៉ែត្រ នៅព្រឹកថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលជាថ្ងៃដំបូងនៃពិធីបុណ្យទន្លេ លើកទី៥ នៅខេត្តកំពង់ឆ្នាំង ក្រោមវត្តមានផ្តល់កិត្តិយសបញ្ជាបាញ់កាំភ្លើងដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងអភិបាលខេត្តកំពង់ឆ្នាំង។ថ្លែងក្រោយបញ្ចប់ការរត់ប្រណាំង ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​ទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ការ ចូលរួមរត់ប្រណាំងព្រឹកមិញនេះសង្កេតឃើញថា អ្នកចូលរួមទាំងអស់ជាង២.០០០នាក់ ដែល ជាសិស្សានុសិស្ស ប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំងសុទ្ធតែបានបង្ហាញនូវ ស្នាមញញឹមម​សប្បាយរីករាយណាស់ ដែលរត់កម្សាន្តអបអរដល់ពិធីបុណ្យទន្លេ ហើយការរៀបចំរបស់​គណៈកម្មការបច្ចេកទេសក៏ល្អប្រសើរដែរជាមួយនឹងបរិយាកាសអំណោយផលល្អផងដែរ។

ឯកឧត្តមបន្ដថា ការរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពគឺមានលក្ខណៈល្អប្រសើរមិនមាន​បាតុភាព អ្វីកើតឡើងឡើយ ហើយអ្វីដែលសំខាន់ គឺសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត បានចូលរួមបានសប្បាយរីករាយ និងបន្សល់ទុកនូវអនុស្សាវរីយ៍ សម្រាប់ខេត្តរបស់ពួកគាត់។ ឯកឧត្តមបន្ថែមថា ការរត់កម្សាន្តនេះ មិនចាត់ជាចំណាត់ថ្នាក់តាមលក្ខណៈបច្ចេកទេស សម្រាប់អ្នករត់ មកដល់ទីនោះទេ ប៉ុន្តែយើងមានការលើកទឹកចិត្តជូនដល់ពួកគាត់ ជាពិសេស គឺយុវជនដែលជាទំពាំងស្នងឫស្សី ឬជាថ្នាលបណ្តុះទឹកចិត្តឱ្យស្នេហាវិស័យកីឡាជាតិរបស់ យើងទៅថ្ងៃអនាគត។ ជាមួយគ្នានេះ យុវជននានាត្រូវបានលើក ទឹកចិត្តឱ្យឈានទៅរកកីឡា ជំនាញ ដើម្បីឈានឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា៕

ដោយ ហេង ណាលីន