គ្រូក្រសួងការពារជាតិអះអាងថា កីឡាករមានការប្រឹងប្រែង និងចេះ រៀបចំខ្លួនឯងដោយការ​ទទួលខុសត្រូវខ្ពស់ លើសពីឆ្នាំកន្លងទៅ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៩ — គ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិ លោក ភា សុភ័ក្ត្រា ថ្លែងប្រាប់ ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា AKP ឱ្យដឹងថា សម្រាប់ការត្រៀមលក្ខណៈក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ២០១៩ ដែលនឹងត្រូវចាប់ផ្តើម នាចុងសប្តាហ៍នេះ គឺលោកអាចសន្និដ្ឋានបានថា កីឡាកររបស់ការពារជាតិនឹងលេងបានល្អលើថាយហ្គ័រ ព្រោះកូនក្រុមរបស់លោក មានការ ប្រឹងប្រែងខ្ពស់ និងចេះរៀបចំខ្លួនឯងដោយការទទួលខុសត្រូវខ្ពស់លើសពីឆ្នាំកន្លងទៅ ហើយ​ចំណុចមួយទៀតគឺអាចមានប្រៀបលើការគ្រប់គ្រងបាល់ និងការបង្កើតឱកាសប្រយុទ្ធ ព្រោះ លោកមានខ្សែប្រយុទ្ធល្អៗជាច្រើន ដែលអាចធ្វើឱ្យកលល្បិចនៃការប្រយុទ្ធមានប្រសិទ្ធភាព​ក្នុងការសម្រេចទី។ គ្រូបង្គោលក្រសួងការពារជាតិរូបនេះបញ្ជាក់ទៀតថា នេះជាការប្រកួត​ដំបូងហេតុនេះ ក្រុមទាំងអស់គឺ មិនអាចសន្និដ្ឋានពីកម្រិតក្រុមណាមួយបានឡើយ សំខាន់គឺ​ក្រុមទាំងអស់បានអភិវឌ្ឍន៍របៀបលេង និងកសាងសមត្ថភាពក្រុមរៀងៗខ្លួន។ លោកបាន​បន្ដថា សម្រាប់ក្រុមក្រសួងការពារជាតិមិនបានត្រៀមអ្វី ដើម្បីលេង ឬទប់ទល់ជាមួយ ក្រុម អង្គរថាយហ្គ័រនោះទេ គឺយើងប្រើប្រាស់ចំណុចខ្លាំងៗរបស់យើង តាមរយៈការហ្វឹកហាត់ ក្នុងអំឡុងត្រៀម រដូវកាលដែលយើងបានដំណើរការ ៤ទៅ ៥សប្តាហ៍កន្លងទៅ ដែលមាន ទាំងហ្វឹកហាត់ និងប្រកួតសមជាដើម។ លោកបានបន្ថែមថា ការប្រកួតសមនេះមិនបានរំពឹង ជាមួយការយកឈ្នះគូប្រកួតនោះទេ ប៉ុន្តែលោកបានយកការប្រកួតសមជើង ទាំងអស់មក វិភាគ និងវាយតម្លៃលើសមត្ថភាពក្រុមរបស់ខ្លួន ទាំងរបៀបការពារ និងប្រយុទ្ធជាដើម។

លោក ភា សុភ័ក្ត្រា បានអះអាងទៀតថា ក្រុមក្រសួងការពារជាតិ​នឹងលេងបានល្អ​លើ​អង្គរថាយហ្គ័រ ព្រោះកីឡាកររបស់លោកមានការប្រឹងប្រែងខ្ពស់ និងចេះរៀបចំខ្លួនឯងដោយ ការទទួលខុសត្រូវខ្ពស់ជាងឆ្នាំកន្លងទៅ ទាំងវិន័យ និងឆន្ទៈ ជាពិសេសពួកគេអាច មាន ប្រៀបលើការគ្រប់គ្រង់បាល់ និងការបង្កើតឱកាសប្រយុទ្ធ ព្រោះ យើងមានខ្សែប្រយុទ្ធល្អៗជា​ច្រើនដែលអាចធ្វើឱ្យកលល្បិចនៃការប្រយុទ្ធមានប្រសិទ្ធភាពក្នុងការសម្រេចទី ដូចជា កីឡា​ករ Bata George ប៊ុនហៀង និងកីឡាករ ឈិន ឈឿនជាដើម៕

ដោយ ហេង ណាលីន