អេហ្ស៊ីបនឹងដាក់ទោសធ្ងន់ធ្ងរលើនិយោជិករដ្ឋាភិបាលដែលប្រើប្រាស់គ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ — កាសែត Ahram  រាយការណ៍ពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក ម៉ូស្តាហ្វា ម៉ាត់ប៊ូលី        ( Mostafa Madbouly ) បានទទូចដល់គណៈរដ្ឋមន្ត្រីឱ្យបង្កើនទោសប្រឆាំង នឹងមន្ត្រីរដ្ឋការស៊ីវិលដែលញៀនគ្រឿងញៀននៅក្នុងខណៈដែលមានការក្រឡាប់រថភ្លើងដែលធ្វើឱ្យស្លាប់កាលពីខែកន្លងទៅក្នុងទីក្រុងគែរ ។

លោកនាយករដ្ឋមន្ត្រីបានពិនិត្យមើលឡើងវិញកិច្ចប្រឹងប្រែងដែលកំពុងប្រព្រឹត្តិទៅដើម្បីធ្វើវិសោធនកម្មច្បាប់មួយ សំដៅបង្កើនការធ្វើឱ្យញញើតប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន ដោយពួកនិយោជិករដ្ឋាភិបាល  ។

លោកបានបញ្ជាឱ្យធ្វើការពិចារណាការធ្វើវិសោធនកម្មច្បាប់ដែលចាំបាច់ ដើម្បីឱ្យគេអនុម័តបានឆាប់តាមដែលអាចធ្វើបាន​ ។

ការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីនិយោជិកផ្លូវដែកម្នាក់ដែលគេធ្វើការស៊ើបអង្កេតចំពោះការក្រឡាប់រថភ្លើងដែលធ្វើឱ្យស្លាប់ក្នុងទីក្រុងគែរត្រូវបានគេធ្វើតេស្ត ឃើញមានជាតិណាកូទិចនោះ ។

គ្រោះថ្នាក់រថភ្លើង ដែលបានកើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ នោះបានសម្លាប់មនុស្ស ២២នាក់ និងរបួសរាប់សឹបនាក់ ។

អនុប្រធានគណៈកម្មាធិការដឹកជញ្ជូនរបស់សភាបាននិយាយថា អ្នកបើករថភ្លើងដែលមានជាប់ពាក់ព័ន្ធ នៅក្នុងការក្រឡាប់ដែលធ្វើឱ្យស្លាប់នេះ ពីមុនត្រូវបានគេផ្អាកមិនឱ្យធ្វើការអស់ពេល៦ ខែ ដោយសារ ការប្រើប្រាស់គ្រឿងញៀន  ។

តាមការយកមកកាត់ទោសនេះឱ្យដឹងថា នៅមុនការក្រឡាប់នេះអ្នកបើកក្បាលរថភ្លើងដែលចុងក្រោយបានបង្កឱ្យមានគ្រោះថ្នាក់ធ្វើឱ្យស្លាប់នេះ បានចុះចេញពីរថភ្លើងនេះ ដោយមិនបានពន្លត់ម៉ាស៊ីនទេ ដោយគ្រាន់តែប្រកែកគ្នា ជាមួយអ្នកបើករថភ្លើងម្នាក់ទៀត​ ។

លោក ម៉ាតប៊ូលី បាននិយាយថា ច្បាប់ប្រឆាំងគ្រឿងញៀនគេត្រូវតែអនុវត្តន៍លើពួកនិយោជិកទាំងអស់នៅក្នុងស្ថាប័នរដ្ឋដោយលោកនិយាយបន្ថែមថា ទោសក៏នឹងត្រូវគេដាក់ផងដែរ ទៅលើជនទាំងឡាយណាដែលសេពគ្រឿងញៀន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )