ប្រមុខការពារជាតិ​កូរ៉េខាងត្បូង និងអាម៉េរិក​នឹងជួបប្រជុំគ្នានៅចុងខែនេះ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា  ឆ្នាំ២០១៩ — យោងតាមទីប្រឹក្សាក្រសួងការពារជាតិអាម៉េរិក​លោក Patrick Shanahan បាន​និយាយ​កាលពីថ្ងៃព្រហស្បតិ៍ថា លោក និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង​លោក ជេអុង គីយ៉ុង-ដូ គ្រោងនឹងជួបប្រជុំគ្នា​នាចុងខែនេះ។

មេដឹកនាំទាំងពីរ អាចនឹងត្រូវធ្វើកិច្ចប្រជុំជារយៈពេលដំបូងមួយ ចាប់តាំងពីលោក Shanahan ឡើង​កាន់តំណែង​ក្នុងឆ្នាំនេះ អាស្រ័យដោយការលាលែងចេញពីតំណែង​របស់​រដ្ឋមន្រ្តីការពារជាតិ លោក​ ជេម- ម៉ាទីស។

លោក Shanahan បាននិយាយនៅឯសវនាការមួយ​នៅមុនគណៈកម្មាធិការសេវា​ប្រដាប់​អាវុធនៃរដ្ឋ​សភាថា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង​ នឹងជួបប្រជុំជាមួយខ្ញុំ​នៅដំណាច់​ខែនេះ។

លោកបាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាពីដំណើរការ និងការបញ្ចប់​ការធ្វើ​សមយុទ្ធយោធាដែលបានធ្វើរួមគ្នានាពេលកន្លងមកនេះ ដែលកាលពីពេលថ្មីៗនេះ ត្រូវបាន​បង្រួប​បង្រួមគ្នាឡើងវិញ​ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងនានាខាងការទូត​ ចំពោះការធ្វើ​មិនឱ្យ​មាន​នុយក្លេអ៊ែរនៅកូរ៉េខាងជើង។

លោក Shanahan បាននិយាយថា ការរៀបចំនេះផងដែរ បានធ្វើឡើងក្នុងគោលបំណង​ពង្រីកការ     ទទួលខុសត្រូវរបស់កូរ៉េខាត្បូង​នៅក្នុងការត្រួតពិនិត្យ​កិច្ចប្រតិបត្តិការ និងតម្រូវការ ដើម្បី​រក្សាខ្សែត្រៀមកងទ័ពនៅលើឧបទ្វីបកូរ៉េ​៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )