កូរ៉េខាងត្បូងនឹងផ្តល់នូវទឹកប្រាក់១២លានដុល្លារអាម៉េរិក​ ជាជំនួយមនុស្សធម៌​ដល់ប្រទេសស៊ីរី និងបណ្តាប្រទេសជិតខាងរបស់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា  ឆ្នាំ២០១៩ — ក្រសួងការបរទេសក្រុងសេអ៊ូលបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង​គ្រោងនឹងផ្តល់នូវថវិកាប្រមាណ​១២លានដុល្លារអាម៉េរិក​ជាជំនួយមនុស្សធម៌ ដល់ប្រទេស​ស៊ីរីដែលកំពុងវឹកវរដោយជម្លោះ និងបណ្តាប្រទេសដែលនៅជិតខាងរបស់ខ្លួនក្នុងឆ្នាំនេះ។

ដែលដឹកនាំដោយ​អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការពហុភាគី និងសាកល​លោក លោក Kang Jeong-sik ដែលគណៈប្រតិភូកូរ៉េខាងត្បូងរូបនេះ បានប្រកាសឱ្យដឹង​ពី​គម្រោងមួយ ក្នុងអំឡុងពេល​សន្និសីទស្តីអំពីការគាំទ្រនាពេលអនាគត​សម្រាប់ប្រទេសស៊ីរី និងក្នុងតំបន់ នៅក្នុងទីក្រុងព្រុចសែល​កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅមកនេះ។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងសេអ៊ូលបានផ្តល់នូវថវិកា​ប្រមាណជាង​ ៦៣​លានដុល្លារ     អាម៉េរិក​ដល់ប្រទេសស៊ីរី និងបណ្តាប្រទេស​នានាទៀតដែលត្រូវបានអោប​ក្រសោប​ជនភៀសខ្លួនស៊ីរី មានដូចជា ប្រទេសតួកគី ហ្ស៊កដានី និងលីបង់។

ក្រសួងបាននិយាយថា តួនាទីដ៏រឹងមាំរបស់យើង គឺដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការដោះស្រាយស្ថានការណ៍សិទ្ធិមនុស្សអន្តរជាតិ ក្នុងឋានៈជាសមាជិកទទួលខុសត្រូវ​មួយ នៃសហគមន៍អន្តរជាតិ​។

រដ្ឋាភិបាលបានគ្រោងនឹងបន្ត​កិច្ចគាំទ្ររបស់ខ្លួន​ ដើម្បីដោះស្រាយវិបត្តមនុស្សធម៌ នៅ​ក្នុង​បណ្តាប្រទេសនៅមជ្ឈិមបូព៌ាដទៃទៀត មានដូចជានៅប្រទេសយេម៉ែន​ និងប្រទេស​អ៊ីរ៉ាក់ជាដើម៕

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )