ចិនបដិសេធការចោទប្រកាន់របស់អាម៉េរិកស្តីពីសិទ្ធិមនុស្ស  

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា  ឆ្នាំ២០១៩ — ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួនប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះសេចក្តីរាយ ការណ៍សិទ្ធិមនុស្សរបស់ ស.រ.អា ដែលធ្វើការចោទប្រកាន់ដោយឥតមូលហេតុប្រឆាំងប្រទេសចិន ដោយ ទទូចដល់ ស.រ.អា ឱ្យបញ្ឈប់ការចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។

អ្នកនាំពាក្យក្រសួងការបរទេស លោក លូ កាង ( Lu kang ) បានធ្វើការកត់សម្គាល់នេះ នៅពេលធ្វើអត្ថាធិប្បាយលើរបាយប្រទេសឆ្នាំ ២០១៨  ស្តីពីការអនុវត្តសិទ្ធិមនុស្ស ដែលផ្សាយដោយក្រសួងការ បរទេសអាម៉េរិក ដែលបានធ្វើការរិះគន់ម្តងទៀតដល់ស្ថានការណ៍សិទ្ធិមនុស្សរបស់ប្រទេសចិន ។

លោក លូ បាននិយាយថា ដូចជាសេចក្តីរាយការណ៍នៅក្នុងប៉ុន្មានឆ្នាំមុន ដែរមាតិកាដែលទាក់ទង នឹងប្រទេសចិននៃរបាយការណ៍ឆ្នាំនេះ គឺពេញទៅដោយការលំអៀងខាងមនោគមវិជ្ជា, មិនគោរពការពិត, ធ្វើឱ្យប្រឡំបលត្រូវនឹងខុស ព្រមទាំងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងចិន ។

លោក លូ បាននិយាយនៅឯសន្និសីទកាសែតតាមទម្លាប់មួយថា ប្រទេសចិនប្រឆាំងយ៉ាងខ្លាំងក្លាការចោទប្រកាន់នេះ ព្រមទាំងបានធ្វើការតវ៉ាជាឱឡារិកជាមួយភាគីអាម៉េរិក ។

លោក លូ បាននិយាយថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ច ការពារនឹងជំរុញសិទ្ធិមនុស្ស ។ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក្នុងពេល៤ទសវត្សកន្លង ទៅនៃការធ្វើកំណែទម្រង់និងការបើកចំហ គេបានធ្វើឱ្យមានការជឿនលឿន យ៉ាងធំសម្បើមនៅក្នុងបុព្វហេតុសិទ្ធមនុស្ស ។

លោកបានទទូច ស.រ.អា ឱ្យយកវ៉ែនតាដែលខូចរបស់ខ្លួនចេញបោះបង់ចោលគំនិតសង្គ្រាម ត្រជាក់ ព្រមទាំងភាពលំអៀងខាងមនោគមន៍វិជ្ជា មើលស្ថានការណ៍សិទ្ធិមនុស្ររបស់ប្រទេសចិន ក្នុង  លក្ខណៈដែលមិនលំអៀង និងត្រឹមត្រូវមួយនឹងឈប់យកបញ្ហានេះ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ។

លោក លូ បាននិយាយថា ស.រ.អា គួរតែឆ្លុះបញ្ចាំងនូវស្ថានការណ៍សិទ្ធិមនុស្ស ដោយផ្ទល់ខ្លួនរបស់ ខ្លួន ហើយដោះស្រាយបញ្ហាដោយផ្ទាល់ខ្លួនរបស់ខ្លួនជាមុនសិន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )