របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់អាម៉េរិក មិនបានឆ្លុះបញ្ចាំងអំពីការពិតនៅក្នុងប្រទេសវៀតណាមទេ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៤ ខែមីនា អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតជាទៀងទាត់មួយនៅទីក្រុងហាណូយថា របាយការណ៍ស្តីពីសិទិ្ធមនុស្សប្រចាំឆ្នាំ ២០១៨ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៅក្នុងប្រទេសវៀតណាមទេ។

លោកស្រីបាននិយាយថា ទោះបីជារបាយការណ៍នេះទទួលស្គាល់នូវសមិទ្ធផលមួយចំនួនរបស់ វៀតណាមក្នុងការការពារសិទ្ធិមនុស្សក៏ដោយ ប៉ុន្តែវានៅតែជាសេចក្តីថ្លែងការណ៍ដែលមានភាពលំអៀងមួយចំនួនដោយផ្អែកទៅលើព័ត៌មានមិនត្រឹមត្រូវ និងមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៅវៀតណាម។

លោកស្រី Hang បាននិយាយថា សិទ្ធិជាមូលដ្ឋាននៃសេរីភាពរបស់ប្រជាពលរដ្ឋវៀតណាមត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់របស់ប្រទេសនេះ ដោយអនុលោមតាមសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលវៀតណាមជាសមាជិក ហើយសិទ្ធិទាំងនេះត្រូវបានគោរព និងធានាក្នុងភាពជាក់ស្តែង។

លោកស្រីបាននិយាយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម និងសមិទ្ធិផលសំខាន់ៗនៅក្នុងវិស័យនេះត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងមានការកោតសរសើរយ៉ាងជ្រាលជ្រៅ។

ទាក់ទងនឹងវិស័យសេដ្ឋកិច្ចសង្គម GDP ជាមធ្យមក្នុងមនុស្សម្នាក់ៗបន្តកើនឡើងក្នុងឆ្នាំ ២០១៨។     អត្រាគ្រួសារក្រីក្រត្រូវបានកាត់បន្ថយមកនៅត្រឹម ៥,៣៥ភាគរយ ដែលមានការថយចុះបាន ១,៣៥ភាគរយបើធៀបទៅនឹងឆ្នាំ ២០១៧។ ទន្ទឹមនឹងនេះដែរ ប្រជាជនក្នុងស្រុកចំនួន ៨៧,៧ភាគរយទទួលបានការធានារ៉ាប់រងសុខភាព ដែលមានការកើនឡើងបាន ២,៣១ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៧។

ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ ប្រទេសវៀតណាមមានសិស្សនិស្សិតជាង ២៣,៥លាននាក់ ដែលកើនឡើងលើសពី ១លាននាក់ បើធៀបទៅនឹងឆ្នាំសិក្សាមុន។ ប្រជាជនប្រមាណជិត ៧០ភាគរយ មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)