ប្រទេសហូឡង់ជាដៃគូដ៏សំខាន់មួយរបស់វៀតណាមនៅក្នុងទ្វីបអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៤ ខែមីនា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាននិយាយថា នៅក្នុងពិធីទទួលស្វាគមន៍ឯអគ្គរដ្ឋទូតថ្មីរបស់ប្រទេសហូឡង់ប្រចាំនៅប្រទេសវៀតណាម លោកស្រី Elsbeth Akkerman ថា ប្រទេសហូឡង់ គឺជាដៃគូដ៏សំខាន់មួយរបស់វៀតណាមនៅក្នុងទ្វីបអឺរ៉ុប។

នាយករដ្ឋមន្ត្រីវៀតណាម លោក Phuc បាននិយាយថា ជានិច្ចកាល វៀតណាមតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហូឡង់។

លោកជឿជាក់ថា ឯកអគ្គរដ្ឋទូតថ្មីរូបនេះនឹងទទួលបានជោគជ័យក្នុងការធ្វើការងារនៅក្នុងប្រទេសវៀតណាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងទំនាក់ទំនងទ្វេភាគី។

ទន្ទឹមនឹងការសង្កត់ធ្ងន់ទៅលើគោលដៅរួមនៃការកសាងទំនាក់ទំនងដៃគូរវាងវៀតណាម និងហូឡង់នេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានរំលឹកផងដែរអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រស្តីពីការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

លោកបានកត់សម្គាល់ថា វៀតណាម និងហូឡង់ ក៏បានកំណត់គោលដៅនៃកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគផងដែរ។

លោកស្រី Akkerman សង្ឃឹមថា ភាគីទាំងពីរនឹងបង្កើតវិធានការជាក់លាក់ដើម្បីពន្លឿនទំនាក់ទំនងទ្វេភាគី។

ដោយផ្អែកលើទំនាក់ទំនងការទូតរយៈពេល ៤៥ឆ្នាំ ប្រទេសវៀតណាម និងហូឡង់ បានសម្របសម្រួល និងផ្លាស់ប្តូរគណៈប្រតិភូក្នុងវិស័យផ្សេងៗ ជាពិសេសក្នុងការគ្រប់គ្រងទឹក និងកិច្ចអភិវឌ្ឍថាមពលស្អាត និងកកើតឡើងវិញ។

លោកស្រីបាននិយាយថា រដ្ឋាភិបាល និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរបានរៀបចំសកម្មភាពសហប្រតិបត្តិការជាច្រើន ដែលបើកទូលាយនូវទស្សនវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុង លក្ខណៈកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)