ក្រុមហ៊ុន Gazprom ត្រូវបានកោតសរសើរ ចំពោះការចូលរួមចំណែកនៅក្នុងទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩​ — លោក Nguyen Van Binh ប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានសម្តែងការកោតសរសើរចំពោះក្រុមហ៊ុនឧស្ម័នរុស្ស៊ី Gazprom ចំពោះការរួមវិភាគទាននៅក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងរុស្ស៊ី ជាពិសេសក្នុងវិស័យថាមពល។

នៅក្នុងពិធីទទួលស្វាគមន៍លោក Vitaly Markelov អនុប្រធានគណៈកម្មាធិការគ្រប់គ្រងរបស់ក្រុមហ៊ុន Gazprom នៅទីក្រុងហាណូយកាលពីថ្ងៃទី១៤ ខែមីនា លោក Binh បាននិយាយថា កិច្ចសហការក្នុង វិស័យថាមពល គឺជាសសរស្តម្ភដ៏សំខាន់មួយនៃភាពជាដៃគូយុទ្ធសាស្រ្តទ្វេភាគី។

លោកបានកោតសរសើរចំពោះក្រុមហ៊ុននេះ នៅក្នុងការអនុវត្តកិច្ចសន្យាដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព ព្រមទាំងសកម្មភាពសហប្រតិបត្ដិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។

លោកបាននិយាយថា វៀតណាមនឹងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ក្រុមហ៊ុនរុស្ស៊ី ដូចជាក្រុមហ៊ុន Gazprom ដើម្បីប្រតិបត្តិការនៅក្នុងប្រទេសនេះ ដោយបង្ហាញអំពីជំនឿរបស់លោកថា គម្រោងសហប្រតិបត្តិការរួមគ្នានឹងទទួលបានលទ្ធផលដូចការរំពឹងទុក ដែលនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រទេសទាំង      ពីរ។

លោក Markelov បានសម្តែងក្តីសប្បាយរីករាយចំពោះសមិទ្ធផលសង្គមសេដ្ឋកិច្ចរបស់វៀតណាម ដែលបានទទួលជោគជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ព្រមទាំងបានសម្តែងក្តីសប្បាយរីករាយចំពោះកិច្ចសហប្រតិបត្តិការថ្មីនៃប្រទេសទាំងពីរផងដែរ។

ឆ្លៀតនៅក្នុងឱកាសនេះ លោកបានថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានជួយសម្រួលដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន Gazprom ដែលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ប្រទេស។

លោក Markelov សង្ឃឹមថា កិច្ចសហប្រតិបត្តិការរយៈពេលវែង និងមានប្រសិទ្ធភាពរវាងក្រុមហ៊ុន Gazprom និងសម្ព័ន្ធក្រុមហ៊ុនប្រេង និងឧស្ម័នវៀតណាម (PetroVietnam) នឹងរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងរុស្ស៊ី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)