និស្សិតកម្ពុជាចំនួន១០រូប នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៦ ខែមីនា​ ឆ្នាំ២០១៩ ក្នុងកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2018

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ -តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន និស្សិតកម្ពុជាចំនួន១០រូប នឹងធ្វើទស្សន កិច្ចទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១៩ រួមជាមួយនឹង និស្សិតនៃបណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរ សិស្ស និស្សិត ​​និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ ថា JENESYS 2018។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំ នៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា និស្សិតប្រតិភូទាំងអស់  នឹងត្រូវបែងចែកជា៤ក្រុម ដោយយោងតាមប្រធានបទនីមួយៗ ដូចជា ទេសចរណ៍ចំណីអាហារ ការការពារ​គ្រោះ​មហន្តរាយ ប្រវត្តិសាស្រ្ត និងបរិស្ថាននៃចង្វាក់ផលិតកម្ម ព្រមទាំងបេតិកភណ្ឌប្រវត្តិសាស្រ្ត និងចូលរួមស្តាប់បទបង្ហាញដោយអ្នកជំនាញនៃប្រធានបទនីមួយៗ ព្រមទាំងទៅទស្សនា នៅតំបន់មួយចំនួនដែលទាក់ទងនឹងប្រធានបទ។ ទន្ទឹមនេះ ពួកគាត់ ក៏នឹងធ្វើការផ្លាស់ប្តូរ ជាមួយនិស្សិតជប៉ុន ព្រមទាំងសាកល្បងឈ្វេងយល់ពីវប្បធម៌ជប៉ុនផងដែរ។

សូមបញ្ជាក់ថា កម្មវិធី JENESYS មានគោលបំណងជំរុញការយល់ដឹង និងការបង្កើត ទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បី កសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។​  តាមរយៈ កម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២.០០០នាក់ហើយ តាំងពីឆ្នាំ២០០៧មក។

ជាមួយគ្នានេះដែរ ស្ថានទូតជប៉ុនសង្ឃឹមថា អ្នកចូលរួមទាំងអស់​នឹងអាចយល់ដឹងអំពី ប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀត បន្ទាប់ពីវិលត្រលប់ ព្រមទាំងចែករំលែកនូវបទ ពិសោធន៍របស់ខ្លួនឱ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា៕

ដោយ អ៊ុន រិទ្ធី