ឯកឧត្តមបណ្ឌិត សៀង ណាំ សម្ពោធអគារមណ្ឌលសុខភាពតាសោម ដែលជាជំនួយសប្បុរសជនជនជាតិស៊្វីស

AKP សៀមរាប ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០១៩ -អគារមណ្ឌលសុខាភាព តាសោម រួមមានក្លោងទ្វារ របង និងបន្ទប់ទឹក ស្ថិតនៅភូមិគោកចាន់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលជាអំណោយរបស់លោក សាលា អង់រីកូ សប្បុរសជននៃជនជាតិស៊្វីស ក្នុងទឹកប្រាក់សរុប ៥៥.០០០ដុល្លារអាម៉េរិកផ្តល់តាមរយៈឯក  ឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យដំណើរការបម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋ កាលពីថ្ងៃ ព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោក សាលា អង់រីកូ សប្បុរសជនជនជាតិស៊្វីស ជាម្ចាស់អំណោយ ដោយមានការចូលរួមពីអាជ្ញាធរមូដ្ឋាន មន្ត្រីរាជការជុំវិញស្រុក ក្រុមយុវជនកាយឫទ្ធិនិងប្រជាពលរដ្ឋសរុបចំនួន ៣០០នាក់។

លោក លត់ ផុស អភិបាលស្រុកអង្គរជុំបានឱ្យដឹងថា ដោយកំណើនរបស់ប្រជាពលរដ្ឋមកទទួលសេវា នៅតាមមណ្ឌលសុខភាពមានការកើនឡើង ហើយឃុំតាសោម ក៏ពុំមានមណ្ឌលសុខភាពនៅជិត ធ្វើឱ្យមានផលលំបាកដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនពិការ ក្នុងការធ្វើដំណើរទៅទទួលសេវាពិនិត្យ ពិគ្រោះព្យាបាលជំងឺនៅទីកន្លែងឆ្ងាយផ្សេងៗទៀត។ ដូច្នេះការបង្កើតឱ្យមានមណ្ឌលសុខភាពនេះ ពិតជាបង្កភាពងាយស្រួល និងក្តីសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ។

មានប្រសាសន៍នាឱកាសនោះដែរ លោក សាលា អង់រីកូ បានឱ្យដឹងថា នេះជាសមទ្ធិផលចុងក្រោយរបស់លោកក្នុងវិស័យសុខាភិបាលដោយសាងសង់អស់ថវិកាសរុប៥៥.០០០ដុល្លារអាម៉េរិក ដែលជាអំណោយរបស់សប្បុរសជននៃប្រជាជនស៊្វីល ក្នុងការទ្រទ្រង់វិស័យសុខាភិបាលនៅខេត្តសៀមរាប។ លោក អង់រីកូ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ លោកបានសាងសង់អគារសិក្សា រោងជាង បណ្ណាល័យ អគារសម្ភព និងមណ្ឌលសុខភាពតាសោមនេះ សរុបទឹកប្រាក់អស់ ២១០.៣២០ដុល្លារអាម៉េរិក។

លោក សាលា អង់រីកូ បានបន្តឱ្យដឹងទៀតថា ចាប់ពីឆ្នាំ១៩៩៤ មកដល់ឆ្នាំ២០១៩នេះ លោកបានស្ថាបនាសមទ្ធិផលជាច្រើននៅខេត្តសៀមរាប ក្នុងវិស័យសុខាភិបាល វិស័យអប់រំ អណ្តូងទឹកស្អាត និងផ្តល់ស្បៀងអាហារ ការធ្វើផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត ផ្ទះបាយ ឡដុតសម្រាម អាងទឹក និងបង្គន់អនាម័យ ព្រមទាំងសម្ភារៈផ្សេងៗ គឹជាទឹកប្រាក់សរុប ៣.៦៩១.៦៨២ដុល្លារអាម៉េរិក ហើយ។

ក្នុងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ បានថ្លែងអំណរគុណដល់សប្បុរសជនប្រជាជនស៊្វីស សំខាន់លោក សាលា អង់រីកូ ដែលមានមនសិការដ៏ធំធេង យកចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាសប្បុរសជនមួយរូប ដែលបាន ផ្តល់ការគាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្ត ថវិកា ពិសេសបន្សល់ទុកនូវសមិទ្ធផលជាច្រើន ក្នុងវិស័យសុខាភិបាល។ ជាក់ស្តែងថ្ងៃនេះយើងទទួលបានសំណង់ថ្មីមួយទៀតពីលោក ដែលជាសមិទ្ធផលសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ ដែលពីមុនមិនធ្លាប់មាន។

ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ បានមានប្រសាសន៍ថា មណ្ឌលសុខាភាពជាទីកន្លែងជួយសង្រ្គោះបឋមដល់បងប្អូនប្រជាពលរដ្ឋ និងជាទីកន្លែងសម្រាប់ចូលមកទទួលសេវាពិនិត្យ ពិគ្រោះព្យាបាល សំខាន់ចំពោះស្រ្តីមានផ្ទៃពោះ ចាស់ជរា ជនពិការ និងកុមារ មានភាពងាយស្រួលចូលមកទទួលសេវាសម្រាលកូន និងពិនិត្យពិគ្រោះព្យាបាលជំងឺ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សមាគមជនរួមជាតិស៊្វីស ពិសេសលោក សាលា អង់រីកូ ដែលបានសាងសង់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព អាគារសម្ភព សាលារៀន ផ្លូវថ្នល់ និងអណ្តូងទឹកស្អាតផងដែរ៕

ដោយ ហង្ស ​សៀក