រដ្ឋបាលខេត្តបាត់ដំបងសម្ពោធអគារសិក្សាថ្មីមួយខ្នងនៅសាលាបឋមសិក្សាស្លក្រាម

AKP បាត់ដំបង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ -អគារសិក្សាថ្មី១ខ្នង  មាន៥បន្ទប់ នៅសាលាបឋមសិក្សា ស្លក្រាម​ ឃុំវត្តតាមិម​ ស្រុក សង្កែ​ ខេត្តបាត់ដំបង​ ដែលជាអំណោយរបស់សប្បុរជនតាមរយៈអង្គការសម្រេចសុបិនកុមារកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  អភិបាលរងខេត្ត​បាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៊ុត   គឹមស៊ាន បានមានប្រសាសន៍​ថា​ វិស័យ​អប់រំ​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​យកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ព្រោះប្រទេសដែលមានការអភិវឌ្ឍន៍លុះត្រាតែវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស មានចំណេះដឹង​មានជំនាញ់ច្បាស់លាស់។ ​នៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលបានខិតខំលើកស្ទួយ   សមត្ថភាពធនធានមនុស្សឱ្យមានមុខជំនាញ់បច្ចេកទេស និងវិទ្យាសាស្រ្តខ្ពង់ខ្ពស់ដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការទីផ្សារពលកម្ម មានស្មារតីសហគ្រិនភាព និង គំនិតច្នៃប្រឌិតខ្ពស់​មានស្មារតីទទួលខុសត្រូវ មានវិន័យសីលធម៌ គុណធម៌មានមនសិការការងារ​អត្តចរិកស្លូតត្រង់ ដើម្បីលើកស្ទួយការអភិវឌ្ឍប្រទេសជាតិ។​

ក្នុងនាមរដ្ឋបាលខេត្ត​បាត់ដំបង​ ឯកឧត្តម​បានថ្លែងអំណរគុណ និងកោតសសើរយ៉ាងជ្រាលជ្រៅចំពោះសប្បុរជន និង អង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រទាំងថវិកា​ កម្លាំងកាយចិត្តក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍វិស័យអប់រំនៅខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង​សង្ឃឹមថា អង្គការនេះនៅតែបន្តជួយគាំទ្រការកសាងអគារសិក្សាដែលកំពុងខ្វះខាតនេះបន្តទៀតក្នុងខេត្តបាត់ដំបង៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)