កិច្ចប្រជុំថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីតាមដានការងារនៅតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ​

AKP សៀមរាប ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ -កិច្ចប្រជុំពិភាក្សាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ​ស្តីអំពីបែបបទអនុវត្តន៍ការងារទូទៅ និងការចុះត្រួតពិនិត្យតាមដានការងារនៅការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅរោងឆ្មាំប្រាសាទបាយ័ននៃតំបន់អង្គរធំ ក្រោមកិច្ចដឹកនាំប្រជុំពីសំណាក់ ឯក ឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងអគ្គនាយករងនិងប្រធាននាយកដ្ឋាននានានៃអាជ្ញាធរជាតិអប្សរា។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហង់ ពៅ បានដាក់ផែនការសម្រាប់ការចុះពិនិត្យដោយផ្ទាល់នៅតាមការដ្ឋាននីមួយៗ បូករួមនឹងការរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហានិងភាពប្រឈម និងវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាពការងារក្នុងការដ្ឋានទាំងអស់។

ឯកឧត្តម ហង់ ពៅ ក៏បានប្រកាសខ្លឹមសារស្តីពីសេចក្តីសម្រេចការបែងចែកភារកិច្ចថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ព្រមទាំងផ្តល់ព័ត៌មាននៃការវិវត្តជាដំណាក់កាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរផងដែរ ៕

ដោយ ហង្ស សៀក