សមាជិកព្រឹទ្ធសភាជំរុញឱ្យមានការបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាឃុំសង្កាត់​ដើម្បី​​ឱ្យការងារបម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែប្រសើរ

AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមីនា ​ឆ្នាំ២០១៩ -ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤​ ឯកឧត្តម ប៉ុល លឹម​ បានមានប្រសា សន៍ថា ការបើកវគ្គបណ្ដុះបណ្ដាលខ្លីមួយដល់ក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានសមាសភាព បណ្ដុះបណ្ដាលមកពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ គឺក្នុងគោលដៅដើម្បីជួយ​ជំរុញការងារ បម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែប្រសើរឡើង។

ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តម ប៉ុល លឹម ដឹកនាំប្រតិភូសមាជិកព្រឹទ្ធសភា ​​ប្រចាំភូមិភាគទី៤ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ខេត្តបន្ទាយមានជ័យនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ​ឆ្នាំ២០១៩ នៅសាលាខេត្ត។

ឯកឧត្តម ប៉ុល លឹម មានប្រសាសន៍ថាគោលបំណងសំខាន់ៗនៃពិធីសំណេះសំណាលនេះគឺលើកកម្ពស់សមត្ថភាព ពង្រឹងការអនុវត្តតួនាទីភារកិច្ច ការអនុវត្តច្បាប់ លិខិតបទដ្ឋាន គតិយុត្ត ការផ្ដល់សេវារដ្ឋបាល ការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ និងគោលនយោ បាយ ភូមិ ឃុំមានសុវត្ថិភាព។
ក្នុងឱកាសនោះប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ឯកឧត្តម ប៉ុល លឹម ​បានផ្ដល់អនុសាសន៍សំណេះសំណាល និងផ្ដល់មតិតម្រង់ទិសជូនដល់សមាជិកសមាជិកកា ក្នុងអង្គពិធីពាក់ព័ន្ធនឹងការងារកែអក្ខរាវិរុទ្ធលើឯកសារអត្រានុកូលដ្ឋាន,ការងារផ្លាស់ប្ដូរឈ្មោះលើឯកសារអត្រានុកូលដ្ឋាន,ការងារអត្តសញ្ញាណប័ណ្ណ,ការងារធ្វើសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារ,ការងារផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ការងារមូលនិធិថវិកាឃុំ សង្កាត់ និងការ ងារភូមិឃុំមានសុវត្ថិភាពជាដើម។

ឯកឧត្តមបន្តទៀតថា មន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវចងចាំឱ្យច្បាស់ថាយើង ជាខ្ញុំបម្រើដ៏ស្ម័គ្រត្រង់របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយប្រជាពលរដ្ឋនោះទេ​។ហេតុនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែរួមសាមគ្គីគ្នាបន្តការយកចិត្តទុកដាក់ខិតខំប្រមូលផ្តុំ​បង្កើនប្រសិទ្ធ ភាពនៃការផ្តល់សេវាសាធារណៈបន្តបម្រើសេវារដ្ឋបាល ខិតខំដោះស្រាយក្តី​កង្វល់សំណើរ និង សំណូមពរនានារបស់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈរបស់ក្រុម​ការងារថ្នាក់ជាតិ ក៏ដូចជាវេទិការបស់ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឬតាមរយៈតំណាងរបស់ប្រជា ពលរដ្ឋ ដើម្បីបំពេញតាមតម្រូវការរបស់ពួកគាត់បានទាន់ពេលវេលា។

សូមបញ្ជាក់ថា សមាជិកសមាជិកាដែលបានចូលរួមនៅក្នុងអង្គពិធីនេះបានលើក សំណួរជាច្រើន ដែលជាកង្វល់បញ្ហាប្រឈមនានា ដើម្បីសុំជាអនុសាសន៍គន្លឹះណែនាំល្អៗ ប្រកបដោយប្រសិទ្ធភាពដើម្បីយកទៅដោះស្រាយក្នុងកិច្ចការបម្រើសេវារដ្ឋបាលសាធារណៈនៅ​ថ្នាក់មូលដ្ឋាននេះ។
​​​អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម សួន បវរ បានថ្លែងអំណរគុណដល់ប្រតិភូសមា ជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ដែលបានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ទាំងនេះមានគោលបំណងដើម្បីឈ្វេងយល់អំពីការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធន៍ ដើម្បីឈ្វេងយល់ ក្រេប ជញ្ជក់ និងចម្រាញ់យកនូវពុទ្ធិ ចំណុចគន្លឹះសំខាន់ៗ សម្រាប់យកទៅអនុវត្តន៍នៅមូលដ្ឋាន រៀងៗខ្លួនឱ្យទទួលបាននូវភាពជោគជ័យ ៕

ដោយ ឈុន សារ៉ាត