ក្រសួងបរិស្ថានបន្តពិភាក្សាជាមួយ JBAC និងក្រុមហ៊ុនជប៉ុនក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការងារវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា

AKP ភ្នំពេញថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ -ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ បានជួបបន្តពិភាក្សាការងារជាមួយ Japanese Business Council of Cambodia, JBAC និងក្រុមហ៊ុនជប៉ុន។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងឱកាសនៃកិច្ចពិភាក្សានោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានជម្រាបជូន JBAC និងតំណាងក្រុមហ៊ុនជប៉ុន នូវដំណើរការនៃការវាយតម្លៃពីហេតុប៉ះពាល់បរិស្ថាន (EIA) ដោយបានបញ្ជាក់ពីប្រភេទគម្រោងដែលត្រូវធ្វើ EIA រយៈពេលវាយតម្លៃ និងសេវាចំណាយដែលបានកំណត់ដោយក្រសួងបរិស្ថាន។

ឯកឧត្តម ក៏បានជម្រាបជូនភាគីជប៉ុនថា ករណី EIA ជាករណីដែលក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ក្នុងការសម្របសម្រួល លើការដាក់សំណើសុំត្រួតពិនិត្យ ដោយក្រសួងបានរៀបចំការិយាល័យច្រកចេញ-ចូលតែមួយ និងដំណើរការឯកសារនៅអង្គភាពជំនាញ បន្ទាប់មកឆ្លងកិច្ចប្រជុំពិភាក្សា ដែលមានថ្នាក់ដឹកនាំក្រសួងចូលរួមសម្របសម្រួលជាបន្តបន្ទាប់។ ជាមួយនេះដែរ ឯកឧត្តមបានបញ្ជាក់ថា រយៈពេលដែលត្រូវសិក្សា EIA ត្រូវបានជំរុញឱ្យមានដំណើរការឆាប់ និងខ្លី ដោយមានក្រុមហ៊ុនពិគ្រោះយោបល់ឯកជនជាអ្នករៀបចំ និង តម្លៃសេវាកម្មទាំងនេះត្រូវបានកំណត់ដោយក្រសួងបរិស្ថាន រួចជាស្រេច។

សូមបញ្ជាក់ជូនថា ថ្មីៗនេះក្រសួងបរិស្ថានក៏កំពុងតែរៀបចំធ្វើចំណាត់ថ្នាក់សម្រាប់ EIA ដើម្បីកំណត់ថា តើទំហំអាជីវកម្មក្រុមហ៊ុនប្រភេទណាដែលត្រូវធ្វើ EIA និងប្រភេទបែបណា ដែលគួរមានត្រឹមតែ Checklist។ ក្រោយពីការបញ្ចប់នូវការធ្វើចំណាត់ថ្នាក់នេះក្រសួងបរិស្ថាននឹងរៀបចំនូវ Online Application មួយសម្រាប់សម្រួលដល់វិនិយោគិនបរទេសអាចទទួលបាននូវព័ត៌មានលម្អិត និងស្នើសុំតាមគម្រោង។

ប្រភពខាងលើបានបន្តថា ក្នុងឱកាសនោះដែរឯកឧត្តម អ៊ាង សុផល្លែត ក៏បានស្នើសុំ JBAC ចូលរួមក្នុងការរៀបចំ Apps នេះ។ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនភាគី  ជប៉ុនថា ក្នុងដំណាក់កាលនៃការរៀបចំធ្វើសុក្រឹត្យកម្មចំណាត់ថ្នាក់EIA ក្រុមហ៊ុនជប៉ុនអាចស្នើសុំការពិគ្រោះយោបល់ជាមួយមន្ត្រីជំនាញលើការស្នើសុំធ្វើ EIA សម្រាប់ដំណើរការអាជីវកម្ម ដោយក្រសួងបរិស្ថាននឹងរៀបចំឱ្យមានជំនួបរវាងវិនិយោគិនជប៉ុន ជាមួយអង្គភាពជំនាញដើម្បីបំភ្លឺដោះស្រាយនូវរាល់ចម្ងល់ និងបញ្ហាផ្សេងៗ។ តាមរយៈកិច្ចប្រជុំនេះ JBAC និងក្រុមហ៊ុនជប៉ុនទទួលបាននូវព័ត៌មានច្បាស់លាស់ពីកាតព្វកិច្ចក្រុមហ៊ុនក្នុងការរៀបចំធ្វើ EIA និងបានសម្រួលដោះស្រាយនូវចម្ងល់រួមមួយជំហាន មុនកិច្ចប្រជុំរួមរបស់ក្រុមការងារតាមវិស័យ សម្រាប់ធ្វើជាដៃគូពិភាក្សាជាមួយវិស័យឯកជន ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងដោះស្រាយរាល់ការលំបាករបស់អ្នកវិនិយោគ ដែលបានបណ្តាក់ទុននៅកម្ពុជា ៕

ដោយ ពេជ្រ ណារិទ្ធ