រដ្ឋមន្រ្តីក្រសួងព័ត៌មានចំនួន៥ប្រទេសដែលបានឆ្លើយតបតាមការអញ្ចើញរបស់កម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី AMS ANGKOR លើកទី១៦ ឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង​ សុភាវី​៖

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានអះអាងថា មកដល់ពេលនេះមានរដ្ឋមន្រ្តីក្រសួងព័ត៌មានចំនួន៥ប្រទេសហើយដែលឆ្លើយតបតាមការអញ្ចើញរបស់កម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី AMS ANGKOR លើកទី១៦ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនៅក្នុងទឹកដីអង្គរ ខេត្តសៀមរាប។

តាមរយៈកិច្ចប្រជុំលើកទី២ របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់ផ្នែករបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមីនា ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ ក្រសួង ព័ត៌មាន និងជាអនុប្រធាន អចិន្ត្រៃយ៏ នៃគណៈកម្មការរៀបចំ កិច្ចប្រជុំAMS ២០១៩ ANGKOR បានបញ្ជាក់ថា តាមការដឹងពីវិទ្យាស្ថានតំបន់អាស៊ី ប៉ាស៊ីហ្វិច ដើម្បីអភិវឌ្ឍន៏ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា AIBD ហើយប្រទេស ចំនួន៥ ដែលឆ្លើយតបនឹងអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំនេះ ទី១រដ្ឋមន្ត្រីក្រសួងព័ត៌មានភូមា ទី២រដ្ឋមន្ត្រីព័ត៌មានម៉ាឡេស៊ី ទី៣រដ្ឋមន្រ្តីព័ត៌មានសឹង្ហបូរីទី ៤គឺរដ្ឋមន្ត្រីព័ត៌មានកូរ៉េខាងត្បូង និងទី៥រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសសាម៉េវ។
ឯកឧត្តមសង្ឃឹមថានឹងមានរដ្ឋមន្ត្រីជាបន្តបន្ទាប់ជាច្រើនទៀតនឹងអញ្ជើញចូលរួមតបតាមការអញ្ជើញជាផ្លូវការ របស់ក្រសួងព័ត៌មានដូចជាប្រទេសអាស៊ានចំនួន៩ នឹងប្រទេសចិនផងដែរ។


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះ រៀបចំនូវក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី AMS ANGKOR លើកទី១៦ ឆ្នាំ២០១៩ខាងមុខនេះ អោយបានល្អប្រសើរ និងប្រកបទៅដោយភាពរលូន ដើម្បីទទួលបានជោគជ័យខ្ពស់។ ឯកឧត្តម រដ្ឋមន្ដ្រី បានអះអាងទៀតថា ក្រសួងបាននឹងកំពុងត្រៀមរៀបចំ តាមផ្នែកជំនាញនីមួយៗ ដូចជាការរៀបចំខ្លឹមសារ ឯកសារ ពិធីការ និងដំណើរការងារសំខាន់ៗ ក្នុងកិច្ចប្រជុំ ទាំងមូល រួមទាំងកិច្ចការផ្សេងៗជាច្រើនទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ប្រព័ន្ធផ្សព្វផ្សាយអាស៊ី AMS លើកទី១៦នេះគឺកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយក្រសួងព័ត៌មានជាអ្នកទទួលរៀបចំ តាមរយៈកិច្ចសហការជាមួយ វិទ្យាស្ថានតំបន់អាស៊ី ប៉ាស៊ីហ្វិច ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា AIBD ដោយបានអញ្ជើញភ្ញៀវជាតិ អន្តរជាតិ ដែលមកពីបណ្តារដ្ឋមន្រ្តីព័ត៌មាន និងអ្នកពាក់ព័ន្ធសំខាន់ៗជាច្រើន ខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ មកពីបណ្តាប្រទេសនានាក្នុងប្រទេសអាស៊ាន អាស៊ីនិងជុំវិញពិភពលោក៕