គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំ១២ប្រភេទកីឡាអបអរពិធីបុណ្យទន្លេ នៅខេត្តកំពង់ឆ្នាំង៣ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលទទួលបន្ទុកក្នុងការរៀបចំកីឡា អបអរពិធីបុណ្យ ទន្លេលើកទី៥នៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៩បានរៀបចំប្រភេទកីឡាចំនួន១២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩ ដើម្បីធ្វើឱ្យពិធីបុណ្យមួយនេះកាន់តែអធិកអធម និងទាក់ទាញ។

យោងតាមកម្មវិធីប្រកួតកីឡារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ដើម្បី ជួយជំរុញឱ្យពិធីបុណ្យទន្លេ នៅខេត្តកំពង់ឆ្នាំងកាន់តែទាក់ទាញនោះ គណៈកម្មាធិការ ជាតិ បានត្រៀមប្រភេទកីឡាចំនួន១២ ដើម្បីដាក់ឱ្យប្រកួត និងសម្តែងរយៈពេល៣ថ្ងៃ​ដោយព្រឹក ថ្ងៃសុក្រស្អែកនេះ នឹងមានការរត់ប្រណាំងកម្សាន្ត ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ នៅចំណុច រូបសំណាកពុទ្ធិសែន។ ចំពោះប្រភេទកីឡាចំនួន៣ គឺបាល់ទាត់ បាល់ទះ និងចំបាប់បុរាណ នឹងត្រូវដំណើរការប្រកួតរយៈពេល៣ថ្ងៃពេញតែម្តង។ ក្រៅពីនេះ ក៏មានកីឡាទាញព្រ័ត្រ វាយសី ប្រណាំងសេះ ជិះកង់កម្សាន្ត ប្រដាល់គុនខ្មែរ ប្រណាំងទូក បាល់បោះ និងគុន​ល្បុក្កតោ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ថ្លែង​បញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្នុងចំណោម១២ប្រភេទកីឡានេះ គឺមានប្រភេទកីឡាអត្តសញ្ញាណរបស់ខេត្ត ដែលពេញនិយម ដូចជាចំបាប់បុរាណ បាល់ទាត់​មកពីគ្រប់ស្រុក ហើយស្រុកខ្លះមាន២-៣ក្រុមឯណោះដែលមានក្លិបច្រើននៅទីនេះ។ ក្រៅពី​នេះក៏មានការប្រកួតកីឡាសម័យបុរាណ និងសម័យទំនើបដែលនឹងប្រកួតបញ្ជូលគ្នា ជា ពិសេសគឺថ្ងៃចុងក្រោយនឹងមានការប្រកួតប្រណាំងទូក ដែលមានច្រើនទូក ដោយឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឱ្យខេត្តនានានៅជិតខេត្តម្ចាស់ ផ្ទះរៀប ចំបុណ្យទន្លេឱ្យបញ្ជូនទូកចូលរួមប្រកួតឱ្យបានច្រើនកុះករ ហើយពេលណាដែល ខេត្តផ្សេងៗ ធ្វើម្ចាស់ផ្ទះវិញ ខេត្តនៅជិតៗគ្នានោះនឹងបញ្ជូនទូកឱ្យចូលរួមប្រកួតជាលក្ខណៈជួយគ្នាទៅវិញ ទៅមក ដើម្បីញ៉ាំងឱ្យពិធី បុណ្យទន្លេរៀងរាល់ឆ្នាំទទួលបានការទាក់ទាញកាន់តែខ្លាំងឡើងៗ បន្ថែមទៀត។

ជាមួយគ្នានោះឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមកម្សាន្ត សប្បាយ រីករាយ និងទស្សនាការប្រកួតកីឡានានាឱ្យបានច្រើនកុះករ។

សូមរម្លឹកថា ព្រឹត្តិការណ៍បុណ្យទន្លេត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចំនួន៤ លើករួច មកហើយ ដែលបានប្រារព្ធធ្វើឡើងនៅទីរួមខេត្តនានាតាមដងទន្លេ បន្ទាប់ពីឆ្នាំ២០១៨ ពិធី បុណ្យដូចគ្នានេះត្រូវបានធ្វើឡើងនៅទីក្រុងតាខ្មៅខេត្តកណ្តាល។ សម្រាប់ឆ្នាំ២០១៩នេះ ពិធី បុណ្យទន្លេនឹងត្រូវប្រារព្ធធ្វើឡើងនៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ “ទន្លេផ្សារភ្ជាប់ សន្តិភាព ប្រជាជន និងទេសចរណ៍”៕

ដោយ ហេង ណាលីន