ឆ្នោតកីឡាជាតិ ត្រូវស្វែងរកយុទ្ធសាស្រ្តទីផ្សារថ្មី ស្វែករកប្រាក់ចំណេញ ដើម្បីរួមចំណែកគាំទ្រ ដល់ស៊ីហ្គេម ឆ្នាំ២០២៣

AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខា ធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ឆ្នោតកីឡាជាតិត្រូវពង្រីកទីផ្សារបន្ថែម ដើម្បីរួមចំណែក ស្វែករកមូលនិធីលើកកម្ពស់ និងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាជាតិឈាន​ទៅ​ទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា ថ្នាក់​តំបន់អាស៊ាន ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ ថ្លែងក្រោយបញ្ចប់ពិធីសម្ពោធក្រុមហ៊ុនឆ្នោតកីឡាជាតិ សាខាប្រចាំខេត្តកំពង់ឆ្នាំង កាលពី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ មីនា ឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ពេលនេះឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈគម្មាធិ ការជាតិអូឡាំពិកកម្ពុជាបានជំរុញឱ្យឆ្នោតកីឡាជាតិផ្លាស់ប្តូរយុទ្ធទីផ្សារឱ្យកាន់តែធំទូលាយនៅទូទាំងប្រទេស ដើម្បីស្វែងរកប្រាក់ចំណេញ ពីព្រោះថាបច្ចុប្បន្នឆ្នោតកីឡាជាតិ មាន ចំណូល និងចំណាយ ប្រហាក់ប្រហែលគ្នា គ្រាន់តែបានទប់ទល់ប៉ុណ្ណោះមិនទាន់មានប្រាក់ ចំណេញនោះទេ ដូច្នេះត្រូវផ្លាស់ប្តូរស្វែងរកយុទ្ធសាស្ត្រថ្មីៗ ដើម្បីរកចំណូលឱ្យបានច្រើន។ ឯកឧត្តមបានបន្ដថា ការពង្រីកទីផ្សារនេះ គឺដើម្បីប្រកួតប្រជែងនឹងឆ្នោតដទៃៗផង ហើយ​ឆ្នោតកីឡាជាតិទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងពេញទំហឹង ដោយឆ្នោតកីឡាជាតិ នឹង ត្រៀមបើកសាខាឱ្យកាន់តែច្រើនបន្ថែមទៀត និងត្រៀមធ្វើរទេះដែលមានលក់កាហ្វេផង និងលក់ឆ្នោតកីឡា ជាតិផងនៅគ្រប់សាខានានាទូទាំងប្រទេស រហូតដល់មានដល់ស្រុក-ឃុំនានាទៀតផង។

សូមបញ្ជាក់ថា នេះគឺជាខេត្តទី៦ ដែលក្រុមហ៊ុនឆ្នោតកីឡាជាតិបានសម្ពោធសាខា របស់ខ្លួន ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមលេងឆ្នោតស្របច្បាប់ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជានេះ ដែលជាផ្នែកមួយ ក្នុងការរួមចំណែកលើក កម្ពស់ និងការអភិវឌ្ឍកីឡាជាតិ ដោយឈរលើទិសដៅរួមគ្នាក្នុងដំណើរ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ ចាប់ពីឆ្នាំ២០១៩ទៅ NOCC បានប្ដេជ្ញាចិត្ត ជាមួយ​ក្រុមហ៊ុនឆ្នោតកីឡាជាតិបន្តកិច្ចសហការជាមួយអាជ្ញាធរគ្រប់ខេត្ត ដើម្បីផ្សព្វផ្សាយអំពីការ លេងឆ្នោតផ្សងសំណាងជាមួយឆ្នោតកីឡាជាតិ ព្រោះឆ្នោតកីឡាជាតិ គឺជាក្រុមហ៊ុនមួយត្រូវ​បានរាជរដ្ឋាភិបាលទទួលស្គាល់ឱ្យធ្វើអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញមួយផ្នែក មកជួយ ទ្រទ្រង់ដល់ដំណើរការត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដោយឯកឧត្តមអំពាវនាវដល់ ប្រជាពលរដ្ឋចូលរួមគាំទ្រឆ្នោតកីឡាជាតិទាំងអស់គ្នា។

គួររម្លឹកថា ពិធីបើកសម្ពោធឆ្នោតកីឡាជាតិសាខាខេត្តកំពង់ឆ្នាំងនេះ ទទួលបានកិត្តិយស អញ្ជើញចូលរួម ដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកជាច្រើនទៀត៕

ដោយ ហេង​ ណាលីន