ក្រុមបាល់ទាត់ទាំង១៤នៃលីគកំពូលកម្ពុជា រដូវកាលថ្មី ២០១៩ នឹងត្រូវប្រកួតប្រជែងពិន្ទុ នាសប្តាហ៍ទី១ សម្រាប់ចុងសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់ទាំង១៤នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី២០១៩នឹងត្រូវចាប់ផ្តើម ដំណើរការប្រកួតប្រជែងពិន្ទុ នៅក្នុងការប្រកួតដំបូង នាសប្តាហ៍ទី១ នាចុងសប្តាហ៍នេះហើយ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅកីឡដ្ឋានផ្សេៗដែលជាម្ចាស់ផ្ទះ ដោយមិនប្រើ ប្រាស់ពហុកីឡដ្ឋានជាតិ ដូចរដូវកាលមុនៗទៀតឡើយ។ យោងតាមកម្មវិធីប្រកួតផ្លូវការរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC នៃសហ​ព័ន្ធកីឡា បាល់ទាត់កម្ពុជាបានឱ្យដឹងថា សម្រាប់ការប្រកួតបើកឆាករសៀលថ្ងៃសៅរ៍ ទី១៦ ខែមីនា នេះ មាន៣ប្រកួត ដែលជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជាទទួលស្វាគន៍​ក្រុមភ្ញៀវចំណូលថ្មី ខេត្តកំពង់ចាម ខណៈម្ចាស់ផ្ទះភ្នំពេញក្រោន ប្រជែងពិន្ទុជាមួយបឹងកេត រីឯក្រុមចំណូលថ្មីទាំងពីរទៀត គឺក្រុមគីរីវង់សុខសែនជ័យនឹងត្រូវប៉ះ គ្នាជាមួយក្រុមសាលា បាល់ទាត់ជាតិបាទី។

ចំពោះ៤ប្រកួត នាថ្ងៃអាទិត្យ ទី១៧ មីនា គឺក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបយូណាយធីតបើកទ្វារ កីឡដ្ឋាន ស្វាគមន៍ក្រុមការពារដំណែងជើងឯករដូវកាលចាស់ ណាហ្គាវើល ស្របពេលដែល វិសាខាប៉ះជាមួយសូលទីឡូអង្គរ ហើយព្រះខ័នរាជស្វាយរៀងប៉ះអគ្គស្នងការដ្ឋាននគរ បាល​ជាតិ។ រីឯក្រុមក្រសួងការពារជាតិនឹងត្រូវប្រជែង ពិន្ទុជាមួយក្រុមភ្ញៀវអង្គរថាយហ្គឺ។

សូមបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជានេះនឹងប្រើប្រាស់តាមរូបមន្តសន្សំពិន្ទុ សុទ្ធ​ចំនួន២ជើង ហើយក្រុមណាដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ដំណែង ជើងឯកតែ ម្តង។ តាមការគ្រោងទុក ការប្រកួតសន្សំពិន្ទុនឹងត្រូវបញ្ចប់នាថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ ដោយប្រើប្រាស់រយៈពេលចំនួន២៦សប្តាហ៍ ដែលចំនួនប្រកួតសរុប ចំនួន១៨២ ប្រកួត៕

ដោយ ហេង ណាលីន