កយកា ផ្តល់ថវិកាប្រមាណ៧លានដុល្លារ សម្រាប់កសាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីកម្ពុជា-កូរ៉េ នៅក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី ១៤ ខែមីនាឆ្នាំ២០១៩ — ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បានចុះហត្ថលេខាលើកំណត់ហេតុនៃ កិច្ចពិភាក្សាជាមួយក្រសួងអប់រំយុវជននិងកីឡា ក្នុងការផ្ដល់ថវិកាប្រមាណ៧លានដុលារ សម្រាប់គម្រោងបង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មីរវាងសាលា និងវិស័យឧស្សាហកម្មនៅប្រទេស កម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ កយកា។ក្នុងពិធីចុះហត្តលេខាស្ដីពីគម្រោងសាងសង់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីកម្ពុជា-កូរ៉េ (CKIC) វាងលោកស្រី ប៊ែក ស៊ុកហ៊ី​ (Baek Sook Hee) អនុប្រធាន ទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិកូរ៉េ (កយកា) និងឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡារ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកស្រី ប៊ែក មកកាន់ប្រទេសកម្ពុជា​ និងស្របពេលនឹងដំណើរទេស្សនកិច្ចផ្លូវរដ្ឋ​របស់ ឯកឧត្ដម​ មូន ចេអ៊ីន (Moon Jae-in) ប្រធានា ធិបតីសាធារណរដ្ឋកូរ៉េ​ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមីនា ឆ្នាំ២០១៩។

គម្រោងនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កើតការចាប់ផ្តើមប្រព័ន្ធអេកូ និង បណ្តាញ ទីផ្សារនៅកម្ពុជា តាមរយៈការបង្កើតប្រព័ន្ធមួយដើម្បីជំរុញការបង្កើតក្រុមហ៊ុនថ្មីៗ នៅតាម បណ្តាសាកលវិទ្យាល័យនានាដែលឈានមុខគេនៅកម្ពុជា។ ទន្ទឹមនេះ ទីភ្នាក់ងារកយកា នឹង សាងសង់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីកម្ពុជា-កូរ៉េ(CKIC) និងគាំទ្រការកសាងសមត្ថភាព សម្រាប់ប្រតិបត្តិការមជ្ឈមណ្ឌល ពង្រឹងការប្រកួតប្រជែងចាប់ផ្តើមធុរកិច្ចថ្មី និងផ្សព្វផ្សាយ ការគាំទ្រកម្មវិធីការចាប់ផ្តើមធុរកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា(ITC)​ជាមួយនឹងថវិកាសរុបប្រមានជា៧លាន​ដុល្លារសហរដ្ឋអាមេរិចសម្រាប់ រយៈពេល៥ឆ្នាំដែលចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៣។

លោកស្រី ប៊ែក ស៊ុកហ៊ី​ (Baek Sook-Hee) បានកោតសរសើរចំពោះសមិទ្ធផល នានា ដែលប្រទេសកម្ពុជាបានសម្រេចក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយបានរក្សា អត្រាកំណើនជាមធ្យម ៧ភាគរយ។ លោកស្រីក៏បានសម្តែងនូវការរំពឹងទុក នៃគម្រោងនេះ ដែលនឹងចូលរួមចំណែកដល់ពិពិធកម្មឧស្សាហកម្ម របស់ប្រទេសកម្ពុជា ដែលជួយប្រទេស កម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត។

លោកស្រីបានចាត់ទុកគម្រោងនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្កើតការ ងារដែល​​មានគុណភាពខ្ពស់ និងលើកកម្ពស់ជំនាញវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ខណៈ ដែល KOICA មានគម្រោងដាក់មូលដ្ឋានគ្រឹះសម្រាប់ពង្រីកឧស្សាហកម្មនៅក្នុងប្រទេសកំពុង អភិវឌ្ឍន៍ ដើម្បីពង្រឹងការប្រកួតប្រជែងថ្នាក់ជាតិ លើទស្សនរយៈពេលវែង៕

ដោយ អ៊ុន រិទ្ធី