រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ នារីកំពុងចូលរួមចំណែកសង្គមជាតិនៅក្នុងគ្រប់វិស័យ ដូចគ្នា ទៅនឹងបុរស

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ដោយកត់សម្គាល់អំពីតួនាទីដ៏មានសារៈសំខាន់របស់បងប្អូននារីនៅក្នុងសង្គមជាតិ និងមិនអាចខ្វះបាន ក្នុងនោះនារីបាន និង កំពុងចូលរួមចំណែកនៅក្នុង គ្រប់វិស័យដូចគ្នាទៅ បុរសដែរ ហើយថា បើនិយាយសម្រាប់គ្រួសារមួយប្រសិនបើគ្មាននារីទេ គ្មានផ្ទះជានារីទេ ឃើញថាគ្រួសារនោះពិតជានឹងជួបការ លំបាកជាមិនខាន។ក្នុងពិធីសំណេះសំណាលជាមួយបងប្អូននារីដែលជាមន្ត្រីរាជការក្រោមឱវាទក្រសួង និងបងប្អូននារីជានិវត្តជន សម្រាប់ទិវាអន្តរជាតិនារី ៨មីនាខួបលើកទី១០៨ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា បើនិយាយចំពោះបងប្អូននារី ក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋ និងហិរញ្ញវត្ថុវិញ ឃើញថា បងប្អូនបានរួមចំណែកយ៉ាងសំខាន់ ណាស់ក្នុងកិច្ចការប្រចាំថ្ងៃរបស់ក្រសួង ដែល ធ្វើឱ្យយើងមានការគិតគូរចំពោះមន្ត្រីរាជការជានារី ដោយបានផ្តល់តួនារីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំនៅតាមអគ្គនាយកដ្ឋាន និងនៅតាមការិយាល័យមួយចំនួន របស់ក្រសួងថែមទៀតផង ដែលនេះជាការ បង្ហាញថា នារីត្រូវបានយកចិត្តទុកដាក់ ក្នុងការ ផ្តល់ឋានៈ និងតួនាទីនៅក្នុងស្ថាប័នរបស់រដ្ឋ ក៏ព្រោះតែនារីគឺ ជាកោសិការរបស់សង្គម ដែល មិនត្រូវមើលរំលងឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរម្លឹកឡើងវិញចំពោះបងប្អូននារី​ជានិវត្តន៍ជនដែលធ្លាប់បម្រើការងារនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលកន្លងមកថា បងប្អូនពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការងាររបស់ ក្រសួង និងបានបន្សល់នូវ ស្នាដៃដែលជាកេរមរតកការងារមិនអាចកាត់ថ្លៃបាន ព្រមទាំងជាគំរូ ដ៏ល្អសម្រាប់មន្ត្រីរាជការ ជំនាន់បច្ចុប្បន្នរៀនសូត្រតាម។

គួររម្លឹកថា ក្នុងសុន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារីសម្រាប់ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០១៩នេះបានគូសបញ្ជាក់ថា ក្នុងបរិការណ៍សកលនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ស្ត្រី និង ក្មេងស្រីត្រូវបានទទួលការលើកទឹកចិត្ត និងគាំទ្របន្ថែមទៀត ដើម្បីចាប់យកចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាថ្មីៗ ជាពិសេសការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា តាមការវិវត្តនៃទីផ្សារការងារ ហើយថា ស្ត្រីកម្ពុជាបានក្លាយជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចជាតិកន្លងមក ដោយអត្រាស្ត្រីចូលរួមក្នុងកម្លាំងពល កម្មមានកម្រិតខ្ពស់ គឺរហូតដល់ទៅ៧៩ភាគរយ។ ជាមួយគ្នានេះដែរ សម្រាប់ទិវាអន្តរជាតិនារី ៨មីនាខួបលើកទី១០៨ ឆ្នាំ២០១៩ នេះក្រសួងកិច្ចការនារី បានដាក់ចេញនូវប្រធានបទ លើក កម្ពស់យេនឌ័រ និងគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស៕

ដោយ គង់ សិរីរ័ត្ន