ឯកឧត្ដម អូស្មាន ហាស្សាន់ ស្នើឱ្យអ្នកវិនិយោគម៉ាឡេស៊ី ពន្លឿនកិច្ចសហប្រតិបត្ដិការផលិតផលហាឡាល់ ដើម្បីផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្ដម អូស្មាន ហាស្សាន់ បានស្នើឱ្យអ្នកវិនិយោគហាឡាល់ម៉ាឡេស៊ី ពន្លឿនកិច្ច សហប្រតិបត្ដិការផលិតផលហាឡាល់ផ្គត់ផ្គង់ទីផ្សារ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ អតិថិជននៅកម្ពុជា ខណៈដែលហាឡាល់នៅកម្ពុជាមិនទាន់បម្រើតម្រូវ ការឱ្យទាន់អតិថិជនស្រប តាមស្ដង់ដារអន្ដរជាតិនៅឡើយ។

ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ បែបនេះ ខណៈដែលឯកឧត្ដម ទទួលជួបពិភាក្សាការងារ ជាមួយ លោកឧកញ៉ា Datuk Seri Rizuan Abdul Hamid អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាល់ ម៉ាឡេស៊ី Halal Development Corporation (HDC) កាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិម កម្ពុជា ស្តីពីការវិនិយោគទីផ្សារហាឡាល់ និងសក្តានុពលនៃឱកាសការងារសម្រាប់ ការវិនិយោគនៅកម្ពុជា រួមជាមួយនឹងតំណាងក្រុមហ៊ុន SNL Meat Supplies Pty Ltd ជាក្រុមហ៊ុនធំមានទុនវិនិយោគប្រមាណ៦០លានដុល្លារ ដែលមានកសិដ្ឋានសម្លាប់សត្វគោ អូស្រ្តាលីនៅក្រុងព្រះសីហនុដ៏ធំជាងគេនៅអាស៊ី និងធំទី២លើពិភពលោក បន្ទាប់ពីប្រទេសអូស្រ្តាលី។

ក្នុងឱកាសនោះ ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា យើងពិតជាមាន មោទនភាពចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាត និងបង្កើតឱ្យមាននូវគណៈកម្មាធិការត្រួត ពិនិត្យផលិតផលហាទ្បាល់កម្ពុជា តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១៦០ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាល់កម្ពុជា។

លោកឧកញ៉ា Datuk Seri Rizuan Abdul Hamid អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អភិវឌ្ឍន៍ហាឡាល់ម៉ាឡេស៊ីបានបញ្ជាក់ថា លោកនឹងខិតខំជំរុញការងារវិនិយោគ ផលិតផល ហាឡាល់ ស្រប់តាមស្ដង់ដារ ឱ្យទាន់សភាពការណ៍ ដើម្បីផ្គត់ផ្គង់ទីផ្សារ នៅកម្ពុជា។ ខណៈបច្ចុប្បន្នទីផ្សារនៃផលិតផលហាទ្បាល់ នៅកម្ពុជាកំពុងត្រូវការ និងទាមទារពង្រីកទីផ្សារ ការងារឱ្យបានច្រើន ស្របទៅនិងពិភពលោកកំពុងមាន ភាពពេញនិយម និងកាន់តែមានការរីកចម្រើន។ ក្រុមហ៊ុន កំពុងបានរៀបចំផលិត ការងារផ្គត់ផ្គង់សាច់គោ និងផលិតផលស្វាយចន្ទីកញ្ចប់ និងដំណាប់ស្វាយ និងបានស្នើសុំវិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាទ្បាល់កម្ពុជា ដើម្បីធ្វើការនាំ ចេញទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារអន្តរជាតិ ៕

ដោយ សួស សំរិត