ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្ដកំពង់ឆ្នាំង ដាំដើមឈើចំនួន៣០៤ដើម ដើម្បីអបអរសាទរ បុណ្យ​ទន្លេលើកទី៥

AKP  កំពង់ឆ្នាំង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្ដកំពង់ឆ្នាំង បាននាំយកដើមឈើចម្រុះគ្រប់ប្រភេទ​ចំនួន​៣០៤ដើម សម្រាប់ដាំនៅសួន សម្តេចចៅហ្វាវាំងគង់សំអុល ស្ថិតនៅសង្កាត់ប្អេរ ក្រុងកំពង់​ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យលើកទី៥។ក្នុងពិធីដាំដើមឈើ៣០៤ដើម ដើម្បីអបអរសាទរបុណ្យទន្លេលើកទី៥នៅខេត្តកំពង់ ឆ្នាំង កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី សម្តេចចៅ ហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង  និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងមន្រ្ដីរាជការ អាជ្ញាធរខេត្ដកំពង់ឆ្នាំង។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដើម្បីចូលរួមអបអរ សាទរ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងសហការ ជាមួយក្រសួងទេសចរណ៍ បានរៀបចំនូវកម្មវិធីដាំដើមឈើ ព្រោះថា ការដាំដើមឈើមាន សារៈសំខាន់បំផុត ក្នុងគោលបំណង បំផុសស្មារតី ឱ្យប្រជាពលរដ្ឋ ចេះស្រឡាញ់ដើមឈើ ដើម្បីបង្កើនទេសភាពសោភណភាព ដ៏ស្រស់បំព្រងនៃទីក្រុង និងភូមិដ្ឋានរបស់យើង។ ឯកឧត្តមបានបន្ដថា ការដាំដើមឈើអនុស្សាវរីយ៍ ក៏ជាការឆ្លើយតបទៅនឹងអនុសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញការដាំកូនឈើក្នុងមូលដ្ឋាន និងលើកទឹកចិត្ត​យុទ្ធនាការការដាំដើមឈើក្រោមពាក្យស្លោក ទេសចរម្នាក់ ដាំដើមឈើមួយដើម។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការចូលរួមដាំដើម​ឈើពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែការពារបរិស្ថាន និងអភិរក្សធនធានធម្ម ជាតិតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកទាក់ទាញទេសចរផងដែរ។ ឯកឧត្តមបាន បញ្ជាក់ថា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា រាជរដ្ឋាភិបាលបាន ដាក់ចេញនូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារ កិច្ចល្អ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត ប្រកបដោយភាពស្អាត និង បៃតង ក្នុងនោះយុទ្ធនាការទេសចរម្នាក់ ដើមឈើមួយដើម ត្រូវបានដាក់ចេញក្នុង គោលបំណង ជំរុញសកម្មភាពដាំដើមឈើ ឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ប្រកប ដោយការទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ឯកឧត្តមរដ្ឋមន្រ្តីបានរម្លឹកថា ដាំដើមឈើមួយដើមទេសចរម្នាក់ ដាំដើមឈើមួយដើមដាក់​ឈ្មោះគូរស្រករមួយ ដើមឈើមួយដើម មនុស្សម្នាក់ ដាំដើមឈើមួយដើមកូនសិស្សម្នាក់ ហើយការដាំដើមឈើក្នុងឱកាសបុណ្យទន្លេនេះ ជាព្រឹត្តការណ៍ដ៏កម្រ ដែលជាឱកាសឱ្យ​អ្នកចូលរួមទទួលបាននូវបរិស្ថានល្អ សេវាកម្មស្អាត ទីក្រុងស្អាត ក្នុងការប្រឡងប្រណាំង​ទីក្រុងស្អាត ៕

ដោយ អ៊ុន រិទ្ធី (ប្រភព៖មន្ទីរព័ត៌មានខេត្ដកំពង់ឆ្នាំង)