លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៩ រវាងកងយោពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — ​សមយុទ្ធនាគមាសឆ្នាំ២០១៩ ដែលមានការចូលរួមរវាងកងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា ជាមួយកងទ័ពជើងគោកនៃតំបន់យោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិនបានបើកវគ្គសមយុទ្ធ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅលើទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតកងពលតូចថ្មើរជើងលេខ៧០ នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ FENG XIANG នាយរងសេនាធិការ កងទ័ពជើងគោកនៃតំបន់យោធភូមិភាគ ខាងត្បូងនៃកងរំដោះ​ប្រជាជនចិន។ នៅ​ឯ​ទីលាន​បាញ់​គ្រាប់​ពិត​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៏បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ថ្ងៃ​ទី​១៣​ ខែ​មីនា ​ឆ្នាំ​២០១៩​ ​ថា​ ការ​ធ្វើ​សម​យុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩​នេះ ​គឺ​ដើម្បី​បង្កើន​សមត្ថ​ភាព​ដល់​កង​ទ័ព​កម្ពុជា​ ហើយ​សម​យុទ្ធ​នេះ ​នឹង​ធ្វើ​ឱ្យ​កង​ទ័​ពកម្ពុជា​ ចំណេញ​ច្រើន​ ដោយ​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន​ ពី​ខាង​ភាគី​ចិន​ទាក់​ទង​នឹង​ការ​ប្រឆាំង​អំពើ​ភេរវ​កម្ម​ ការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ និង​របៀប​វារៈ​​​ជា​ច្រើ​ន​ទៀត។

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​ថ្លែង​​ថា​ «ការ​ធ្វើ​សម​យុទ្ធ​នាគ​មាស​នេះ ​គឺ​មិន​មែន​ជា​ការ​គំរាម​កំហែង​ដល់​ប្រទេស​ណា ​ឬបុគ្គល​ណា​ឡើយ​ ខណៈ​ដែល​ប្រទេស​ជិត​ខាង​ ក៏​មាន​ការ​ធ្វើ​សម​យុទ្ធ​ដែរ​ ដូច​ជា​ការ​ធ្វើ​រវាង​អា​ម៉េរិក​-​ថៃ​​​ជាដើម​»។​ នាយ​ឧត្តមសេនីយ៍ ​បាន​បញ្ជាក់​ថា ​សម​យុទ្ធ​នាគ​មាស​២០១៩​នេះ ​នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ និង​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់ ​ចំពោះ​សម្ភារយោធា​ ដែល​កំពុង​ដាក់​តាំង​ នៅ​ទីលាន​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩​នេះ​ មាន​ឧទ្ធម្ភាគ​ចក្រ​ចិន​ចំនួន​៦​គ្រឿង​ ព្រម​ទាំង​សព្វា​វុធ​ជា​ច្រើន។

លោកវរសេនីយ៍ឯកពិសេស SHU KE  ប្រធាន​ក្រុម​ការ​ងារ​ដឹក​នាំ​សម​យុទ្ធ​ភាគី​ កង​ទ័ព​​រំដោះ​ប្រជាជន​ចិន​ បាន​ថ្លែង​ថា ​សម​យុទ្ធ​នាគ​មាស​២០១៩​នេះ ​មាន​ភាគី​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ចូល​រួម​ចំនួន​២៥២​នាក់ ​និង​ភាគី​កម្ពុជា​ចូល​រួម​ចំនួន​២៥៤២​នាក់​ ក្នុង​នោះ​មាន​៖​ កម្លាំង​ធ្វើ​សម​យុទ្ធ​ចំនួន​៣៨២​នាក់​,​ កម្លាំង​បម្រើ​ការ​ក្នុង​សម​យុទ្ធ​ចំនួន ​៤៤៨​នាក់​,​ កម្លាំង​ចូល​រួម​ក្នុង​ពិធី​បើក​-​បិ​ទ​ ចំនួន​១,៦៨៥​នាក់​។ ​ក្នុង​សម​យុទ្ធ​នាគ​មាស​នេះ ​មាន​ការ​ហ្វឹក​ហាត់​ក្នុង​ទី​បញ្ជាការ​ និង​ទី​លាន​ ដោយ​ផ្តោត​សំខាន់​លើ​វិញ្ញាសា​មួយ​ចំនួន ​ដូច​ជា​ការ​ប្រឆាំង​ភេរវ​កម្ម​,​ ការ​រំដោះ​ចំណាប់​ខ្មាំង,​ ​ការ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​ ពី​គ្រោះ​ធម្ម​ជាតិ,​ ការ​បំពេញ​ភារ​កិច្ច​ក្រោម​ឆ័ត្រ​អង្គ​ការ​សហ​ប្រជា​ជាតិ ​ និង​ការ​ងារ​វិស្វកម្ម​ជា​ដើម​។​

លោក​បាន​ថ្លែង​ទៀត​ថា​ សម​យុទ្ធ​នាគ​មាស​២០១៩​ រវាង​កង​ទ័ព​រំដោះប្រជា​ជន​ចិន​ជា​មួយ ​នឹង​កង​យោធពល​ខេម​រភូមិន្ទ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ទី​៣ហើ​យ ​នៅលើ​ទឹក​ដី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ដែល​មាន​កម្លាំង​ទាំង​ពីរ​ភាគី ​ចូល​រួម​ក្នុង​ពិធី​បើក​សម​យុទ្ធ​នាគ​មាស​ចំនួន​២៧៩៤​នាក់ ​ ក្នុង​នោះ​ភាគី​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ចំនួន​២៥២​នាក់, កង​យោធ​ពល​ខេមរ​ភូមិន្ទ កម្លាំង​ចូល​រួម​ធ្វើ​សម​យុទ្ធ​ចំនួន​២៨២​នាក់ ​កម្លាំង​បម្រើការ​ក្នុង​សម​យុទ្ធ​ ចំនួន​៤៤៨​នាក់ ​នឹង​កម្លាំង​ចូល​រួម​ក្នុង​ពិធី​បើក ​និង​បិទ​លំ​ហាត់ ​ចំនួន​១៦៨៥​នាក់ ​ដែល​ត្រូវ​បាន​បែង​ចែក​ជា (លំហាត់​ទី​បញ្ជាការ​, លំហាត់​ក្រុម​ស៊ើប​ការណ៍, ក្រុម​រំដោះ​ចំណាប់​ខ្មាំង​សម្រូត​ពួរពី​លើ​ឧទ្ធម្ភាគ​ចក្រ​, ក្រុម​ថ្មើរ​ជើង​យាន​យន្ត​នៅ​ទិស​ខាង​ជើង​ដោយ​រថពាស​ដែក ​បេ ​អឹម ​ប៉េ​១, ក្រុម​ថ្មើរ​ជើង​យាន​យន្ត​នៅ​ទិស​ខា​ងស្តាំ​ ដោយ​រថ​ពាស​ដែក ​បេ ​អឹម ​ប៉េ​១​, ក្រុម​រថ​ក្រោះ​បាញ់​បុក​ទិស​ខាង​មុខ​ ដោយ​រថ​ក្រោះ​ តេ​៥៥​, ក្រុម​អាវុធ​គាំទ្រ​ដែល​មាន​កាំ​ភ្លើង​ធំ​ប្រភេទ​អូស​សណ្តោង​ធុន ​122​ D30​mm​, កាំ​ភ្លើង​ត្បាល់​ធុន​60mm, ធុន80​mm, និង​ធុន​100​mm​, និង​អាវុធ​គាំទ្រ​ពី​លើ​អាកាស ​ដែល​មាន​ឧទ្ធម្ភាគ​ចក្រ​ប្រភេទ​ មី​១៧​, និង​ឧទ្ធម្ភាគ​ចក្រ​ប្រភេទZ9​ ផង​ដែរ​។​ ក្រៅ​ពី​នោះ​យើង​ក៏​មាន​ក្រុម​ធានា​ប្រយុទ្ធ​ គឺ​កង​វិស្វកម្ម, គីមី, ក្រុម​បន្សាប​ជាតិ​ពុល​, ក្រុម​រាវ​ និង​កម្ទេច​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ, ក្រុម​ដោះ​គ្រាប់​បែក​សារ​ធាតុ​គី​មី​, និង​ក្រុម​បន្សាប​គីមី​ពុល ​រួម​និង​សម្ភារ​យោធប​រិក្ខា​រយោ​ធា​ជា​ច្រើន​មុខ​ទៀត​ដើម្បី​ធ្វើ​ការ​បាញ់​រួម​គ្នា។

ឧត្តមសេនីយ៍ទោ ហ្វេង ស៊ាន បានថ្លែងថា  លំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩នេះ គឺជាយុទ្ធនាការជាក់ស្តែងមួយក្នុងការអនុវត្តកូសង់ស៊ីស របស់ថ្នាក់ដឹកនាំកងទ័ព នៃប្រទេសទាំងពីរ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងចូលរួមជំរុញលើកម្ពស់ សមត្ថភាពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនឆ្ពោះទៅ មុខបន្ថែមទៀត។ តាងនាមឱ្យកងទ័ពរំដោះប្រជាជនចិន សូមសម្តែងការអបអរសាទរ យ៉ាង ខ្លាំងក្លា ចំពោះការប្រព្រឹត្តទៅពិធីបើកលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ នាឱកាសនេះ។

លោកបានបន្ថែមទៀតថា ក្នុងដំណើរឆ្ពោះទៅមុខជាថ្មី ប្រទេសទាំងពីរបានពាំនាំនូវការរីកចម្រើនថ្មីៗសម្រាប់កងទ័ពប្រទេសទាំងពីរក្នុងនោះ លំហាត់សមយុទ្ធនាគមាស គឺជាដំណើរបេសកកម្មថ្មីមួយ ក្នុងយុគសម័យថ្មី ព្រមទាំងបានក្លាយជាសមិទ្ធផល ដ៏ល្បីឈ្មោះនៅក្នុងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ដែលយើងបន្តពង្រឹងនូវទំហំ និងខ្លឹមសារនៃលំហាត់រួមគ្នានៅពេលនេះ និងទៅថ្ងៃអនាគត ឱ្យកាន់តែធំ និងសម្បូរបែបលើការហ្វឹកហ្វឺនរួមគ្នាជាមួយក្រសួងការពារជាតិ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា លំហាត់នាគមាស នឹងធ្វើឱ្យក្លាយជាស្ពាន តភ្ជាប់នូវចំណងមិត្តភាពនៃកងទ័ពទាំងពីរ ជំរុញឱ្យស្មារតី ប្រយុទ្ធដ៏អង់អាច ការតស៊ូអត់ធ្មត់ ក្នុងការហ្វឹកហ្វឺនរួមគ្នា ចងទៅជាចំណងមិត្តភាពក្នុងនាមជាយោធិន នៃកងទ័ពទាំងពីរ ដើម្បីជំរុញមិត្តភាព ឱ្យកាន់តែរីកចម្រើនរឹងមាំឆ្ពោះទៅមុខ។

លោកឧត្តមសេនីយ៍ទោ បានបង្ហាញនូវការជឿជាក់ថា លំហាត់សមយុទ្ធនាគមាស នៅឆ្នាំនេះប្រកប និងទទួលបានលទ្ធផលកាន់តែច្រើន កាន់តែលេចធ្លោបន្ថែមទៀត ដូចសុភាសិតមួយបាននិយាយថា នៅរដូវធ្លាក់ខ្យល់ គឺជាពេលវេលាបង្កបង្កើនផលដ៏ល្អបំផុត បច្ចុប្បន្នទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន កំពុងតែឈានចូលការ រីកចម្រើនក្នុងដំណាក់កាលថ្មី។

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​ជំនួស​មុខ​ឱ្យ​ប្រមុខ​រាជ​រដ្ឋាភិ​បាល ​កង​ទ័ព​ និង​ប្រ​ជា​ជន​កម្ពុជា​ បាន​សម្តែង​នូវ​ការ​អរគុណ​ និង​ដឹង​គុណ​ចំពោះ​បក្ស​ រដ្ឋា​ភិបាល ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ ដែល​ជា​និច្ច​ជា​កាល​តែង​បាន​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​លើស​លប់​ ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ពិសេសកងយោធពលខេមរភូមិន្ទលើ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ នៅ​ប្រទេស​ចិន​ និង​នៅ​កម្ពុជា​ ពិសេស​ការ​ជួយ​កសាង​វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​កម្ពុជា​ រហូត​ក្លាយ​ជា​វិទ្យា​ស្ថាន​ដ៏ទំនើប​មួយ​នៅ​អាស៊ី​។​

ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា​ សម​យុទ្ធ​នាគ​មាស​២០១៩​ ដែល​បាន​ធ្វើ​លើក​ទី​៣​នេះ ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និ​ង​ការ​កសាង​សមត្ថភាព​កង​ទ័ព​ទាំង​ពីរ​ ឱ្យ​ទទួល​ជំនាញ​ថ្មី​ៗ​បន្ថែម​ទៀត​ លើ​កិច្ច​ការ​ងារ​ប្រយុទ្ធ​ ប្រឆាំង​ភេវរកម្ម​ និង​កិច្ច​ការ​មនុស្ស​ធម៌​ ការ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​នានា​ ជា​ពិសេស​ការ​ផ្សារ​ភ្ជាប់​យ៉ាង​ជ្រាល​ជ្រៅ​ទៅ​នឹង​កិច្ច​សហប្រតិបត្តិ​ការ​ នៃ​ការ​រឹត​ចំណង​មេត្រី​ភាព​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ចិន​ កាន់​តែ​ប្រសើ​រ។​

ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ វង្ស​ ពិសេន​ បាន​សម្តែង​នូវ​ជំនឿ​ជឿ​ជាក់​ថា ការ​ធ្វើ​សម​យុទ្ធ​ជា​លើក​ទី​៣​ ជា​មួយ​កង​ទ័ព​រំដោះ​ប្រ​ជា​ជន​ចិន​នា​លើក​នេះ នឹង​ឆ្លើយ​តប​យ៉ាង​ត្រឹម​ត្រូវ ​ក្នុង​កិច្ច​សហការ​ទាំង​ថ្នាក់​ជាតិ ​អន្តរ​ជាតិ ​ដើម្បី​ទប់​ស្កាត់​ និង​កាត់​បន្ថយ​បញ្ហា​ប្រឈម​ទាំង​ឡាយ​ដែល​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​មនុស្ស​ជាតិ​ ៕

ដោយ សំសាម៉ន