ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានសន្យាថា នឹងជំរុញទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននាទី ក្រុងហាណូយ ប្រទេសវៀតណាម សន្យាថា នឹងជំរុញទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា​ ទាំង ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោ​បា​យ​ និងទេស​ចរណ៍ឱ្យកាន់តែមានភាពល្អ ប្រសើរថែម ទៀត​។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នក នាំពាក្យសម្តេចប្រធានរដ្ឋសភាបានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹង នៅក្រោយជំនួបសវនា ការរវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Bekerzhan Zhumakhanov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា​។

អ្នកនាំពាក្យរូបនេះបន្តថា ក្នុងជំនួបនោះ ឯកឧត្តម Bekerzhan Zhumakhanov បានសម្តែងនូវសេចក្តីរីករាយផងដែរ ដោយបានឃើញភាពរីកចម្រើននៃទំនាក់ទំនង សហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងកាហ្សាក់ស្ថាន ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងសភា និងសភានៃប្រទេសទាំងពីរ ទាំងក្នុងវេទិកាអន្តរសភាអន្តរជាតិនានា ទាំងក្នុងតំបន់ និងសកលលោក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាននាំយកសារលិខិតអញ្ជើញ របស់ប្រធានសភាកាហ្សាក់ស្ថាន ជូនសម្តេចប្រធានរដ្ឋសភាកម្ពុជា ដើម្បីសុំអញ្ជើញសម្តេច ឱ្យទៅចូលរួមកិច្ចប្រជុំកំពូល (អឺរ៉ាស៊ី) និងកិច្ចប្រជុំថ្នាក់ប្រធានសភាអឺរ៉ុបអាស៊ីលើកទី៤ នៅកាហ្សាក់ស្ថាននាពេលខាងមុខផងដែរ។ ជាមួយនេះលោកទូតបានប្តេជ្ញាចិត្តថា ក្នុងនាម លោកជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរកម្ពុ​ជា និងកាហ្សាក់ស្ថានឱ្យ កាន់តែល្អប្រសើរថែម ទៀតផងដែរ។សម្តេចប្រធានក៏បានសម្តែងនូវការស្វាគមន៍ និងអរគុណចំពោះលោកទូត ដែលបាន អញ្ជើញមកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ សម្តេចបាន លើកឡើងថា កម្ពុជា និងកាហ្សាក់ស្ថានមានទំនាក់ទំនងការទូតជា មួយគ្នាអស់ជាង ៦ ទសវត្សរ៍មកហើយ។ ទំនាក់ទំនងដ៏យូរលង់នេះត្រូវបានបន្តពង្រឹងពង្រីកជាបន្តបន្ទាប់។ បេសកម្មការទូតរបស់លោកនៅកម្ពុជា ពិតមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការជំរុញ លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាហ្សាក់ស្ថានឱ្យកាន់តែមាន សកម្មភាពរស់រវើក។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រសហប្រតិបត្តិការដ៏ល្អរវាងប្រទេស ទាំងពីរកម្ពុជា-កាហ្សាក់ស្ថាន ហើយសម្តេចចង់ឃើញនូវការអភិវឌ្ឍថ្មីៗទៀត តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចក៏បានស្នើ ឯកឧត្តមឯកអគ្គរដ្ឋទូតទូតកាហ្សាក់ស្ថានប្រចាំកម្ពុជា ឱ្យបន្តជំរុញកិច្ច សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ឱ្យ កាន់តែមាន ភាពរីកចម្រើនថែមទៀត។
ទាក់ទងនឹងការអញ្ជើញរបស់ប្រធានសភាកាហ្សាក់ស្ថាន សម្តេចប្រធានបាន ឯកភាពតាមការអញ្ជើញនេះ ដែលមានការគាំទ្រពីប្រធានសភាឌូម៉ារុស្សី និងប្រធានសភាកូរ៉េ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអឺរ៉ុប-អាស៊ី (អឺរ៉ាស៊ី) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកាហ្សាក់ ស្ថាននាពេលខាងមុខ៕

ដោយ ប៉ាល់ សុង