សម្តេចប្រធានព្រឹទ្ធសភា  អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យលោក Beketzhan Zhumakhanov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំកម្ពុជា និងជាប្រេសិតពិសេសរបស់សភា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជួបសម្តែងការគួរ សមនៅវិមានព្រឹទ្ធសភា។នៅក្នុងឱកាសនោះ ឯកឧត្តម Beketzhan Zhumakhanov បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ  សម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសមនាពេលនេះ។ លោក Beketzhan Zhumakhanov បានសម្តែងនូវសេចក្តីរីករាយ ដែលមានឱកាសមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូត លើកទី១ ប្រចាំនៅប្រទសកម្ពុជា វៀតណាម និងប្រទេសឡាវ។ តាមរយៈបេសកកម្មការ ទូតនេះ ឯកឧត្តមបានសន្យាថា នឹងខិតខំពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រត្តិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម Beketzhan Zhumakhanov បានសម្តែងនូវមនោសញ្ចេតនាគោរព និងស្រឡាញ់ប្រជាជនកម្ពុជា ពីព្រោះលោកក៏ធ្លាប់បានមកធ្វើការងារ ជាអ្នកការទូត របស់អតីតសហភាពសូវៀត ប្រចាំនៅកម្ពុជាក្នុងទសវត្សរ៍ទី៩០។ ឯកឧត្តមអគ្គរដ្ឋទូតបាន គូសបញ្ជាក់ថា រដ្ឋសភា និងព្រឹទ្ធសភា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នឹងបង្កើតក្រុមមិត្តភាព ជាមួយនឹងព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីក ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការល្អ រវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមទូតក៏បាននាំយកសារលិខិតរបស់ប្រធានសភាកា ហ្សាក់ស្ថាន សភាសហព័ន្ធរុស្ស៊ី និងសភានៃសាធារណរដ្ឋកូរ៉េ    ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដើម្បីសុំអញ្ជើញសម្តេចឱ្យទៅចូលរួមកិច្ចប្រជុំវេទិកា ប្រធានសភាប្រទេស តំបន់អឺរ៉ុប-អាស៊ីលើកទី៤ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ នៅប្រទេសកាហ្សាក់ស្ថាន។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះ ថា្នក់ដឹកនាំ សភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលនូវសេចក្តីអញ្ជើញ និងត្រៀមលក្ខណៈទៅ ចូលរួមកិច្ចប្រជុំវេទិកាប្រធានសភាប្រទេសតំបន់អឺរ៉ុប-អាស៊ីលើកទី៤ នៅប្រទេសកា ហ្សាក់ស្ថាន។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុល សេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់បំផុតចំពោះ បេសក កម្មការទូតរបស់លោក Beketzhan Zhumakhanov ដែលបានរួមចំណែកនូវការពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាព សាគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជន និងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា សម្តេចនឹងទទួលយកនូវសេចក្តីអញ្ជើញនេះ និងសហការជាមួយនឹងរដ្ឋសភា ដើម្បីរៀបចំការចូលរួមកិច្ចប្រជុំវេទិកាប្រធានសភា ប្រទេសតំបន់អឺរ៉ុប-អាស៊ីលើកទី៤ ដែលប្រព្រឹត្តទៅនៅប្រទេសកាហ្សាក់ស្ថាន នាពេល ខាងមុខ។ សម្តេចប្រធានព្រឹទ្ធសភាសង្ឃឹមថា កិច្ចប្រជុំវេទិកាប្រធានសភា ប្រទេសតំបន់អឺរ៉ុប-អាស៊ីលើកទី៤នេះ នឹងទទួលបានជោគជ័យ ទទួលបានការចូលរួមច្រើន ពីថ្នាក់ដឹកនាំសភា ជាច្រើនប្រទេស ហើយកិច្ចប្រជុំនេះ នឹងរួមចំណែកដល់ការ ពង្រឹងពង្រីកនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងកម្រិតពិភពលោក ជាពិសេស នឹងរួមចំណែកដោះ ស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោក ដូចជា៖ ជម្លោះប្រដាប់អាវុធ ជម្លោះពាណិជ្ជ កម្ម អំពើភេរវកម្ម និងបញ្ហាការប្រែប្រួលអាកាសធាតុ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងសេចក្តីរីករាយក្នុងការបន្តនូវការពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយនឹងសភា នៃសាធារណរដ្ឋ កាហ្សាក់ស្ថាន។ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបង្កើតក្រុមមិត្តភាពជាមួយនឹង ព្រឹទ្ធសភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ តាមរយៈ ឯកឧត្តម Beketzhan Zhumakhanov   សម្តេចក៏បានផ្តាំផ្ញើនូវការគោរព និងការសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំសភា និងថ្នាក់ ដឹកនាំជាន់ខ្ពស់ដទៃទៀត នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងជូនពរឯកឧត្តម ឯកអគ្គរដ្ឋទូតឱ្យទទួលបាន ជោគជ័យក្នុងការបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា៕

ដោយ ប៉ាល់ សុង