រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ៖ ក្រសួងមហាផ្ទៃកំពុងដឹកនាំក្រុមការងារព្រាងសេចក្ដី ស្នើវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធនឹងធនធានធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួងកំពុងដឹកនាំក្រុមការងារព្រាងសេចក្ដីស្នើវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធនឹងការ អភិរក្ស និងការពារធន​ធានធម្មជាតិ ដើម្បីពង្រឹងការអនុវត្ដឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។ ការគូសបញ្ជាក់យ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ឯកឧត្តម George Edgarឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុបប្រចាំនៅកម្ពុជាបាននាំយកសំណើរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនមកជម្រាបជូន សម្ដេចក្រឡាហោមដោយក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បាន ស្នើរាជរដ្ឋាភិបាលឱ្យបង្កើន​ការការពារធានធានធម្មជាតិ ពិសេសសត្វព្រៃ និងព្រៃឈើ។ នេះបើយោងតាមការផ្សាយតាម បណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង។ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាជាមួយឯកឧត្តម George Edgarឯកអគ្គរដ្ឋ ទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្ដិ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអភិរក្សធនធានធម្មជាតិ ហើយក្នុងនាមរាជ​រដ្ឋាភិបាល និងប្រជាជនកម្ពុជាសូមថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលតែងតែផ្ដល់កិច្ច​សហប្រតិបត្តិការជួយកម្ពុជាយ៉ាងច្រើននាពេលកន្លងមក។ សម្ដេចក្រឡាហោមបានលើក ឡើងថា បើទោះបីជារយៈពេលចុងក្រោយនេះ កម្ពុជា និងសហភាពអឺរ៉ុប មានបញ្ហា មិនចុះ សម្រុងគ្នាខ្លះ ប៉ុន្តែសម្ដេចក្រឡាហោមនៅតែមានជំនឿថាទំនាក់ទំនងរវាងកម្ពុជា និងសហ​ភាពអឺរ៉ុបនៅតែបន្តស្ថិតក្នុងភាពល្អប្រសើរ ដូចកន្លងមក តាមរយៈការជួបពិភាក្សាគ្នារវាងភាគី ទាំងពីរ ដើម្បីដោះស្រាយបញ្ហាមិនចុះសម្រុងទាំងនោះ។

ឯកឧត្តម George Edgarឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុបប្រចាំនៅកម្ពុជាបានសម្ដែង​សេច​ក្ដី​រីករាយ ដែលក្រសួងមហាផ្ទៃតែងតែផ្ដល់ការគាំទ្របេសកកម្មរបស់​ស្ថានទូតសហភាព អឺរ៉ុប ហើយសហភាពអឺរ៉ុបពិតជាពេញចិត្តចំពោះការចូលរួមគាំទ្រកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងការអបអរសាទរចំពោះវឌ្ឍនភាព ដ៏ឆាប់ រហ័សរបស់កម្ពុជា ក្នុងកិច្ចការអភវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយឯកឧត្តមបានរម្លឹកឡើង វិញ ថា​ អ្វីៗដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះ គឺមានភាពខុសគ្នាឆ្ងាយណាស់ បើធៀបនឹងប្រទេ ស កម្ពុជាកាលពីជាង២០ឆ្នាំមុន ដែលឯកឧត្តមធ្លាប់មកជាលើកដំបូងនោះ។ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងអបអរសាទរចំពោះផ្លែផ្កា នៃការរៀបចំ វេទិកាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ពិសេសក្រសួងមហាផ្ទៃ ដែល បានដំណើរការកិច្ចពិគ្រោះយោបល់ជាមួយក្រុមអង្គការសង្គមស៊ីវិល ដែលវេទិកានេះ ធ្វើឱ្យ ភាគីទាំងពីរមានការយល់យោគគ្នាបានច្រើនជាងមុន។

សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណសហភាពអឺរ៉ុបចំពោះ ការគាំទ្រកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ក្រសួងមហាផ្ទៃ ហើយនៅតែជឿជាក់ថា សហភាពអឺរ៉ុបនឹងបន្ត គាំទ្រការងារនេះទៀត ពិសេសក្នុងដំណាក់កាល ដែលក្រសួងកំពុងផ្ទេរសិទ្ធិ អំណាច ធនធាន និងការទទួលខុសត្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ពាក់ព័ន្ធនឹងការរៀបចំវេទិកាពិគ្រោះយោ បល់រវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិលសម្ដេចក្រឡាហោម ស ខេង ក៏បាបង្ហាញការវាយ តម្លៃខ្ពស់ចំពោះការងារនេះដែរ ដោយសម្ដេចបានគូសបញ្ជាក់ថា តាមរយៈវេទិកា ពិគ្រោះយោ បល់នេះ រាជរដ្ឋាភិបាល និងសង្គមស៊ីវិល កាន់តែមានភាពជិតស្និទ្ធគ្នាមែន ព្រោះបញ្ហានានា ត្រូវបានដាក់លើតុ ដើម្បីដោះស្រាយជាមួយគ្នា៕

ដោយ ប៊ុន រិទ្ធ