មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុទទួលបានអណ្ដូងស្នប់ចំនួនបី ពីសប្បុរសជនក្នុងខេត្ត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — ដោយសារតែស្ថានភាពនៅក្នុងក្រុងព្រះសីហនុ មានបញ្ហាប្រឈមកង្វះទឹកស្អាតប្រើ ប្រាស់ប្រចាំថ្ងៃនៅតាមតំបន់មួយចំនួននោះ ជាពិសេសមន្ទីរពេទ្យបង្អែកខេត្តដែលកំពុង ប្រឈមនឹងកង្វះទឹកស្អាតប្រើប្រាស់សម្រាប់អ្នកជំងឺ។ កាលពីរសៀលថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ លោក សេង ហួរលាង ជាសប្បុរសជន បានជួយជីកអណ្ដូងស្នប់ចំនួន០៣អណ្តូង ជូនដល់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីយកទឹកមកប្រើប្រាស់ប្រចាំថ្ងៃ  ដោយសារតែកន្លងមកថ្មីៗនេះ មន្ទីរ ពេទ្យជួបបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ខណៈដែលមន្ទីរពេទ្យទទួលអ្នកជំងឺមាន ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នេះដោយសារតែប្រជាពលរដ្ឋមានការជឿជាក់ លើសេវាសុខាភិបាលរបស់រដ្ឋ។

លោក សេង ហួរលាង បានបញ្ជាក់ថា អណ្ដូងទាំង០៣នេះ ជាប្រភេទអណ្ដូងស្នប់ (បូមដោយម៉ូទ័រ) ដែលមានមុខកាត់ ០,១៥ម៉ែត្រ ជីកក្នុងជម្រៅពី ៥០ ទៅ ១០០ម៉ែត្រ ឬអាចជ្រៅជាងនេះ ទៅតាមភូមិសាស្ត្រដី។ អណ្តូងទឹកទាំង០៣នេះ ក្នុងនោះ មាន០២អណ្តូង ជាអំណោយរបស់លោក និងក្រុមគ្រួសារ និង០១អណ្តូងទៀតជារបស់ម្ចាស់ផ្សារសាំម៉ូដារ៉ា នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ផ្តល់តាមរយៈលោក។

លោក សេង ហួលាង បានបន្តថា អណ្តូងទឹកស្អាតទាំង០៣នេះ អាចនឹងខួងរួចរាល់ នៅក្នុងសប្តាហ៍នេះ និងប្រគល់ជូនមន្ទីរពេទ្យប្រើប្រាស់តាមតម្រូវ របស់មន្ទីរពេទ្យ។ លោក សង្ឃឹមថា ក្រោយពីដាក់ឱ្យដំណើរ ការអណ្តូងទាំង ០៣នេះ បូកនឹងអណ្តូងរបស់មន្ទីរពេទ្យ ០១ទៀត បញ្ហាទឹកស្អាតក្នុងមន្ទីរពេទ្យ មិនមានបញ្ហាប្រឈម និងកង្វះទឹកស្អាតប្រើប្រាស់ ទៀតទេ។

លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យដឹងថា ដោយសារមន្ទីរពេទ្យនាពេលបច្ចុប្បន្ន មានអ្នកជំងឺចូលមកសម្រាកព្យាបាលជាមធ្យមក្នុង មួយថ្ងៃ មានចំនួន២០០នាក់ ក្នុងនោះក៏មានជនបរទេសផងដែរ។ ដែលតម្រូវការប្រើប្រាស់ ទឹកក្នុងមន្ទីរពេទ្យក្នុងមួយថ្ងៃប្រមាណជា៤០ម៉ែត្រគុប ក៏ប៉ុន្តែខាងរដ្ឋាករទឹកផ្គត់ផ្គង់ ទឹកមិន គ្រប់ ធ្វើឱ្យមន្ទីរពេទ្យប្រឈមនឹងខ្វះទឹកស្អាតប្រើប្រាស់នាពេលបច្ចុប្បន្ន ថ្វីត្បិតតែមន្ទីរពេទ្យ មានអណ្តូងមួយ  តែការបូមយកមកជំនួសទឹករដ្ឋមិនគ្រប់តាមតម្រូវការនៃការប្រើប្រាស់ទេ។

លោកប្រធានមន្ទីរពេទ្យ ថ្លែងអំណរគុណដល់លោក សេង ហួលាង និងម្ចាស់ផ្សារ (សាំបូដារ៉ា )ដែលជាសប្បុរសជនបានផ្តល់អំណោយមនុស្សធម៌ ជាអណ្តូងទឹកស្អាតចំនួន ០៣ ដល់មន្ទីរពេទ្យ ដើម្បីបូមយកមកប្រើប្រាស់ជាប្រយោជន៍រួមដល់អ្នកជំងឺ និងក្រុមគ្រូពេទ្យ ដែលត្រូវការទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ៕

ដោយ ងូ សុមុនី