រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ណែនាំ ឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ទាំងអស់ ត្រូវអនុវត្តន៍ការរៀប​ចំ សេវាច្រកចេញ-ចូលតែមួយ ដើម្បីងាយស្រួលក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ

AKP ព្រៃវែង ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ — សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ ឱ្យរដ្ឋបាលខេត្តព្រៃវែង ក្រុង ស្រុក ទាំងអស់ ត្រូវពង្រឹង និងអនុវត្តន៍ ក្នុងការរៀបចំនូវសេវា ច្រកចេញ-ចូលតែមួយ ដើម្បីងាយស្រួលក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ ។ក្នុងពិធីបិទពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ សម្ដេច ក្រឡាហោម ស ខេង បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលបានប្រជុំបូកសរុបសន្និបាតការងាររបស់រដ្ឋបាលខេត្តព្រៃវែង និងបានអនុវត្តន៍កន្លងមក និងត្រូវអនុវត្តន៍បន្តនៅក្នុងឆ្នាំ២០១៩នេះ ហើយសមិទ្ធផលទាំងនេះគឺ បានបង្ហាញឱ្យឃើញថា​ ជាការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក សង្កាត់ ទាំងអស់។ សម្ដចក្រឡាហោម បានបញ្ជាក់ថា អាជ្ញាធរខេត្ដ ក្រុង ស្រុក ខណ្ឌ និងសង្កាត់ ត្រូវបន្តជំរុញលើកទឹកចិត្តប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នា បង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ដូចជាបទល្មើស គ្រឿងញៀន ការជួញដូរមនុស្ស សកម្មភាព លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅគ្រប់ មូលដ្ឋានទូទាំងខេត្ត។ ទន្ទឹមនេះ សម្រាប់ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវពង្រឹង និង អនុវត្តន៍ឱ្យបានជាដាច់ខាតនូវរាល់បញ្ហាគ្រឿងញៀនទាំងឡាយដែលកើតមានឡើងនៅក្នុង ខេត្ត និងនៅបណ្ដាក្រុង ស្រុក ទាំងអស់ ក្នុងខេត្តព្រៃវែង។
ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងអំពីសមិទ្ធផលនៃអង្គ សន្និបាត និងបានធ្វើការវាយតម្លៃខ្ពស់ប្រកបដោយមោទនភាពដែលការអនុវត្ដការងារ របស់ មន្ទីរ អង្គភាពនានា សម្រេចបាននាពេលកន្លងមក ដូចជាការងារសមភាពយេនឌ័រ បរិយាប័ន្ន សមធម៌សង្គមសេវាសង្គម ការអនុវត្តមុខងារត្រៀមទទួលការផ្ទេរមុខងារថ្មី និងការងារ អភិវឌ្ឍន៍សមត្ថភាព ការងារផ្តល់សេវាច្រកចេញចូលតែមួយ។ ជាមួយគ្នានេះដែរ ការអនុវត្ត​ការងារនៅថ្នាក់ក្រុងស្រុក ការអនុវត្តគម្រោងមូលនិធិ ស្រុក ក្រុង ឃុំ សង្កាត់ និងការគ្រប់ គ្រងសំរាម ការងារគ្រប់គ្រងធនធានធម្មជាតិ និងទំនាស់ដីធ្លី ការងារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈពិសេសគឺបញ្ហាគ្រឿងញៀន ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរជាណ៍ដើម៕

ដោយ អ៊ុន រិទ្ធី (ប្រភព៖មន្ទីរព័ត៌មានខេត្តព្រៃវែង)