រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអះអាងថា ប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការក្ដាប់ យកនូវឱកាសពីសេដ្ឋកិច្ចឌីជីថល

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអះអាងថា ប្រទេសកម្ពុជាមានសក្តានុ ពលខ្ពស់ក្នុងការក្ដាប់យកនូវឱកាសពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថល។

ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី“គោលនយោបាយ និងទិសដៅ នៃសេដ្ឋកិច្ចឌីជីថលកម្ពុជា” កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានគូសបញ្ជាក់ថា ការក្ដាប់យកនូវកាលានុវត្ត ភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថលនេះឈរលើកត្តាចំនួនបួនគឺ ទី១- ភាព អំណោយផលផ្នែកប្រជាសាស្ត្រដោយសារវត្តមាននៃចំនួនយុវជនដ៏ច្រើនដែលមានការអប់រំ ខ្ពស់ និងងាយទទួលយកនូវបច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័ស។ ទី២-ការកើនឡើងយ៉ាង​ឆាប់រហ័សនៃការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍ឆ្លាត(Smartdevices)។ ទី៣-ការរីកចម្រើន យ៉ាងឆាប់រហ័សនៃផ្នែកបច្ចេកវិទ្យា តាមរយៈលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស។ ទី៤-ឥទ្ធិពលដ៏លឿននៃឌីជីថលភាវូនីយកម្មដែលកំពុងកើតមាននៅក្នុងគ្រប់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ។ ផ្អែកលើបទពិសោធន៍ជាអន្តរជាតិ ប្រទេសដែលអាចក្ដាប់យកអត្ថប្រយោជន៍ ពីសេដ្ឋកិច្ចឌីជីថល គឺជាប្រទេសដែលមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានេះ ហើយចេះ សម្របខ្លួនទៅតាមការផ្លាស់ប្តូរទាំងនេះ បានទាន់ពេលវេលា។ ក្នុងន័យនេះ សម្រាប់ប្រទេស​កំពុងអភិវឌ្ឍន៍ដូចកម្ពុជា បច្ចេកវិទ្យាថ្មីអាចផ្តល់នូវកាលានុវត្តភាពក្នុងការលោតផ្លោះដំណាក់​កាលធម្មតានៃការអភិវឌ្ឍបច្ចេកវិទ្យា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានចាត់ទុក​ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាវិស័យអាទិភាពយ៉ាងសំខាន់បំផុតមួយ សម្រាប់​ការអភិវឌ្ឍប្រទេសដូចដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។

ជាមួយគ្នានេះ កាលពីថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញ និង អនុវត្តន៍នូវវិធានការគោលនយោបាយមួយចំនួនដែលជាផ្នែកមួយផងដែរនៃការចាប់ផ្ដើមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរួមមាន ទី១. ការរៀបចំបង្កើតធនាគារ SMEs និងការដាក់ចេញ នូវអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុង វិស័យអាទិភាពមួយចំនួន រួមបញ្ចូលវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ ទី២. ការ បង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញក្នុងគោលបំណងកាត់បន្ថយគម្លាតជំនាញ។ ទី៣.ការបង្កើត មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្នុងគោលបំណងគាំទ្រដល់ការបង្កើតធុរកិច្ចថ្មីៗផ្អែកលើ បច្ចេកវិទ្យា (ឬ Tech-Startup) និង ៤.ការបង្កើតមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក្នុងគោល បំណងកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីគ្រប់ប្រភពស្របច្បាប់នានា សំដៅជំរុញ ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើដល់អង្គសិក្ខាសាលាមេត្តាយកចិត្តទុកដាក់លើចំណុចពាក់ព័ន្ធសំខាន់ៗមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់ការពិចារណា និងតម្រង់ទិសការពិភាក្សារយៈពេល២ ថ្ងៃនេះ ផ្តោត ទី១- ការបង្កើតនូវបរិយាកាសឌីជីថលមួយប្រកបដោយជីវភាព និងមានមូលដ្ឋានគ្រឹះរឹងមំា ដែលផ្ដល់លទ្ធភាពឱ្យក្រុមហ៊ុន ទាំងតូច ទាំងធំ, នៅក្នុងស្រុក អាចភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ តម្លៃសកលនៃសេដ្ឋកិច្ចឌីជីថល, នៅក្នុងតំបន់ និងក្នុងពិភពលោក។ ទី២- ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធទាំងផ្នែកទន់ និងរឹង ដោយប្រកាន់ទស្សនវិស័យវែងឆ្ងាយ និងមានការគិតគូរ ជាប្រព័ន្ធច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព, ភាពបំពេញគ្នា និងភាពគ្រប់ជ្រុងជ្រោយ។ ទី៣- ការធ្វើបច្ចុប្បន្នភាពគោលនយោបាយសារពើពន្ធ, គោលនយោបាយការងារ និងបទប ញ្ញត្តិស្ដីពីការទទួលស្គាល់ហត្ថលេខា, អត្តសញ្ញាណកម្ម, កិច្ចសន្យា និងប្រតិបត្តិការនានា តាម បែបឌីជីថល។ ទី៤- ការអប់រំ, ការបណ្ដុះបណ្ដាល និងការបញ្ជ្រាបនូវការយល់ដឹងអំពី​បច្ចេក វិទ្យាឌីជីថលឱ្យបានឆាប់ រួមទាំងការពិនិត្យឡើងវិញនូវការគាំទ្រ និងតម្រង់ទិសឧត្ដមសិក្សា ទៅរកការស្រាវជ្រាវ និងនវានុវត្ដន៍។ ទី៥-សិក្សា និងរៀបចំ ចំផែនទីចង្អុលផ្លូវមួយសំដៅ កសាងឡើងនូវមូលដ្ឋានគ្រឹះ និងបរិស្ថានសមស្រប សម្រាប់លើកកម្ពស់ការអភិវឌ្ឍរដ្ឋាភិ បាលសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់​បន្ថែមថា ដូចជាប្រទេស នានានៅលើសកលលោក និងនៅក្នុងតំបន់ដែរ, បច្ចេកវិទ្យាឌីជីថល កំពុងតែរីកលូតលាស់ គ្របដណ្តប់កម្ពុជាយ៉ាងឆាប់រហ័សហួសពីការស្មាន។ ឯកឧត្តមបានបន្ដទៀតថា ក្នុងបរិបទនេះ កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានល្អដើម្បីធានាឱ្យយើងអាចទាញយកបានជាអតិបរមានូវអត្ថប្រយោជន៍ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការវិវត្តនេះ មកលើប្រជាជន និងលើសេដ្ឋកិច្ច និង សង្គមរបស់យើង តាមរយៈការរៀបចំធនធានមនុស្ស និងសង្គមរបស់យើង, ការកែទម្រង់ ហេដ្ឋារចនាសម្ព័ន្ធទាំងទន់ និងរឹង ជាពិសេសការកែទម្រង់ប្រព័ន្ធអប់រំ, ប្រព័ន្ធគាំពារសង្គម និងរចនាសម្ព័ន្ធស្ថាប័នរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានឱ្យដឹងទៀតថា ដោយឈរលើ សមិទ្ធផលរបស់យើងប៉ុន្មានទសវត្សរ៍កន្លងមកក្នុងការកសាងជាតិ ដោយចាប់ផ្តើមពីចំណុច សូន្យ, កម្ពុជាប្រាកដជាអាចសម្របខ្លួននឹងយុគសម័យឌីជីថលបាន ហើយថែមទាំងអាច សម្របបានយ៉ាងល្អទៀតផង៕

ដោយ គង់ សិរីរ័ត្ន