អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យផ្លូវលេខ១០៤ គ្រោងបើកការដ្ឋានជួសជុលឡើងវិញ នៅខែមេសាខាងមុខ

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ មន្ទីរសាធារណការ អាជ្ញាធរក្រុង សង្កាត់លេខ៤ ចុះពិនិត្យស្ថានភាពផ្លូវអិលវី (ផ្លូវលេខ១០៤) មានទីតាំង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីត្រៀមធ្វើការបើកការដ្ឋាន សាងសង់ ឡើងវិញ បន្ទាប់ពីផ្លូវនេះរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំ២០១៨ កន្លងមក បង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ តាំងពីរដូវវស្សាមកម៉្លេះ។ ផ្លូវមួយខ្សែនេះ និងជួសជុលដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ការជួសជុលផ្លូវលេខ១០៤ ឬផ្លូវអិលវីនេះ គឺជាផ្លូវ មួយក្នុងចំណោមផ្លូវចំនួន២២ខ្សែ ដែលរាជរដ្ឋាភិបាល បានសម្រេចផ្តល់កញ្ចប់ថវិកា ពិសេស ជូនរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តទេសចរណ៍ មួយនេះឱ្យមានភាពប្រសើរឡើងវិញ ទន្ទឹមនឹងផ្លូវនៅក្នុងក្រុងព្រះសីហនុជាច្រើនខ្សែទៀត គ្រោងជួសជុលឡើងវិញជាបន្តន្ទាប់ផងដែរនៅពេលខាងមុខ។

លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ឱ្យដឹងថា ផ្លូវលេខ១០៤ ដែលគ្រោងជួសជុលសាងសង់នេះ មានប្រវែង ១,៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចាក់បេតុងឆ្អឹងដែក និងមានដាក់លូរអមសងខាងផ្លូវ ដើម្បីធានាគុណភាពដឹកជញ្ជូន និងការ ប្រើប្រាស់បានយូរ។ រាល់ការចំណាយសាងសង់ផ្លូវនេះ ជាកញ្ចប់ថវិការបស់រដ្ឋ ចំណែក លូអមសងខាងផ្លូវជាការចំណាយបដិភាគរបស់រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែល រស់នៅអមសងខាងផ្លូវ៕

ដោយ ងូ សុមុនី