យុវជនជាអ្នកបន្តវេនក្នុងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ

AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា បានមាន​ប្រសាសន៍ថា យុវជនគឺជាអ្នកបន្តវេនក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដែលជាដួង​ព្រលឹងរបស់ជាតិឱ្យបាននៅគង់វង្សនោះ។

ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តម ប្រាក់ សុវណ្ណារ៉ា អញ្ជើញចូលរួមប្រារព្ធពិធី អបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នៅសាលាខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះដែលមាន អ្នកចូលរួមជិត៥០០នាក់។

ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា បានគូសបញ្ជាក់ថា ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេសជាតិ ដែលជា​និច្ចកាល រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​រៀបចំ​ប្រារព្ធ​ពិធី​នេះជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល​នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​នូវ​កេរ​មរតក​វប្បធម៌ និង​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​។ឯកឧត្តមបន្តទៀតថា ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ជាការ​ជំរុញ និង​ផ្សព្វផ្សាយ ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស ហើយ​និង​ទេពកោសល្យ​វប្បធម៌ ក៏ដូចជា​ការ​ក្រើនរម្លឹក បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​យុវជន​ដែលជាទំពាងស្នងឫស្សីនោះឱ្យមានការភ្ញាក់រលឹកចូលរួមថែរក្សាការពារទាំងអស់គ្នា។

ឯកឧត្តមបានបញ្ជាក់ទៀតថា យុវជន និងយុវនារីទាំងអស់នេះហើយជាអ្នកបន្តវេនក្នុង ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិហេតុដូច្នេះសូមឱ្យយុវជនយុវនារីយើងត្រូវខិតខំបង្កើត​នូវស្នាដៃថ្មីៗឱ្យបានច្រើនជៀសវាងការលួចចម្លង​ដែលជាស្នាដៃពីគេឬពីវប្បធម៌បរទេស នោះ។លោក យង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យបាន ឱ្យដឹងថា​ ​សព្វថ្ងៃនេះការហូរចូលវប្បធម៌បរទេសយ៉ាងគគ្រឹកគគ្រេងតាមរយៈចរន្តសកល ភាវូនីយកម្មធ្វើឱ្យវប្បធម៌របស់ខ្មែរជួបប្រទះបញ្ហាជាច្រើនដែលទាមទារឱ្យយុវជនយុវនារីទាំងអស់ត្រូវតែខិតខំសិក្សាឈ្វេងយល់ពីតម្លៃវប្បធម៌ជាតិខ្លួន ក្នុងការអភិរក្សចំណេះដឹងប្រពៃណី ទំនៀមទម្លាប់​របស់ព្រលឹងជាតិយើង៕

ដោយ ឈុន សារ៉ាត