មន្រ្តី​ជំរឿននៅខេត្តសៀមរាប​បង្ហាញថា ស្រុកទាំង១១ ត្រូវបានជំរឿនចប់តាមផែនការ ប៉ុន្តែនៅសល់ក្រុងសៀមរាបមួយ មិនអាចជំរឿនបានទាន់ពេល

AKP សៀមរាប ​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — មន្រ្តី​ជំរឿននៅខេត្តសៀមរាប​បង្ហាញថា នៅ​ក្នុង​រយៈពេល​១០​ថ្ងៃនៃដំណើរការ​ជំរឿន នៅក្នុងខេត្តនេះ គឺសម្រេចបានជាង​៩៩ភាគរយ គឺតាមបណ្តាស្រុក​ទាំង​១១បាន​ជំរឿនរួចរាល់ ប៉ុន្តែនៅក្នុងក្រុង​សៀមរាប​ ​មន្រ្តី​ជំរឿន​មិនទាន់អាចធ្វើចប់​តាម​ផែន​ការទេ ​ដោយ​សារចំនួន ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប​មាន​ការកើនឡើងជាងមុន និងប្រជាពលរដ្ឋមួយចំនួន តូចខ្វះការយល់ដឹង មិនសហការ ហើយប្រជាពលរដ្ឋគិតថាគ្មានប្រយោជន៍ទៅវិញ។លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប​​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​មីនា ​ឆ្នាំ២០១៩នេះបានអំពាវនាវដល់ដល់ប្រជាពលរដ្ឋឱ្យមានការយោកយល់ និងនាំគ្នា ចូលរួម ជំរឿនប្រជាជនឱ្យបានគ្រប់គ្នា ដើម្បីទទួលបានទិន្នន័យពិតប្រាកដ ខណៈដែលការ ជំរឿនប្រជាជននៅខេត្តសៀមរាបរយៈពេល១០ថ្ងៃកន្លងមកនេះ មានការលំបាក ដោយសារ កំណើនប្រជាជនកើនឡើង និងការធ្វើសម្ភាសន៍ជួបការលំបាក ដោយស្នើសុំពន្យារពេល២ថ្ងៃ បន្ថែមទៀតសម្រាប់នៅក្នុងក្រុងសៀមរាប ប៉ុន្តែសម្រាប់ស្រុកទាំង១១ នៅក្នុងខេត្តនេះបាន ជំរឿនរួចតាមផែនការ។
លោកបាន​បន្តថា ការធ្វើជំរឿនប្រជាជននៅក្នុងខេត្ដនេះបានចំនួនជាង៩៩ភាគរយ ហើយសម្រាប់ប្រជាជននៅសេសសល់បន្ដិចបន្តួចនេះ គឺជាប្រជាជននៅក្នុងក្រុងសៀមរាប ដោយសារការធ្វើសម្ភាសន៍ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបនេះជួបការលំបាកច្រើន ដោយ ប្រជាជនមិនព្រមសហការ និងប្រជាជនមានកំណើនច្រើនខ្ពស់ ហើយអ្នកខ្លះបានប្រើ សម្តីអសុរោះទៅកាន់មន្ដ្រីជំរឿន និងនៅកន្លែងខ្លះទៀតប្រជាពលរដ្ឋថារវល់រកស៊ី។ លោកបានបន្ដថា ប្រជាពលរដ្ឋដែលមិនទាន់សម្ភាសន៍គ្រប់តាមផែនការ និងបានជួប ការលំបាកនេះ មានចំនួន៥សង្កាត់ រួមមានសង្កាត់ស្លក្រាម សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក និងសង្កាត់ស្វាយដង្គុំ។

ប៉ុន្តែទោះជាយ៉ាងនេះក្តីក្រុមមន្ដ្រីជំរឿនបានលើកឡើងថា មានប្រជាពលរដ្ឋប្រមាណ ៧០ ទៅ៨០ភាគរយ មានការយល់ដឹង ពីជំរឿនប្រជាជននេះ។ ពួកគាត់អំពាវនាវដល់ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចជួយផ្ដល់ជាកម្លាំង ដល់ការធ្វើជំរឿនឆ្នាំ២០១៩នេះ ដើម្បីការពារ សុវត្ថិភាពដល់ពួកគាត់។

សូមបញ្ជាក់ថា កន្លងមកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យផ្តល់ពេលវេលា និងកិច្ចសហការក្នុងការធ្វើជំរឿន ដោយសម្ដេចលើកឡើងថា ការធ្វើជំរឿនគឺជារឿង សំខាន់ក្នុងការសម្រេចចិត្តធ្វើគោលនយោបាយអភិវឌ្ឍន៍ជាតិ៕

ដោយ ឃុត សៅ