បទវិចារណកថា៖ កម្ពុជាតែងតែស្ថិតនៅក្នុងក្រសែភ្នែកដ៏វិជ្ជមាន នៃនយោបាយការរបទេសរបស់មេដឹកនាំសាធារណរដ្ឋកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៩ — ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េបានបង្កើតចំណងទាក់ទងផ្នែកការទូតនឹងគ្នានៅក្នុងឆ្នាំ១៩៩៧ មក កម្ពុជាតែងតែស្ថិតនៅក្នុងក្រសែភ្នែកដ៏វិជ្ជមាននៅក្នុងនយោបាយការបរទេសរបស់មេដឹកនាំ នៃសាធារណរដ្ឋកូរ៉េ ដោយនៅក្នុងរយៈពេល ២២ឆ្នាំ កន្លងមកនេះ មានប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ០២រូប បានមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា ដោយឡែកប្រធានាធិបតីសាធារណរដ្ឋកូរ៉េមួយរូបទៀត គឺឯកឧត្តម មូន​ ចេអ៊ីន នឹងអញ្ជើញមកដល់កម្ពុជានារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៩ នេះ។

ទំនាក់ទំនងការទូតរបស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េបានបង្កើតឡើងនៅក្នុងពេលដែលឯកឧត្តមប្រធានាធិបតី គីម យុងសាម កំពុងតែដឹកនាំប្រទេសនេះ ប៉ុន្តែ​ឯកឧត្តមមិនបានមកបំពេញទស្សនកិច្ចនៅកម្ពុជាទេ ដោយសារនៅក្នុងអំឡុងពេលនោះ អាចថា ជាចុងអណត្តិរបស់ឯកឧត្តម ពីព្រោះឯកឧត្តមបានដឹកនាំប្រទេសនេះពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨​ ហើយប្រទេសទាំងពីរ បានបង្កើតត្រឹមតែទំនាក់ទំនងការទូតផ្លូវការ ដែលជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីរវាងប្រទេសទាំងពីរ ។

ក្រោយមកនៅក្នុងអណត្តិដឹកនាំរបស់ឯកឧត្តម គីម ដេជុង ក្នុងឋានៈជាប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣ ឯកឧត្តមក៏មិនបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពជាដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មានទឡ្ហីករណ៍ជាច្រើនដែលបង្ហាញថា នយោបាយការរបទេសរបស់រដ្ឋបុរសដែលទទួលបានពានរង្វាន់ណូបែលសន្តិភាពរូបនេះ ឆ្ពោះមកកម្ពុជាក៏មានភាពវិជ្ជមាន ដោយវិនិយោគគិន និងភ្ញៀវទេសចរកូរ៉េបានចាប់ផ្តើមមកបណ្តាក់ទុន និងធ្វើដំណើរកំសាន្ត នៅព្រះរាជាណាចក្រកម្ពុជាយ៉ាងគំហុក ហើយសាធារណរដ្ឋកូរ៉េក៏បានក្លាយជាប្រភពនៃកម្លាំងចលករសេដ្ឋកិច្ចកម្ពុជាដ៏មានសក្តានុពល ចាប់តាំងពីពេលនោះ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។

បន្ទាប់ពីឯកឧត្តម គីម ដេជុង បានបញ្ចប់អណត្តិទៅ បណ្តាប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េនៅក្នុងតំណែងគ្រប់រូប គឺសុទ្ធតែបានមកបំពេញទស្សនកិច្ចនៅកម្ពុជា លើកលែងតែលោកជំទាវ ប៉ាក ជុងហេ ដែលមិនបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាផ្លូវរដ្ឋ ។

ឯកឧត្តម រ៉ូ មូយុន ដែលជាប្រធានាធិបតីកូរ៉េ នៅក្នុងតំណែង ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៨​បានមក​បំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០០៦ ។ នៅក្នុងអណត្តិ នៃការដឹកនាំរបស់ឯកឧត្តម កម្ពុជាត្រូវបានគេគិតថា ជាប្រទេសដែលដើរតួនាទីមួយដ៏សំខាន់នៅក្នុងការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ។​​ បើទោះបីជាតួនាទីរបស់កម្ពុជាមិនត្រូវបានគេដឹងពិតប្រាកដក៏ដោយ ប៉ុន្តែដោយលក្ខណៈពិសេសនៃទំនាក់ទំនងល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ពោលគឺរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសាធារណរដ្ឋកូរ៉េ និងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ មានអ្នកវិភាគនៅក្នុងស្រុក និងអន្តរជាតិជាច្រើន នៅក្នុងពេលនោះ បានផ្សារភ្ជាប់តួនាទីកម្ពុជានៅក្នុងដំណើរការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ។​

ក្រោយមក បន្ទាប់ពី ឯកឧត្តម រ៉ូ មូយុន បានបញ្ចប់អណត្តិដឹកនាំទៅ ឯកឧត្តម លី មីយុងបាក បានជាប់ឆ្នោតក្លាយជាមេដឹកនាំសាធារណរដ្ឋកូរ៉េថ្មី ពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៣ ។ នៅក្នុងអណត្តិដឹកនាំរបស់ខ្លួន ឯកឧត្តម លី មីយុងបាក បានអញ្ជើញមកកម្ពុជាចំនួន ០២ លើក គឺដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋមួយលើក កាលពីអំឡុងខែតុលា ឆ្នាំ​២០០៩ និង ការអញ្ជើញមកចូលរួមប្រជុំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ មួយលើកទៀត នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ​២០១២ ។

លោកជំទាវ ប៉ាក ជុងហេ ដែលបានបន្តតំណែងពីលោក លី មីយុងបាក ថ្វីត្បិតតែមិនបាន​មកបំពេញទស្សនកិច្ចនៅកម្ពុជាក៏ពិតមែន ប៉ុន្តែនៅក្នុងអំឡុងពេលដឹកនាំពីឆ្នាំ​២០១៣ ដល់ឆ្នាំ២០១៧​ លោកជំទាវក៏បានគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដែរ ពោលគឺនៅក្នុងអំឡុងខែតុលា ឆ្នាំ ២០១៦ ប៉ុន្តែបានខកខានទៅវិញ ហើយនៅរសៀលថ្ងៃនេះ ឯកឧត្តម មូន ចេអ៊ីន ដែលជាប្រមុខដឹកនាំសាធារណរដ្ឋកូរ៉េបច្ចុប្បន្ន នឹងមកបំពេញទស្សនកិច្ចនៅ កម្ពុជា រហូតដល់​ថ្ងៃ​ទី​​១៦ ខែមីនា ឆ្នាំ២០១៩ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម មូន ចេអ៊ីន នឹងចូល​គា​ល់​ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ច​ក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយនឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន ហើយមេដឹកនាំទាំងពីរនឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិប​ត្តិ​កា​រ​​​លើវិស័យនានាបន្ថែមទៀត ហើយក៏នឹងផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាកង្វល់ និងផលប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹង​អញ្ជើញ​ធ្វើ​ជា​សាក្សីក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មាន​រួម​គ្នា​។

ឯកឧត្តមប្រធានាធិបតី មូន ចេអ៊ីន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏រំពឹង​ថា​នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឱ្យ ​មាន​​ការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំង​ពីរ ​។ ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់ឯកឧត្ដមប្រធានាធិបតី មូន ចេអ៊ីន គឺជា​ព្រឹ​តិ្ត​ការ​ណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹង​ធ្វើ​ឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជ​ម្រៅ​​។​

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ប្រមាណជិត ១៤.០០០​នា​ក់​​ មកពីរោងចក្រសហគ្រាសចំនួន៧ កាលព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិត​នៅ​​ភូមិ​នាង​​កុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង សម្ដេចតេជោក៏បានថ្លែងកត់សំគាល់អំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម មូន ចេអ៊ីន នៅព្រះរាជាណា ចក្រកម្ពុជាផងដែរ ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ប្រទេសទាំងពីរ ហើយនឹងត្រៀមទទួលស្វាគមន៍មេដឹកនាំសាធារណរដ្ឋកូរ៉េយ៉ាងកក់ក្តៅ ដោយនៅពេលនោះ សម្តេចបានមានប្រសាសន៍ថា ប្រធានាធិបតីកូរ៉េខាងត្បូង​ នឹង​មក​បំ​ពេ​ញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយខ្ញុំក៏ត្រូវពិសាបាយមិត្តភាពជាលក្ខណៈគ្រួសារជាមួយនឹង​​ប្រធានាធិបតី និងភរិយារបស់គាត់ ហើយនៅថ្ងៃបន្ទាប់ នឹងធ្វើការចរចាជាមួយគ្នា ព្រម​ទាំ​ង​ធ្វើ​ជា​សាក្សី នៃការចុះហត្ថលេខាលើឯកសារមួយចំនួន និងចូលរួមក្នុងវេទិកាធុរកិច្ចជាមួយ​គ្នា​ផង​ដែរ​។

ទាក់ទិននឹងដំណើរទស្សនកិច្ចរបស់ឯកឧត្តម មូន ចេអ៊ីននេះដែរ ឯកឧត្តម អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ប្រទេសទាំងពីរ ។

នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងកាសែតរស្មីកម្ពុជា ឯកឧត្តម អូ ណាក់យ៉ុង បានថ្លែងថា ប្រទេសកម្ពុជាគឺជា ខ្លាថ្មីនៃអាស៊ី (New Tiger of Asia) ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧,៦% ជាបន្តបន្ទាប់គ្នា នារយៈពេល២០ឆ្នាំកន្លងមកនេះ និងកំពុងតែបន្តសម្រេចកំណើនសេដ្ឋកិច្ចដ៏គួរឲ្យកត់សម្គាល់ ដោយឈរលើមូលដ្ឋាន « យុទ្ធសាស្ត្រចតុកោណ (Rectangular Strategy​ » ។ លោកគិតថា កូរ៉េ និងកម្ពុជាជាដៃគូដ៏សមស្របសម្រាប់ថ្ងៃអនាគត ដើម្បីកសាងវិបុលភាពជារួមក្នុងការរស់នៅជាមួយគ្នា។

លោកបានបន្តថា ទំនាក់ទំនងរវាងប្រទេសកូរ៉េ និង​កម្ពុជាបាន និងកំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៩៧ ។ ទំហំនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានសម្រេច ៩៧៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំមុន ដោយមានការ​កើនឡើងជិត២០ដង ធៀបនឹងឆ្នាំ១៩៩៧ ហើយមានសហគ្រាសកូរ៉េចំនួនប្រមាណជា២០០សហគ្រាស បានបណ្តាក់ទុននៅកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការបង្កើតវិបុលភាពជារួមក្នុងការរស់នៅជាមួយគ្នា ព្រមទាំងមានការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនប្រចាំឆ្នាំបច្ចុប្បន្នជិត៤០ម៉ឺននាក់ គឺកើនឡើងជាង២០០ដង ដែលកាលពីឆ្នាំ១៩៩៧ មានតែប្រមាណជាង១.០០០នាក់ប៉ុណ្ណោះ ។

ឯកឧត្តមបានបន្តថាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកនេះ គឺជាលើកទី៣ បន្ទាប់ពីដំណើរទស្សនកិច្ចក្នុងឆ្នាំ២០០៦ និងឆ្នាំ២០០៩ ដូច្នេះឯកឧត្តមរំពឹងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េលើកនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យកាន់តែឈានឡើងខ្ពស់ជាងមុនមួយកម្រិតទៀតផងដែរ ។

ជាមួយគ្នានេះដែរ ដំណើរទស្សនកិច្ចលើកនេះ មានអត្ថន័យក្នុងការរៀបចំមូលដ្ឋានដើម្បីប្រារព្ធកិច្ចប្រជុំកំពូលពិសេសកូរ៉េ-អាស៊ាន និងកិច្ចប្រជុំកំពូលកូរ៉េ-មេគង្គ ដែលគ្រោងនឹងប្រារព្ធនៅក្នុងប្រទេសកូរ៉េ នៅឆមាសទី២ ឆ្នាំនេះ ។ កិច្ចប្រជុំកំពូលពិសេសកូរ៉េ-អាស៊ានគ្រោងនឹងរៀបចំឡើងដើម្បីរម្លឹកទំនាក់ទំនងកិច្ចសន្ទនារយៈពេល៣០ឆ្នាំ កន្លងមករវាងកូរ៉េ និងអាស៊ាន ឯកិច្ចប្រជុំកំពូលកូរ៉េ-មេគង្គ នឹងមានការលើកកម្រិតពីថ្នាក់រដ្ឋមន្ត្រីការបរទេសឱ្យទៅជាថ្នាក់កំពូល ហើយនេះគឺជាចំណុចដ៏មានអត្ថន័យយ៉ាងខ្លាំង ដោយសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកផ្តួចផ្តើមគំនិតនេះ ។

សរុបមកវិញ តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម មូន ចេអ៊ីន មកកម្ពុជាលើកនេះ នឹងបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត ។ ទោះបីជាកម្ពុជាជាប្រទេសតូច មានប្រជាជនតិច ប៉ុន្តែយើងខ្ញុំសង្ឃឹមថា កម្ពុជានឹងនៅតែស្ថិតនៅក្នុងក្រសែភ្នែកដ៏វិជ្ជមាន នៃនយោបាយការរបទេសរបស់មេដឹកនាំ នៃសារធារណរដ្ឋកូរ៉េ ។

ដោយ ខាន់ សុភីរម្យ